អមដោយការប្រកាសថានឹងបោះបង់ការប្រដាល់ បូករួមទាំងអាជីពបង្វឹកសិស្សដោយលែងងាកក្រោយ អតីតកីឡាករជើងខ្លាំង បឺត ខាំ បានអះអាងថា ខ្លួនបានក្លាយជាអ្នកជំនួញដីធ្លីហើយ ដោយលោកមិនមែនជាភ្នាក់ងារនាំភ្ញៀវអោយទិញដីឡូតិ៍នោះទេ តែគឺជាម្ចាស់ភាគហ៊ុន ដែលចេញរកស៊ីជំនួញនេះ ជាចំណែកផ្ទាល់ខ្លួនតែម្ដង។
លោកបានទាំងអះអាងថា ខ្លួនអាចរកចំណូលបានខ្ពស់ បើធៀបនឹងពេលដែលលោកនៅត្រាំត្រែងនឹងការប្រដាល់ និងធ្វើជាគ្រូបង្វឹកសិស្សនោះផង។
កីឡាករ បឺត ខាំ បានអះអាងថា លោកបានសម្រេចចិត្តបោះទុនក្នុងជំនួញដីធ្លីប្រមាណច្រើនខែមកហើយ បន្ទាប់ពីលោកសាកល្បងធ្វើជាភ្នាក់ងារលក់ដីឡូតិ៍ជាមួយបងធម៌មួយរយៈ ហើយត្រូវបងធម៌ផ្ដល់ឱកាសអោយចូលជាភាគហ៊ុន ដើម្បីទទួលបានផលចំណេញច្រើន។
លោកថាខ្លួនមានភាគហ៊ុនលើគម្រោងដីធ្លីដែលលោកបង្ហោះដាក់លក់រាល់ថ្ងៃ តែលោកបដិសេធមិនប្រាប់ទំហំដើមទុនដែលបានដាក់ចូលក្រុមហ៊ុននោះទេ ដោយគ្រាន់តែអះអាងថាមានចំនួនច្រើនដែរ ដែលថវិកាទាំងនោះ គឺបានពីការសន្សំ និងពីចំណែកដែលលោកទទួលបានពីការផ្ចុងផ្ដើមដោយក្រុមបងធម៌ ដែលជាម្ចាស់ដីធ្លី។
លោកថារយៈពេល២ខែចុងក្រោយ លោកទទួលបានផលចំណេញគួរសម ទើបបណ្ដាលអោយលោកសម្រេចចិត្តបោះបង់ការបង្វឹកកូនសិស្សនូវផ្នែកប្រដាល់ ដើម្បីផ្ដាច់ខ្លួនមករកស៊ីដីធ្លីវិញម្ដង ទុកជាបង្អែក។
អតីតកីឡាករជើងខ្លាំង បឺត ខាំ
លោកប្រកាសលែងស្ដាយ និងឈប់ងាកក្រោយពាក់ព័ន្ធនឹងការប្រដាល់ទៀតហើយ បន្ទាប់ពីលោករកឃើញមុខរបរដីធ្លី ដែលលោកបានហៅជំនួញរបស់ខ្លួននេះថាធ្វើអោយលោកបានប្រាក់ចំណូលរឹងមាំ។
អតីតកីឡាករជើងខ្លាំង បឺត ខាំ
ក្រៅពីប្រកាសអោយដឹងពីមុខរបរជាអ្នកចូលហ៊ុនលក់ដីធ្លី ជាមួយក្រុមហ៊ុនមួយ អតីតកីឡាករ បឺត ខាំ ក៏ត្រូវគេឃើញឡើងច្រៀងលើឆាកតន្ត្រីកាលពីពេលថ្មីៗ លើឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ អមដោយការប្រកាសថាលោកនឹងបន្តបង្ហាញឡើងឆាកបែបនេះអោយបានញឹកញាប់។
បន្ថែមពីលើការប្រកាស លោកបានបញ្ជាក់ថាខ្លួននឹងត្រៀមផលិតបទនិពន្ធថ្មី ដើម្បីឡើងឆាកនោះផង ដែលការសម្រេចចិត្តនេះ គឺដោយសារតែលោកត្រូវប៉ាន់ក្រោយពីបោះជំហានធ្វើជំនួញដីធ្លី ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយនាពេលចុងក្រោយនោះឯង៕