ទីបំផុតកីឡាករ សៅ វាសនា បានក្លាយជាម្ចាស់ពានជើងឯកនៅប៉ុស្ដិ៍លេខ៥ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម កាលពីថ្ងៃសៅរ៍ទី១៣ មករា ឆ្នាំ២០១៧ នៅប៉ុស្ដិ៍លេខ៥ព្រែកកំពិស។ នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលមានកីឡាកររហូតដល់៣២រូបចូលប្រកួត ដោយកីឡាករម្ចាស់ពាន ត្រូវបានកំណត់ថាមិនដែលចាញ់ទាល់តែសោះ សម្រាប់ព្រឹត្តិការណ៍មួយនេះតាំងពីដើមរហូតដល់បញ្ចប់តែម្ដង។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថា នេះជាការប្រកួតដណ្ដើមជើងឯកវ័យក្មេងដែលស្ថាប័នរបស់លោកបានរៀបចំឡើងច្រើនខែមកហើយ ដោយមានកីឡាករមកពីគ្រប់បណ្ដាក្លឹបនៅទូទាំងប្រទេសរហូតដល់៣២រូបប៉ះគ្នាលើរេញ។ រូបមន្តក្នុងការប្រកួតលោកថាគឺនៅតែរក្សាដដែលៗដូចគ្នានឹងការប្រកួតជើងឯករបស់ប៉ុស្ដិ៍លេខ៥មុនដែរ ដោយតម្រូវអោយកីឡាករក្នុងប្រភេទទម្ងន់ដូចគ្នាមកពីគ្រប់ក្លិបទូទាំងប្រទេសទាំង៣២រូប ចាប់គូប្រកួតគ្នា ហើយប្រកួតជម្រុះចាញ់ធ្លាក់ៗ ដោយការប្រកួតជម្រុះដំបូង គឺជម្រុះពី៣២នាក់យក១៦នាក់នៅវគ្គទី១ ជម្រុះយកតែ៨នាក់នៅវគ្គទី២ និងជម្រុះយក៤នាក់ចុងក្រោយដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ដល់លេខ៤។
កីឡាករដែលបានឈានឡើងសម្រាប់ព្រឹត្តិការណ៍នេះ លោកថាត្រូវតែឈ្នះជាប់រហូត ដោយផ្អែកតាមរូបមន្តអ្នកធ្លាក់ហាលអាវ និងគ្មានការប្រកួតសន្សំពិន្ទុ ឬប្រកួតត្រលប់ចុះត្រលប់ឡើងៗ។ អ៊ីចឹងហើយទើបអ្នកឈ្នះពានសម្រាប់ព្រឹត្តិការណ៍មួយនេះ គឺមិនថាអ្នកណាឬអ្នកណានោះទេ គឺដាច់ខាតត្រូវតែឈ្នះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ លោកនិយាយថា នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលអ្នកកាន់ពានអត់ស្គាល់ពាក្យថាចាញ់ ហើយគឺមានតែអ្នកចាញ់ក្នុងវគ្គជម្រើស៤នាក់ហើយប៉ុណ្ណោះ ដែលមិនតម្រូវអោយធ្លាក់ហាលអាវ។
នេះជាព្រឹត្តិការណ៍ជើងឯកដែលមានតែប៉ុស្ដិ៍លេខ៥មួយគត់ កម្រត់យករូបមន្តនេះ ហើយក៏មិនមែនជារឿងងាយស្រួលនោះដែរ ដែលអាចប្រមូលបានកីឡាករក្នុងប្រភេទទម្ងន់ដូចគ្នាដល់ទៅ៣២រូប ដែលមានសមត្ថភាព និងបទពិសោធន៍ប្រហែលគ្នា អោយឡើងរេញជាមួយគ្នាបាន។ លោកថាការរៀបចំនេះ បើហ៊ានតែចាប់ដាក់ៗដោយមិនមើលពីប្រវត្តិប្រកួត គឺមិនខុសពីឡើងអោយពួកគេសន្លប់ម្ខាងៗហើយមិនល្អមើលនោះទេ ប្រសិនបើកីឡាករដែលត្រូវប្រកួតនោះ មិនមានសមត្ថភាពប្រហែលគ្នា។
ផ្អែកតាមរូបមន្តលោកថាអ្នកជាប់ម្ចាស់ពានជើងឯក គឺជាកីឡាករតែម្នាក់គត់ ដែលឈ្នះនៅគ្រប់កាលៈទេសៈ ដោយជ័យជម្នះរបស់អ្នកឈ្នះក៏អស្ចារ្យណាស់ដែរ ដែលអាចឆ្លងផុតតាំងពី៣២នាក់ មកកាន់ពានចុងក្រោយបាន។ ប៉ុន្តែសម្រាប់ការប្រកួតនេះ ប៉ុស្ដិ៍លេខ៥កំណត់អោយវាយគ្នាតែ៣ទឹកប៉ុណ្ណោះ ដើម្បីកុំអោយកីឡាករដែលឈ្នះទ្រមខ្លួនខ្លាំងពេល នៅពេលដែលពួកគេត្រូវបន្តទៅកាន់វគ្គបន្ទាប់ ដែលត្រូវឡើងរេញជាប់រហូត។ លោកនិយាយថា«ប៉ុស្ដិ៍លេខ៥ នឹងនៅតែធ្វើរូបមន្តហ្នឹង ដើម្បីអោយខុសប្លែកពីប៉ុស្ដិ៍ផ្សេង និងដើម្បីស្វែងរកអោយបាននូវជើងខ្លាំងពិតប្រាកដអោយធ្វើជាអ្នកកាន់ពាន កុំអោយខ្វល់ពីរឿងកីឡាករណាមួយលក់លទ្ធផល»។
លោកថាការប្រកួតដែលលោកធ្លាប់ធ្វើរូបមន្តវិលជុំ បានធ្វើអោយលោកឈឺក្បាលយ៉ាងខ្លាំង ដោយសារតែក្នុងពេលប្រកួតសន្សំពិន្ទុ គឺជៀសមិនផុតពីរឿងកីឡាករនេះបន្ធូរដៃអោយអ្នកនោះ នឹងរឿងកីឡាករដែលដឹងថាខ្លួនមិនបានឡើងខំប្រឹងធ្វើចាញ់ដើម្បីអោយលក់លទ្ធផលអោយភាគីម្ខាងទៀតបានឈ្នះជាដើម។ លោកថាប៉ុស្ដិ៍លេខ៥បានធ្វើព្រឹត្តិការណ៍នេះយ៉ាងជោគជ័យ ៤–៥ដងមកហើយ ហើយជាលទ្ធផល គឺលោកឃើញថាកីឡាករដែលមានឈ្មោះប្រកួតប្រឹងអស់ស្ទើរស្លាប់ស្ទើររស់ ទម្រាំតែបានឡើងទៅកាន់វគ្គបន្ត ដោយសារតែពួកគេមិនចង់ហាលអាវ។
លោកថាអ្នកជាប់ចំណាត់ថ្នាក់៤រូបចុងក្រោយ សុទ្ធតែជាកីឡាករវ័យក្មេង ទើបលោករំពឹងថា ពួកគេនឹងក្លាយជាធនធានកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នោះផង។
លោកមានគម្រោងរំលេចស្នាដៃរបស់ម្ចាស់ពាននិងអ្នកជាប់ជ័យលាភីដែលទើបប្រកាសឡើង នៅលើសង្វៀនអោយបានច្រើន ដោយនឹងតម្រូវអោយពួកគេប្រកួតជាលក្ខណៈអន្តរជាតិនិងដណ្ដើមពានជាដើមក្នុងពេលខាងមុខ ដើម្បីអោយពួកគេល្បីឈ្មោះដូចអ្នកមុនៗ។
លោក សេង កដិកា បញ្ជាក់ថា ចំណាត់ថ្នាក់ជើងឯកលេខ១បានទៅលើកីឡាករ សៅ វណ្ណា មកពីយុវវាលស្បូវខណ្ឌច្បារអំពៅ បន្ទាប់ពីគេវាយឈ្នះកីឡាករ អ៊ុំ វណ្ណេត មកពីក្លឹបមរតកយុទ្ធគុនខ្មែរនៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតគូនេះ លោកថាមានភាពស្វិតស្វាញ ដោយសារតែភាគីទាំងពីរសុទ្ធតែមិនធ្លាប់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍នេះមុនពេលប៉ះគ្នាដូចគ្នា ហើយម្យ៉ាងមកពីម្នាក់ៗសុទ្ធតែចង់ឈ្នះផង ទើបល្អមើលពេញរយៈពេល៣ទឹក។
កីឡាករសៅ វណ្ណា ដែលទទួលបានចំណាត់ថ្នាក់លេខ១ទទួលបានទឹកប្រាក់៤ពាន់ដុល្លារ និងពានមួយ កីឡាករ អ៊ុំ វណ្ណេត ដែលទទួលបានចំណាត់ថ្នាក់លេខ២ទទួលបានពានកិត្តិយសមួយ និងទឹកប្រាក់២០០០ដុល្លារ។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ក៏មានការប្រកួតរវាងកីឡាករ២រូបដើម្បីយកចំណាត់ថ្នាក់លេខ៣ផងដែរ ដោយកីឡាករ គឹម វាសនា មកពីក្លិបកងទ័ពឆ័ត្រយោង៩១១ បានចំណាត់ថ្នាក់លេខ៣ ទទួលបានពានកិត្តិយសមួយ ទឹកប្រាក់៧៥០ដុល្លារ និងកីឡាករង៉ែត្រ រដ្ឋា មកពីក្លិប តាព្រហ្មមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់៥០០ដុល្លារ៕