អ្នកឃ្លាំមើលគាំទ្រការពង្រឹងចំណងល្អជាមួយចិន តែជំរុញកម្ពុជាឱ្យរក្សាអព្យាក្រឹតភាព

នៅវេលាម៉ោង១៣និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

ការលើកឡើងរបស់អ្នកឃ្លាំមើល ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ដោយសារកន្លងមក កម្ពុជាក៏ធ្លាប់ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដែរ។

 តែយ៉ាងណា លោកយល់ថា ការរក្សាអព្យាក្រឹតភាពរបស់ខ្លួន វាមិនអាស្រ័យទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិនទេ ផ្ទុយទៅវិញ វាអាស្រ័យទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង។

ជាមួយគ្នានេះ ដើម្បីកសាងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិចនោះ លោកថា កម្ពុជាគួរជម្រះមន្ទិលសង្ស័យពាក់ព័ន្ធនឹងការផ្ដល់ទឹកដីនៅខេត្តព្រះសីហនុ ធ្វើជាមូលដ្ឋានកងទ័ពចិនផងដែរ។

លោក ឯម សុវណ្ណរ៉ា៖ «ខ្ញុំគិតថា បើសិនកម្ពុជាកសាងទំនាក់ទំនងល្អជាមួយចិន លោកខាងកើតនេះ ក៏គួរតែរក្សាទំនាក់ទំនងឬសហប្រតិបត្តិការល្អជាមួយលោកខាងលិច ដូចជា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើម ព្រោះបណ្ដាប្រទេសទាំងអស់នេះរម្លឹកកម្ពុជាឱ្យអនុវត្តតាមគោលការណ៍ច្បាប់ទេ ឧទាហរណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ មានចែងនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសអ៊ីចឹងទេ អត់មានអ្វីខុសពីកម្ពុជាបានសន្យាទេ និងធ្វើទេ។ អ៊ីចឹងបើកម្ពុជាធ្វើបានតាមគោលការណ៍នេះ វាអត់មានប្រាសចាកអំពីអព្យាក្រឹតភាពកម្ពុជាទេ ហើយកម្ពុជាអាចរក្សានូវអត្ថប្រយោជន៍ការទូត និងអត្ថបទពាណិជ្ជកម្មជាមួយបណ្ដាលោកសេរីបានដូចគ្នា»

លោក ឯម សុវណ្ណរ៉ា បន្តថា បើកម្ពុជាមិនជម្រះមន្ទិលសង្ស័យជុំវិញការចោទប្រកាន់នេះ   សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបាត់បង់ជំនឿ និងទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជា។  ក្រៅពីទំនុកចិត្តហើយ វាក៏ប៉ះពាល់ដល់ទំហំពាណិជ្ជកម្មដែរ ដោយសារទំហំពាណិជ្ជកម្មកម្ពុជានាំទៅកាន់ប្រទេសលោកខាងលិច ធំជាងចិន។

លោក ឯម សុវណ្ណរ៉ា៖ «កម្ពុជាគួរតែកសាងជំនឿទុកចិត្ត និងលក្ខខណ្ឌដែលកម្ពុជាចុះហត្ថលេខាតាមកិច្ចព្រមព្រៀងប៉ារីស ឬសន្តិសញ្ញាឱ្យសច្ចាប័នទៅលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ ដែលកម្ពុជាជាហត្ថលេខីឱ្យសច្ចាប័ន១៩៩២ គួរធ្វើឱ្យបាន! បើសិនយើងជាធ្វើបាន ខ្ញុំគិតថា អត្ថប្រយោជន៍កម្ពុជាទទួលបាន នឹងមិនបាត់បង់ទេ និងទទួលបានដដែល។ ទី២ រឿងទំនាក់ទំនងការទូតលើឆាកអន្តរជាតិ កាលណាយើងបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មហ្នឹង ផលប្រយោជន៍ទំនាក់ទំនងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក៏វាអាចថមថយឥទ្ធិពលរដ្ឋ ឬក៏បាត់តម្លៃដែរ។ អ៊ីចឹងកម្ពុជាគួររក្សាក្នុងក្របខណ្ឌជារដ្ឋអធិបតេយ្យ ឱ្យបានទំនាក់ទំនងការទូត ហើយនិងអត្ថប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាលោកសេរី និងលោកខាងកើត ឱ្យបានដូចគ្នា»

អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា ​បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានព្យាយាមធ្វើកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត ផ្នែកសេដ្ឋកិច្ច និងយោធា ជាមួយបណ្ដាប្រទេសទាំងលោកខាងលិច ក្នុងនោះមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជាដើម។

លោកបញ្ជាក់ថា ការខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ដោយសាររដ្ឋាភិបាលកម្ពុជាចង់បង្កើតចំណងមិត្តភាពជាមួយបណ្ដាប្រទេសទាំងនោះ។

លោក វណ្ណ ប៊ុនណា៖ «ប៉ុន្តែអ្វីដែលជាផលពិបាករបស់គាត់ គឺបញ្ហាទាក់ទងនឹងនយោបាយផ្ទៃក្នុងនៅកម្ពុជា។ នយោបាយផ្ទៃក្នុង គឺវាកំណត់អំពីគោលនយោបាយការបរទេសរបស់កម្ពុជា ដោយសាររដ្ឋាភិបាលកម្ពុជាមានការបង្រ្កាបទៅដល់ពួកគណបក្សប្រឆាំង ក៏ដូចជាអ្នកនយោបាយប្រឆាំង ដែលជាហេតុធ្វើឱ្យនយោបាយការបរទេសកម្ពុជា ពិបាកក្នុងការស្វែងរកមិត្តច្រើន ដោយសារទទួលរងសម្ពាធឬទណ្ឌកម្មពីសហភាពអឺរ៉ុប ពីអាមេរិក អីទាំងអស់ហ្នឹង។ អ៊ីចឹងទេ រដ្ឋាភិបាលកម្ពុជា ចំណុចដំបូងបំផុត ត្រូវស្ដារទាក់ទងនឹងនយោបាយ ទាក់ទងនឹងទិដ្ឋភាពនយោបាយ បើកលំហប្រជាធិបតេយ្យផ្ទៃក្នុងនៅកម្ពុជាបានទូលំទូលាយ។ អ៊ីចឹងបានធ្វើឱ្យនយោបាយ ទិដ្ឋភាពនយោបាយ ក៏ដូចជាបើកលំហប្រជាធិបតេយ្យនៅផ្ទៃក្នុងនៅកម្ពុជា ឱ្យបានទូលំទូលាយ អ៊ីចឹងបានធ្វើឱ្យនយោបាយអព្យាក្រឹតកម្ពុជាអាចអនុវត្តបានងាយស្រួល»

លោក វណ្ណ ប៊ុនណា បន្តថា បើសិនជាកម្ពុជាមិនរក្សាអព្យាក្រឹតភាព និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រមទាំងបង្ហាញជំហរឱ្យបានច្បាស់ពីទំនាក់ទំនងកម្ពុជា-ចិនទេ លោកថា កម្ពុជាអាចនឹងបាត់បង់ផលប្រយោជន៍ពីបណ្ដាប្រទេសលោកសេរីមិនខាន។

មួយវិញទៀត បញ្ហានេះ វានឹងអាចទាញកម្ពុជាឱ្យដើរតាមគន្លងប្រវត្តិសាស្ត្រ ដោយសារការលម្អៀងទៅមហាអំណាចណាមួយ ដូចកាលពីសម័យ លន់ នល់ និងសម័យខ្មែរក្រហម។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា កម្ពុជាបានរក្សាអព្យាក្រឹត និងឯករាជ្យរបស់ខ្លួន ដោយមិនលម្អៀងទៅភាគីណាមួយដូចការចោទប្រកាន់របស់មតិមួយចំនួននាពេលកន្លងមកឡើយ។

លោក ផៃ ស៊ីផាន ថា៖ «អាហ្នឹងជាការបារម្ភ និងចោទប្រកាន់ ហើយយើងបានធ្វើសន្និសីទព័ត៌មាន យើងបានអញ្ជើញសេនានុព័ន្ធទៅដល់កន្លែងហ្នឹង ដើម្បីបង្ហាញអំពីអ្វីដែលកម្ពុជាយើងមិនអនុញ្ញាតឱ្យអ្នកណាមកធ្វើ បោះទីតាំងមូលដ្ឋានទ័ពនៅកម្ពុជានោះទេ ពីព្រោះមូលដ្ឋានទ័ពកម្ពុជា ទាំងការប្រើបា្រស់ដោយកម្លាំងបរទេសមកលើកម្ពុជា បណ្ដាលឱ្យកម្ពុជាក្លាយទៅជាភ្នក់ភ្លើងសង្គ្រាម វាមានការពិសោធនៃការស្លាប់វាច្រើនដងហើយ ដូច្នេះកម្ពុជារៀនច្បាស់អំពីអតីតកាលរបស់ខ្លួន។»

បើតាមក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ដំណើរទស្សនកិច្ចទៅចិននាពេលនេះ លោក ហ៊ុន សែន នឹងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន, និងជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថាជាឯកសារអ្វីខ្លះនោះទេ ខណៈទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សារព័ត៌មានថា ចិននិងកម្ពុជា ជាអ្នកជិតខាងគ្នាជាប្រពៃណី និងជាមិត្តដែកថែបផងដែរ។ ​ លោកស្រីបញ្ជាក់ថា ចិននឹងយកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចិន ជាឱកាសមួយដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា និងបន្តឆ្ពោះទៅមុខនៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា  កម្ពុជាហាក់មានទំនាកទំនងលម្អៀងទៅរកប្រទេសមហាអំណាចចិន ស្របពេលលោក ហ៊ុន សែន បានចាត់ទុកចិនជាមិត្តដែកថែប។

ទន្ទឹមគ្នានេះ អាមេរិកក៏តែងចោទប្រកាន់ថា កម្ពុជាលម្អៀងទៅរកប្រទេសចិនដែលជាគូប្រជែងភូមិសាស្រ្តនយោ​បាយរបស់​ខ្លួន​នៅក្នុ​ង​តំបន់ ជាពិសេសគឺការចោទប្រកាន់ថា​ កម្ពុជាបានអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម​ សម្រាប់បម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ដែលអាមេរិកចាត់ទុកថាអាចបង្កឱ្យមានអស្ថិរភាពនិងអសន្តិសុខនៅក្នុងតំបន់ ហើយដែលកម្ពុជាតែងបានច្រានចោលចំពោះការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ