សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំលឹកជាថ្មីថា​គ្រឹះស្ថានមីក្រូហិរញ្ញមិនមែនជារបស់រដ្ឋទេ

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានណែនាំជាថ្មីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋឲ្យបានច្បាស់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់​ឯកជនសុទ្ធសាធ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨នេះ​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរំលឹកឲ្យគ្រឹះស្ថានមីក្រូហិរញ្ញរួមទាំងមន្រ្តីឥណទានទាំងអស់ប្រាប់ដល់ពលរដ្ឋថា​លុយដែលពលរដ្ឋខ្ចីជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ​។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ​ ការផ្សព្វផ្សាយពីការលុបបំណុលឬការផ្សព្វផ្សាយស្រដៀងគ្នាជាសម្មភាពប្រជាភិថុតិ ដែលជម្រុញឲ្យប្រជាពលរដ្ឋខ្ចីហួសពីតម្រូវការ​បង្កជាបញ្ហាធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារនិងសង្គម។​

សេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្ដេចព្រះ នរោត្តម រណឫទ្ធិ  ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច  បានសន្យាជាថ្មីនៅពេលព្រះអង្គចុះជួបជាមួយប្រជាពលរដ្ឋនៅខេត្តតាកែវកាលពីម្សិលមិញ ថានឹងជួយដោះស្រាយបំណុលជូនប្រជាពលរដ្ឋដែលជំពាក់ធនាគារនៅពេលគណបក្សព្រះអង្គឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាជាតិកម្ពុជា​ដែលចេញផ្សាយកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧កន្លងទៅ ស្ថាប័ននេះបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយ​ថា​នឹងមានការលុបបំបាត់បំណុលរបស់អតិថិជន។​

កាលពីឆ្នាំពី២០១៧កន្លងទៅលោកនាយរដ្ឋមន្រ្តីហ៊ុន សែន បានធ្វើយុទ្ធនាការនានាជាច្រើនព្រមទាំងបញ្ជាក់ម្ដងហើយម្ដងទៀតប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសថា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ ដើម្បីកុំឲ្យពលរដ្ឋភ័ន្តច្រលំថាពួកគេជំពាក់លុយរដ្ឋ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ