ពលរដ្ឋចោទ​មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុថា​ ឃុបឃិតគ្នាយកដីធ្លីពួកគេធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

ពលរដ្ឋ ៤១គ្រួសារនោះមានជម្លោះដីធ្លីជាមួយ​មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ពលរដ្ឋ ៤១គ្រួសារនៅសង្កាត់១ ខេត្តព្រះសីហនុ ចោទ​មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក ចាន់ កាំង ថា បានឃុបឃិតគ្នាជាមួយអាជ្ញាធរ​លួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីរបស់ពួកគេ។

ពលរដ្ឋប្រមាណ ២០នាក់នៅក្រុមទី៦ ភូមិ៣ បានប្រមូលផ្តុំគ្នាតវ៉ាមុខក្រសួងរៀបចំ​ដែនដី​នៅថ្ងៃនេះ ដើម្បីរកអន្តរាគមន៍ពីលោក​រដ្ឋមន្រ្តី ជា សុផារ៉ា ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ខណៈវិវាទនោះបានអូសបន្លាយ​ពេល ៦ឆ្នាំមក​ហើយ។

ពលរដ្ឋម្នាក់ អ្នកស្រី សុខ គឹមវណ្ណារី ប្រាប់វីអូឌីនៅ​កន្លែងតវ៉ាថា ពួកគាត់ ៤១គ្រួសារនោះមានជម្លោះដីធ្លីជាមួយ​មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក ចាន់ កាំង តាំងពីឆ្នាំ២០១២ ដោយចោទថា មន្រ្តីកំពង់ផែរូបនេះ បានយកលិខិតផ្ទេរសិទ្ធិពី​លោក ប៊ី សេង ដែលគ្មានអាស័យដ្ធានពិតប្រាកដ មកប្តឹងប្រជាពលរដ្ឋទៅតុលាការ និងប្រើប្រាស់កម្លាំង​អាជ្ញាធររួមទាំងគ្រឿងចក្រវាយកម្ទេចផ្ទះពលរដ្ឋ និងចាប់តំណាងពលរដ្ឋម្នាក់ដាក់ពន្ធធនាគារទៀតផង។

អ្នកស្រីបន្ថែមថា៖ «គេបានប្រើហិង្សា កាំភ្លើងបាញ់ផូងៗសម្លុតពលរដ្ឋ ហើយបាញ់ទឹកដាក់ពលរដ្ឋ។ អ្នកខ្លះវាយគ្នារហូតដល់រមូតខោរបូតអាវហើយគ្នាជាស្រ្តីទៀត។ ប្រជាពលរដ្ឋដែលឈរនៅមុខផ្ទះគេ ដែលមិន​ព្រមឲ្យឈូសឆាយផ្ទះគេ សមត្ថកិច្ចចូលវាយខ្នោះ ហើយគាត់មានអាវុធគ្រប់ដៃ។ អញ្ចឹងពលរដ្ឋណាហ៊ានឡូយ គាត់ចាប់វាយខ្នោះទាំងអស់»

ជិះលើរទេះរុញ ជនពិការជើងទាំងពីរដែលអះអាងថា ជាអតីតទាហាន លោក ហៀល និយាយថា ពួកគាត់បានទៅរស់នៅ និងសង់ផ្ទះលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩៣ ដោយមានអាជ្ញាធរមូលដ្ឋានចេញប័ណ្ណទទួលថែមទៀត។

ពេលដែលគេដេញចេញហ្នឹង គេយកកម្លាំង​មកធ្វើបាបប្រជាជន បាញ់ ឈូស មានកម្លាំងទាហាន ប៉ូលីស ប៉េអឹម។ កាលនោះគេថា ដីនោះជារបស់គេ ប៉ុន្តែ តាមពិតទៅ ពលរដ្ឋនៅ​មុនហ្នឹងជាង ១០ឆ្នាំ ហើយ​ដល់ពេលដីឡើងថ្លៃ វាថា ដីរបស់វា។ អញ្ចឹង ខ្ញុំសូមអំពាវនាវទៅសម្តេច លោកជំទាវ លោក ជា សុផារ៉ា ជួយដល់ពលរដ្ឋឲ្យបានរស់នៅដូចគេដូចឯងផង

លោក ហៀល អតីតជាទាហាន

វីអូឌីមិនអាចសុំឆ្លើយតបពី លោក ចាន់ កាំង ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានទេ។

ចំណែកមន្រ្តី​ក្រសួងរៀបចំដែនដី មិនបានទទួលយកញត្តិពីក្រុមអ្នកភូមិដែរ។

ទោះជាយ៉ាងណា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន សន្យាមុខពលរដ្ឋថា សម្របសម្រួលជាមួយលោក ចាន់ កាំង នៅសប្តាហ៍ក្រោយដើម្បីដោះស្រាយ ប៉ុន្តែ ដំណោះស្រាយយ៉ាងណានោះ លោកមិនអាចដឹងមុននោះទេ។

ការពិតរឿងនេះ វាហួសសមត្ថកិច្ចខ្ញុំទៅហើយ ព្រោះរឿងទំនាស់ដីធ្លីហ្នឹងបានឡើងតុលាការ ហើយតុលាការចាប់ពី​ដំបូងរហូតដល់កំពូលហ្នឹង បានកាត់ឲ្យលោក ចាន់ កាំង ឈ្នះពលរដ្ឋរហូតមក ប៉ុន្តែ យ៉ាងណា កន្លងមកហ្នឹង លោក ចាន់ កាំង ហ្នឹង គាត់បានកាត់ដីខ្លះជូនពលរដ្ឋវិញខ្លះ។ អញ្ចឹងពួកនេះគាត់ក៏ចង់បានអញ្ចឹងដែរ អញ្ចឹងហើយខ្ញុំសម្របសម្រួលជាមួយលោក ចាន់ កាំង បានមិនបាន អាហ្នឹងមិនដឹងធ្វើម៉េចទេ

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន

ក្រុមអ្នកភូមិអះអាងថា កាលពីដំបូង វិវាទដីធ្លីនេះបានប៉ះពាល់ដល់ពលរដ្ឋជាង ១០០គ្រួសារ ប៉ុន្តែថា ត្រូវលោក ចាន់ កាំង និងអាជ្ញាធរធ្វើការគំរាមកំហែងឲ្យពលរដ្ឋទទួលយកសំណងទាំងបង្ខំប្រមាណ ៧១គ្រួសារ ចំណែក ៤១គ្រួសារទៀតមិនត្រូវបានដោះស្រាយនោះទេ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered