គណបក្សនយោបាយទើបបង្កើតថ្មីមួយចំនួនបានលើកឡើងថា ជួបការលំបាកច្រើនក្នុងការស្នើសុំបញ្ជាក់លិខិតឈរឈ្មោះរបស់បេក្ខជនបក្សពីអាជ្ញាធរមូលដ្ឋាន។
តំណាងគណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន បានរៀបរាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅ គ.ជ.ប នាព្រឹកថ្ងៃនេះថា គណបក្សរបស់លោកជួបការលំបាកច្រើន ជាពិសេសសុំបញ្ជាក់លិខិតបេក្ខភាពឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិ ពីអាជ្ញាធរឃុំ/សង្កាត់ មានភាពស្មុគស្មាញ និងអូសបន្លាយពេលវេលាយូរ។
លោករៀបរាប់ថា«គាត់ក៏សួរនាំបែបអូសបន្លាយដូចជាគាត់រកលិខិតស្នាក់នៅ ខ្ញុំក៏ឆ្លើយទៅគាត់វិញថា មិនបានរកទេ គ្រាន់តែមានឈ្មោះនៅក្នុងបញ្ជី(បោះឆ្នោត) បញ្ជាក់ថាពិតជាមាន មេត្តាសុំបញ្ជាក់ឲ្យពួកខ្ញុំផង សុំការយោគយល់អ្នកខ្លះក៏គេយល់ព្រម និងខ្លះទៀតគេថាទាមទារលិខិតស្នាក់នៅដាច់ខាត»។
តំណាងគណបក្សខ្មែរសាធារណៈ ញ៉ែម អេន ស្នើទៅស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយឲ្យទូលំទូលាយជុំវិញការសុំលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេល ដោយថាដើម្បីកុំឲ្យរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកស្នើដូចនេះថា «សំណូមពរដើម្បីជៀសវៀងការរិះគន់ពីមជ្ឈមដ្ឋានជាតិនិងអន្តរជាតិ សុំឲ្យ គជប ថា ១៦៦ឃុំ អត់ពិបាកទេ អាជ្ញាធរខ្លះគាត់មិនទទួលស្គាល់ គាត់ប្រកាន់បក្ខពួក គាត់ប្រកាន់គណបក្សនយោបាយ…ដ៏អត់តម្លាភាព យើងធ្វើអ្វីអត់មានតុល្យភាពទេ នេះសំណូមពររបស់ខ្ញុំទៅ គជប ធ្វើម៉េចការផ្សព្វផ្សាយឲ្យដល់គ្រឹះ នេះដែលធ្វើឲ្យការលំបាក»។
អគ្គលេខាធិការ គជប បញ្ជាក់ថា គ.ជ.ប បានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធរួចហើយ ប៉ុន្តែលោកថា បើមានបញ្ហាមិនប្រក្រតីនៅកន្លែងណា គណបក្សនយោបាយនោះត្រូវធ្វើការទាក់ទងនៅមន្ត្រី គ.ជ.ប នៅតំបន់នោះឲ្យជួយដោះស្រាយ។
លោកមានប្រសាសន៍ថា«ប្រសិនបើមានបញ្ហានៅកន្លែងណា សូមមេត្តាទាក់ទងជាមួយគណៈកម្មធិការខេត្តរៀបចំការ បោះឆ្នោតនៅទីនោះបន្ទាន់ ព្រោះថាយើងបានជូនដំណឹងគណៈកម្មការខេត្តទាំងអស់ ដើម្បីជួយបង្កលក្ខណៈដល់គណបក្សនយោបាយក្នុងបំពេញឯកសារសំរាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត»។
នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី ផ្តល់ជាអនុសាសន៍ថា គ.ជ.ប ត្រូវធ្វើការសហការជាមួយក្រសួងមហាផ្ទៃផ្សព្វផ្សាយពីនីតិវិធី ឬបទបញ្ជារបស់ គ.ជ.ប ឲ្យបានទូលំទូលាយទៅអាជ្ញាធរឃុំ សង្កាត់ ដោយថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ដែលទៅរកសេវ៉ាពីជាអាជ្ញាធរមូលដ្ឋាននោះទាន់ពេល។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច
លោក ទេព នីថា បញ្ជាក់ថា បេក្ខជនដែលទទួលបានការស្នើសុំចុះក្នុងបញ្ជីបោះឆ្នោតថ្នាក់ជាតិ និងមិនទាន់សម្រេច មានបេក្ខជនពេញសិទ្ធិ និងបំរុង ប្រមាណជា៤០៣៥នាក់ ដោយក្នុងនោះមានបេក្ខនារីប្រហែល១១៥៧នាក់ ស្មើ២៨ភាគរយ ខណៈការបោះឆ្នោតឆ្នាំ២០១៣ លោកថា មានតែបេក្ខជនពេញសិទ្ធប្រហែលជាជាង៨៨០នាក់ ដោយក្នុងនោះមានស្ត្រីប្រហែល១៨ភាគរយ តែប៉ុណ្ណោះ៕