អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ចិនបានបដិសេធសំណើសម្រាប់ការសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក វ៉ី ហ្វេងហ៊ី (Wei Fenghe) បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបាញ់ទម្លាក់បាឡុងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ឧត្តមសេនីយឯក ផាត រ៉ាយឌឺ (Pat Ryder) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរបញ្ចកោណបានដាក់សំណើសុំសន្ទនាតាមទូរសព្ទជាមួយភាគីចិន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបាញ់ទម្លាក់បាឡុង។
លោក Ryder បាននិយាយថា៖ «ជាអកុសល ចិនបានបដិសេធសំណើរបស់យើង។ ការប្តេជ្ញារបស់យើងក្នុងការបើកបណ្តាញទំនាក់ទំនង នឹងបន្ត»។
គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលខ្លួនអះអាងថាជាបាឡុងចារកម្ម នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានហោះចូលដែនអាកាសអាមេរិក នៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេលមួយសប្តាហ៍។
ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិនបានថ្កោលទោសជាខ្លាំងចំពោះចំណាត់ការរបស់អាមេរិក ដោយថាជា «ទង្វើជ្រុលហួសហេតុ»។
ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន ប៉ន្តែវាជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុតែប៉ុណ្ណោះ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។
ទាក់ទិននឹងករណីនេះ អាមេរិកបានច្រានចោលការអះអាងរបស់ចិន ដែលថាបាឡុងនេះគឺជាបាឡុងស៊ីវិល ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានអះអាងថា បាឡុងនេះគឺជាបាឡុងចារកម្ម ដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។
សូមរម្លឹកថា បាឡុងរបស់ចិនបានហោះចូលទឹកដីអាមេរិក នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ដែលបានគ្រោងទុក។
ជាការឆ្លើយតប លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង
ប៉េកាំង ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងកាន់តែមានភាពតានតឹងមួយកម្រិតទៀត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕