អ្នក​ឃ្លាំ​មើល​ថា​ ការ​បោះឆ្នោត​ខាង​មុខ​អាច​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ 

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត

សង្គមស៊ីវិលយល់ថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដែលគ្មានអតីតបក្សប្រឆាំងចូលរួម នឹងមិនឆ្លុះបញ្ចាំងគោលការណ៍ប្រជាធិបតេយ្យនោះទេ ដោយសារ ពលរដ្ឋពិបាកជ្រើសរើសគណបក្សនយោបាយ ដែលពួកគេពេញចិត្ត។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងពីភាពត្រឹមត្រូវនៃការបោះឆ្នោតខាងមុខ ថាធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃម្សិលមិញ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិន ប៊ុកហុក បានព្យាយាមពន្យល់ពីសារៈសំខាន់នៃការបោះឆ្នោតអាណត្តិនេះ និងអំពាវនាវទៅពលរដ្ឋ ឲ្យចេញទៅបោះឆ្នោត ដោយលោកថា ការបោះឆ្នោតខាងមុខនេះ បានអនុវត្តតាមច្បាប់ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយថា គណបក្សនយោបាយ ត្រូវតែទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ពលរដ្ឋកម្ពុជា មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងដែលពួកគេពេញចិត្ត ឬគណបក្សនយោបាយ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ សាកសមធ្វើជាតំណាងរបស់ពួកគេ។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា នេះអាចជាការបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត ប្រសិនបើគណបក្សមួយ ដែលពួកទុកចិត្ត មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកបន្ដថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតបែបបនេះ នឹងជួបបញ្ហាជាច្រើន ដូចជា ប្រតិកម្មរិះគន់ពីសហគមន៍អន្ដរជាតិ និងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាដើម។

មិនអាចយកជម្រើសដែលគាត់អត់មាន ហើយប្រាប់ថា ជាសេរីភាពរបស់អ្នកឯង បើអត់មានរបស់គាត់ពេញចិត្តផង ហើយបង្ខំឲ្យគាត់ទៅរើសយ៉ាងម៉េច អាហ្នឹងចូលករណីបង្ខិបង្ខំគាត់ហើយ [..] ក្នុងកម្រិតបែបណាក៏ដោយ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ ទោះបីលោកសម្រេចចិត្តថា ទៅ ឬមិនទៅ វាជាសិទ្ធិសម្រេចរបស់លោក ទៅតាមអ្វីដែលលោកពេញចិត្ត អ្វីដែលលោកចង់បាន

លោក កន សាវាង្ស មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី យល់ថា គ.ជ.ប គួរពង្រឹងតួនាទីរបស់ខ្លួនឲ្យបានរ៉ឹងមាំជាងនេះ ដោយលោកថា កន្លងមក មានសារនយោបាយ និងការគំរាមកំហែងឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

លោកក៏ព្រមានផងដែរពីប្រតិកម្មរិះគន់ពីមជ្ឈដ្ឋានអន្ដរជាតិ ក្រោយពេលបោះឆ្នោត បើទោះជា គ.ជ.ប អះអាងថា បានអនុវត្តត្រឹមត្រូវតាមច្បាប់ហើយក៏ដោយ។

ខ្ញុំឃើញមានការចន្លោះប្រហោងរបស់ គ.ជ.ប ទាក់ទងទៅព័ត៌មាន ការគំរាម និងការបន្លាចផ្សេងៗ។ បើសិនគ្រាន់តែប្រាប់អ្នកស្រុកទៅបោះឆ្នោត ដូចជា បោះឆ្នោតឲ្យអ្នកនេះ បោះឆ្នោតឲ្យអ្នកនោះ អាហ្នឹងវាជារឿងត្រឹមត្រូវ។ ប៉ុន្ដែ យើងត្រូវមើលពីមួយចំហៀងទៀតផងទាក់ទងនឹងការគំរាមផ្សេងៗ ឲ្យ គ.ជ.ប មើលមកថា មិនមែនធ្វើការឲ្យគណបក្សកាន់អំណាច

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី

គណបក្សចំនួន ២០ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ប៉ុន្ដែ សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្ម និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខឡើយ ប្រសិនបើគ្មានការដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំង​បានចូលរួមការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ