នៅក្នុងពិភពប្រដាល់កីឡាករជើងខ្លាំង២រូបគឺ រឿម វណ្ណៈ ដែលត្រូវគេស្គាល់ថាជើងឯករងច្រើនការប្រកួតនាពេលកន្លងមក និងកីឡាករភុន សោភ័ណ្ឌ ធ្លាប់ប៉ះប្រកួតគ្នាតែ២លើកប៉ុណ្ណោះ ចាប់តាំងពីអ្នកទាំងពីរបានក្លាយជាកីឡាករជួរមុខក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ ការប្រកួតនាពេលកន្លងមក កីឡាករភុន សោភ័ណ្ឌ គឺជាអ្នកមានប្រៀប ដោយសារតែបានឈ្នះម្ដង និងស្មើម្ដង ទើបគណកម្មការប្រដាល់សម្រេចអោយ រឿម វណ្ណៈ ឡើងសងសឹកខណៈដែលកីឡាករជាគូប្រកួតរៀងធ្លាក់ដៃជាងមុនធៀបនឹងរយៈពេលមុន ប៉ុន្តែចុងក្រោយ កីឡាកររឿម វណ្ណៈ ទប់បានស្មើទាំំងអាម៉ាស់លើសពីមុនទៅទៀត។
ផ្អែកតាមការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីល្ងាចថ្ងៃទី២៣ ធ្នូ ជំនួបប្រកួតលើកទី៣របស់កីឡាករទាំងពីរខាងលើ គឺកីឡាករ បង្គោលខៀវ រឿម វណ្ណៈ ទទួលលទ្ធផលមិនខុសពីគូនេះប៉ះគ្នាកាលពីជំនួបទី១នោះទេ បើទោះជាលទ្ធផលចុងក្រោយត្រូវគេស្មើពិន្ទុក្រោយការបញ្ចប់៥ទឹក។ ការប្រកួតរបស់ពួកគេកាលពីលើកទី១ គឺភុន សោភ័ណ្ឌ វាយឈ្នះដោយពិន្ទុ លើកទី២ទទួលបានត្រឹមស្មើតែស្មើពិន្ទុនៅក្នុងពេលនោះ គឺអ្នកណាៗក៏មើលឃើញថាការប្រកួតរបស់កីឡាករទាំងពីរពិតជាពិបាកបែងចែកពីលទ្ធផលចាញ់ឈ្នះប្រាកដមែន។
ងាកមកកាន់ការប្រកួតដែលទើបបញ្ចប់ជាលើកទី៣នេះវិញ កីឡាករ រឿម វណ្ណៈ មិនមែនឡើងមកសងសឹកនោះទេ ដោយសារតែការប្រកួតទាំងមូល គឺមើលទៅចាញ់ប្រៀបដាច់ឆ្ងាយតែម្ដងបើធៀបនឹងលទ្ធផលដែលគេធ្លាប់ទទួលបានស្មើដូចគ្នាកាលពីលើកមុន។ ស្ថិតក្នុងទឹកទី១ គេឃើញកីឡាករទាំង២មានចំណុចប្រដំប្រសងគ្នារកចំណុចឈ្នះចាញ់មិនឃើញនោះទេ គឺរហូតដល់ទឹកទី២ទើបគេឃើញឱកាសឈ្នះប្រៀបចាប់ផ្ដើមលេចឡើងទៅលើកីឡាករបង្គោលក្រហមភុន សោភ័ណ្ឌ។ យ៉ាងណាមិញ នៅទឹកទី៣ និង ទឹកទី៤ កីឡាករ រឿម វណ្ណៈ ត្រូវកីឡាករជាគូប្រកួតវាយត្រូវឡើងទក់សាច់តែម្ដង ដោយអ្នកគាំទ្រភាគច្រើនបានបង្ហាញជំនឿចិត្តថាឱកាសសងសឹករបស់គេសម្រាប់ការប្រកួតនៅប៉ុស្ដិ៍លេខ៥នេះ គឺនឹងខាតដើមខាតចុងនោះផង។ នៅក្នុងអំឡុងទឹកទី៤នោះ កីឡាកររឿម វណ្ណៈ ក៏ត្រូវគេឃើញវាយថែមទៅលើគូប្រកួតមួយដៃពេញទំហឹង បណ្ដាលអោយភុន សោភ័ណ្ឌ មានបំណងធ្វើសន្លប់ដើម្បីចាប់កំហុសទៅលើគូប្រកួត ប៉ុន្តែដោយសារតែខាងគណកម្មការមិនមានការចាប់កំហុសចំពោះ រឿម វណ្ណៈ ទើបការរាប់មួយលើករបស់ភុន សោភ័ណ្ឌ ក្លាយជាការកាត់ពិន្ទុទៅវិញ ដោយខាងគណកម្មការបានអះអាងថាសម្រេចកាត់ពិន្ទុ ដោយសារតែកីឡាកររូបនេះធ្វើស្ទីលដេកដួលរមួលផ្សំគ្រិច ដែលមិនសមជាទឹកចិត្តកីឡាករ។ ឈានដល់ទឹកទី៥ អ្នកទាំងពីរអត់មានការបើកប្រកួតគ្នាស្ទើរតែពេញមួយទឹកតែម្ដង ដោយសារតែកីឡាករម្ខាងៗសុទ្ធតែហត់រៀងខ្លួន ហើយអាចនិយាយបានថាលែងមានកម្លាំងស៊ូ។
ការប្រកួតមួយនេះ ត្រូវគេមើលឃើញថាកីឡាករបង្គោលក្រហម ភុន សោភ័ណ្ឌ នឹងឈ្នះ១០០ភាគរយ
ដោយសារតែការប្រកួត៥ទឹកគេឈ្នះ៣ទឹកពេញ ហើយជាលទ្ធផលដែលឈ្នះដោយបច្ចេកទេសយ៉ាងល្អតែម្ដង ជាពិសេសគឺកម្លាំងវាយម៉ាត់របស់គេ គឺសឹងតែមិនមានមួយស្នៀតណាមួយដែលវាយមិនត្រូវគោលដៃទៅលើផ្ទៃមុខរបស់រឿម វណ្ណៈឡើយ។ យ៉ាងណាមិញ គណកម្មការបានសម្រេចអោយអ្នកទាំងពីរស្មើគ្នា ដោយយោងលើហេតុផលថាកីឡាករភុន សោភ័ណ្ឌ មានចេតនាស៊ីឡាក់ ដើម្បីចាប់កំហុសទៅលើគូប្រកួតក្នុងពេលថែមខុសបច្ចេកទេស ទើបកីឡាករ ភុន សោភ័ណ្ឌ និងអ្នកគាំទ្រក៏ទទួលយកការសម្រេចនោះ។ យ៉ាងណាមិញ គេនៅតែមើលឃើញថាកីឡាករ រឿម វណ្ណៈ ទទួលបានលទ្ធផលស្មើលើកនេះទាំំងអស់អាម៉ាស់ ដោយសារតែលោករមែងព្យាយាមវាយថែម វាយខុសបច្ចេកទេសទៅលើគូប្រកួតនៅពេលការវាយប្រកួតមិនអាចចូលចុះ។ អ្នកកត់សម្គាល់ដដែលនោះ ថែមទាំងលើកឡើងថាសំណាងរបស់លោករឿម វណ្ណៈ កើតឡើងដោយសារតែគណកម្មការចិត្តល្អមិនចាប់កំហុស ហើយបែរជាអោយកំហុសទៅលើកីឡាករ ភុន សោភ័ណ្ឌ ដែលត្រូវចោទថាចង់ធ្វើសន្លប់ចង់ស៊ីឡាក់ទៅវិញនោះទេ ដែលសំណាងបែបនេះត្រូវបានអ្នកខ្លះអះអាងថាជាការយិតយោងកុំអោយកីឡាកររឿម វណ្ណៈ រងការអាម៉ាស់ធ្ងន់ជាងនេះ។
លោកសេង កដិកា អ្នករៀបចំការប្រកួតទទួលស្គាល់ថាកីឡាករ រឿម វណ្ណៈ ពិតជាមានកន្លែងខ្លះវាយមិនស្ដាប់លោកអាជ្ញាកណ្ដាល ប៉ុន្តែលោកថាការវាយខុសបច្ចេកទេសបន្តិចបន្តួច វាមិនដល់ថ្នាក់ធ្វើអោយកីឡាករ ភុន សោភ័ណ្ឌ ចង់សន្លប់ និងឈានដល់រាប់ដល់៨នោះទេ ទើបលោកយល់ថាទង្វើបែបនេះគឺជាកំហុសទៅវិញ ដែលលោកក៏ត្រូវតែគាំទ្រអោយកាត់ពិន្ទុ។
លោកថាការប្រកួតទាំងមូលគឺរឿម វណ្ណៈ ចាញ់ដាច់ ប៉ុន្តែដោយសារតែភុន សោភ័ណ្ឌ ព្យាយាមស៊ីឡាក់ចង់ចាប់កំហុសគូប្រកួត ទើបបណ្ដាលអោយគណកម្មការសម្រេចអោយស្មើ បើទោះជាលោកក៏ទទួលស្គាល់លទ្ធផលស្មើដែល រឿម វណ្ណៈ ទទួលបានលើកនេះ គឺរៀងមិនសូវសមបន្តិចក្ដី។ លោកប្រកាសថានឹងចាត់ចែងអោយគូទាំងពីរសងសឹកនឹងគ្នាជាថ្មី ដើម្បីអោយប្រាកដច្បាស់ថាតើការជួបប្រកួតលើកក្រោយ អ្នកណានឹងឈ្នះដោយកិត្តិយស៕