ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ថា ចិនប្រកាសផ្តល់ថវិកាជាង ១៣១លានដុល្លារ​ដល់​យោធាកម្ពុជា

​លោក ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វៃ ហ្វេនហេ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន (រូបភាព៖ វេបសាយក្រសួងការពារជាតិ)

រដ្ឋ​មន្ត្រី​​ការពារជាតិកម្ពុជា លោក ទៀ បាញ់ បាន​អះអាងថា ចិនបានប្រកាសផ្ដល់ជំនួយឥតសំណងជាង ១៣១​​លានដុល្លារ​ដល់វិស័យយោធាកម្ពុជា និង​ប្ដេជ្ញា​រៀបចំ​សមយុទ្ធ​យោធា​រួម​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ។

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​រូប​នេះ បាន​ប្រកាស​បែប​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​​រដ្ឋមន្រ្តីក្រសួងការពារជាតិ​ចិន លោក វៃ ហ្វេនហេ នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងការពារចិន លោក វៃ ហ្វេនហេ មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។

លោក ទៀ បាញ់ បាន​ប្រាប់អ្នកសាព័ត៌មានក្រោយជំនួបជាមួយភាគីចិនកាលពីម្សិលមិញថា ចិនបានប្រកាសផ្តល់ជំនួយឥតសំណង ៨៤៥លានយ័ន ឬ​ស្មើ​នឹង​ជាង ១៣១​លាន​ដុល្លារ​ ដល់វិស័យយោធាកម្ពុជា និងបានសន្យាបន្ដធ្វើសមយុទ្ធ«នាគមាស»រួមគ្នានៅឆ្នាំ២០១៩ខាងមុខនេះផងដែរ។

នៅក្នុងពិធីសារនេះ យើងបានចុះហត្ថលេខារួមគ្នាអំពីបញ្ហាមួយចំនួន ក្នុងនោះយើងក៏ប្រកាសរួមគ្នាថា យើងនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការក្នុងសមយុទ្ធនាគមាសបន្តទៀតនៅឆ្នាំក្រោយនេះ ហើយយើងក៏បានត្រៀម​នូវ​ការសុំចតរបស់នាវាកងទ័ពជើងទឹករបស់ចិន ដែលមកសុំចតដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅខាងនេះទៀត

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ​ចិន លោក វៃ ហ្វេនហេ មកកម្ពុជាលើកនេះ គឺមានគម្រោងចូលជួបសម្តែងការគួរសមជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព និងបន្ទាប់មកជួប លោក ទៀ បាញ់ ដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរនៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសដដែលឲ្យដឹងទៀតថា លោក វៃ ហ្វេនហេ ក៏នឹងចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នា កម្ពុជា-ចិន នៅកោះពេជ្រថ្ងៃស្អែកនេះផងដែរ៕

ប្រជុំ​ទ្វេ​ភាគី​ជា​មួយ លោក​ ទៀ បាញ់​ ឧបនាយក​​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពាជាតិ​ និងគណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​ ដឹក​​​នាំ​​ដោយ ​ឯកឧត្តម ​នាយឧត្តម​សេនីយ៍ ​វៃ ហ្វេនហេ​ (Wei​ Fenghe​) ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ចិន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ (រូបភាព៖ វេបសាយក្រសួងការពារជាតិ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered