បទយកការណ៍៖ ស្ត្រីជនជាតិដើមភាគតិចនៅរតនគិរីមួយចំនួនបន្តសម្រាលកូនតាមបែបបុរាណ

ស្ដ្រីជនជាតិដើមភាគតិចនៅខេត្តរតនគិរី

នៅក្នុងភូមិដែលមានផ្ទះឈើទំហំ២ខ្នងខ្លះ ៣ខ្នងខ្លះ មានប្រក់ស័ង្កសីខ្លះ ប្រក់ក្បឿងខ្លះ ហើយខ្លះទៀតមានផ្ទះថ្មក្រោមឈើខាងលើក៏មាន និងមានបន្ទប់ទឹកប្រើប្រាស់។ អ្នកនៅក្នុងភូមិនេះ មានម៉ូតូសម្រាប់ធ្វើដំណើរ មានទូរទស្សន៍មើលកំសាន្ត មានតបណ្តាញទឹកស្អាត និងអគ្គិសនីសម្រាប់ប្រើប្រាស់ ភូមិនេះនៅជិតផ្លូវជាតិដែរ។ ចំណែកក្រុមយុវជនក៏មានទូរសព្ទសេរីទំនើបអាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook  Twitter ឬ Youtube បានផងដែរ។​

បើសង្កេតមើលលើស្ថានភាពទូទៅខាងលើ អ្នកភូមិនេះមានលក្ខណៈដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែលរស់នៅក្នុងតំបន់ជនបទដែរ។ ប៉ុន្តែអ្វីដែលមិនដូចពលរដ្ឋខ្មែរនៅតាមតំបន់ផ្សេងៗទៀតនោះគឺភាសា ពួកគាត់និយាយភាសាខ្មែរមិនសូវច្បាស់  អ្នកខ្លះនិយាយភាសាខ្មែរបានតិចតួចតែប៉ុណ្ណោះ  ព្រោះពួកគាត់ជាជនជាតិដើមភាគតិចចារាយ

ទីតាំងដែលយើងខ្ញុំបានទៅដល់នេះ ស្ថិតនៅក្នុងភូមិ ជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។​ ភូមិនេះមានចម្ងាយជាង៤០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតនៃទីរួមខេត្តរតនគិរី។ នៅក្នុងភូមិនេះពេលថ្ងៃឃើញច្រើនតែកុមារតូចៗ និងស្ត្រីមេផ្ទះ ចំណែកបុរសពេញកម្លាំងភាគច្រើនទៅធ្វើចំការ ធ្វើការជាបុគ្គលិកតាមស្ថាប័ននានាឬ ទៅស៊ីឈ្នួលធ្វើជាកម្មករ។

បើទោះជាអ្នកភូមិនេះ ឈប់ប្រើប្រាស់សម្លៀកបំពាក់ ឈប់ប្រើប្រាស់ផ្ទះបែបបុរាណហើយក៏ដោយ ប៉ុន្តែរបៀបនៃការសម្រាលកូនតាមបែបបុរាណគឺការសម្រាលកូននៅផ្ទះជាមួយឆ្មបប្រចាំភូមិ មានឆ្អើរភ្លើង និង ផឹកស្រាត្រាំថ្នាំបុរាណនៅតែមានដដែល។ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ រៀបរាប់ថា គាត់មានកូនចំនួន​៤នាក់ គឺកូនគាត់ទាំងអស់សម្រាលនៅផ្ទះជាមួយឆ្មបនៅក្នុងភូមិ។

អ្នកស្រី រម៉ាម អ៊ុ៖«ពីមុនអត់មានពេទ្យទេ កូនខ្ញុំ៤នាក់កើតនៅផ្ទះទាំងអស់»

ពេលសួរថា ចុះមានការពិនិត្យផ្ទៃពោះយ៉ាងម៉េចជាមួយឆ្មបបុរាណ? អ្នកស្រី រម៉ាម អ៊ុ រៀបរាប់ថា បើកូនមិនធ្វើទុក្ខអីគឺរង់ចាំដល់ថ្ងៃសម្រាលទើបជួបឆ្មប ប៉ុន្តែបើមានការធ្វើទុក្ខខ្លះអាចទៅជួបឆ្មបបុរាណឲ្យជួយពិនិត្យ។​

អ្នកស្រី រម៉ាម អ៊ុ៖«មានអីតិចតួចឆ្មបជួយបាន​ ឈឺពោះអីឆ្មបជួយបង្វិលក្បាលកូនក្នុងពោះលែងអីហើយ»។​

អ្នកស្រី អ៊ុ កូនទី១របស់គាត់អាយុ១៣ឆ្នាំ ហើយកូនចុងក្រោយអាយុជិត១០ឆ្នាំ ចំណែកទារកតូចដែលអ្នកស្រីកំពុងតែបីនៅនិងដៃនេះគឺជាក្មួយរបស់គាត់។​

ឥឡូវយើងងាកមកសាកសួរប្អូនស្រីរបស់អ្នកស្រី រម៉ាម អ៊ុ គឺអ្នកស្រី រម៉ាម ហ្លីមអាយុជាង២០ឆ្នាំ ដែលទើបសម្រាលកូនបានជិត២០ថ្ងៃ  ហើយនេះជាកូនទី១របស់គាត់។​ អ្នកស្រីឆ្អើរភ្លើងជាង១០ថ្ងៃក្រោយសម្រាល។​

អ្នកស្រីរម៉ាម ហ្លីម៖« អាំងភ្លើងបានជាង១០ថ្ងៃ ក្រោយពេលអាំងហើយមានអារម្មណ៍ស្រួល ស្រលះខ្លួនដែរ»

របៀបនៃការឆ្អើរភ្លើងគឺពួកគាត់មានគ្រែនៅក្រោមផ្ទះ ហើយប្រើប្រាស់ធ្យូងដែលមិនសូវហ៊ុយផ្សែងដុត ដើម្បីបានជាកម្តៅ។ក្រៅពីការឆ្អើរភ្លើងក៏មានថ្នាំបុរាណត្រាំស្រាដើម្បីហូបដែរ។​

អ្នកស្រី រម៉ាម ហ្លីម៖«ស្រាគេឲ្យត្រាំថ្នាំផឹក គឺថ្នាំទាស់»

ស្រ្តីម្នាក់ទៀតឈ្មោះ ចិន ណក អាយុ១៨ឆ្នាំ ពរពោះជិតគ្រប់ខែរង់ចាំតែថ្ងៃសម្រាលនោះ ក៏មានគម្រោងសម្រាលកូននៅផ្ទះតាមបែបបុរាណដែរ។​ មូលហេតុដែល ចិន ណក សម្រេចចិត្តជ្រើសរើសយករបៀបសម្រាលកូនបែបបុរាណនេះ ដោយសារគាត់ទុកចិត្តថា ការបង្កើតកូនដំណើរការល្អ ហើយម្យ៉ាងទៀតគាត់មិនចង់ឲ្យអស់លុយពេលទៅពេទ្យ។

អ្នកស្រី ចិន ណក៖«គិតថា សម្រាលកូននៅផ្ទះ ដោយសារអត់លុយ ហើយទុកចិត្តឆ្មបក្នុងភូមិ»

ពេលនេះយើងធ្វើដំណើរបន្តទៅជួបជាមួយឆ្មបបុរាណម្នាក់ដែលរស់នៅក្នុងភូមិជ្រុងនេះដែរ គឺអ្នកស្រី រម៉ាម ប័រ។ អ្នកស្រី បានធ្វើជាឆ្មបជួយសម្រាលកូនអ្នកភូមិតាំងពីឆ្នាំ១៩៨៥ គឺមានរយៈពេលជាង៣០ឆ្នាំហើយ គាត់ចេះពីដូនតាតៗគ្នា។​

អ្នកស្រីពន្យល់ខ្លះៗពីវិធីសាស្ត្រនៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូន។

អ្នកស្រីរម៉ាម ប័រ៖« ពេលធ្វើទុក្ខល្មមៗអាចជួយបានប៉ុន្តែបើខ្លាំងឲ្យទៅពេទ្យទៅ។ ឈឺពោះក្នុងអំឡុងពេលពរពោះអាចជួយបានគឺបង្វិលក្បាលកូន។ មូលហេតុនៃការឈឺពោះ​អាចដោយសារស្ត្រីពោះធំនោះធ្វើការធ្ងន់»។​

ក្រោយពេលសម្រាលអ្នកស្រី ប័រ ក៏មានថ្នាំបុរាណខ្លះសម្រាប់ស្ត្រីជាម្តាយដែរ បើសិនជាមានអាការៈមិនសូវស្រួលនោះ។​

អ្នកស្រី រម៉ាម ប័រ៖«យើងអង្អែលៗពោះទៅ ហើយមានថ្នាំបុរាណយើងអាចឲ្យលេបខ្លះចឹង មានថ្នាំត្រាំស្រាផ្សេងៗ បើអត់អីត្រាំតែពន្លៃ»

បើទោះបីជាស្ត្រីមួយចំនួននៅតែជ្រើសរើសយកការសម្រាលកូននៅផ្ទះតាមបែបបុរាណក៏ដោយ ប៉ុន្តែអ្នកស្រី រម៉ាម ប័រ បញ្ជាក់ថា បច្ចុប្បន្ននៅក្នុងភូមិនេះអ្នកសម្រាលកូននៅផ្ទះមានតិចតួចណាស់គឺនៅសល់តែអ្នកក្រខ្សត់ខ្លាំង និងអ្នកខ្លះទៀតទៅពេទ្យមិនទាន់។​​

ប្រធានភូមិជ្រុង លោក ទីង ហ្លែម មានប្រសាសន៍ថា នៅក្នុងភូមិរបស់លោកមន្ត្រីសុខាភិបាល និងអង្គការនានាក៏បានចុះផ្សព្វផ្សាយអប់រំពីការសម្រាលកូនដោយសុវត្ថិភាព និងការថែទាំសុខភាពជាបន្តបន្ទាប់ដែរ។

លោក ទីង ហ្លែម៖« ខាងមណ្ឌលសុខភាព និងអាជ្ញាធរឃុំ គេចុះមកផ្សព្វផ្សាយបានក្បោះក្បាយដែរ។ ឲ្យអ្នកមានផ្ទៃពោះទៅមណ្ឌលសុខភាពញឹកញាប់កុំឲ្យមានបញ្ហាកើតឡើងនៅផ្ទះបើមានបញ្ហាគេអត់ទទួលខុសត្រូវទេ»។

លោកថា ស្ត្រីតិចតួចណាស់ដែលនៅជ្រើសរើសយកការសម្រាលកូននៅផ្ទះ ដោយសារតែការមិនយល់ដឹង និងខ្វះថវិកា។​

លោក ទីង ហ្លែម៖« គេមិនយល់ គេខ្លាចបង់សេវាអឹចឹង អត់មានប័ណ្ណក្រីក្រ ខ្លាចបង់លុយច្រើន បានគេសម្រាន្តនៅផ្ទះ ប៉ុន្តែភាគច្រើនគេយល់ហើយ គេទៅមណ្ឌលភាពបានទៀងទាត់ និងបានសុវត្ថិភាព»។​

របាយការណ៍របស់ប្រធានភូមិនេះឲ្យដឹងថា ក្នុងភូមិមានប្រជាជនជាង៤០០នាក់ ស្មើនឹង១១៣គ្រួសារ។ បើទោះជាស្ត្រីមួយចំនួននៅសម្រាលកូនតាមបែបបុរាណក៏ដោយ ប៉ុន្តែតាមការសាកសួររបស់ក្រុមការងារវីអូឌី គឺស្ត្រីមានផ្ទៃពោះទាំងនោះបានទៅពិនិត្យផ្ទៃពោះជាប្រចាំ ខ្លះទៅពិនិត្យតាមការណាត់របស់ពេទ្យ ខ្លះទៀតទៅមិនបានគ្រប់ដោយសារមិនមានប្រាក់សម្រាប់បង់ថ្លៃពិនិត្យម្តង៣០០០រៀល។ ស្ត្រីទាំងនោះក៏បានប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត ដើម្បីកំណត់ចំនួនកូនដែលពួកគេចង់បានដែរ។

លោក ទីង ហ្លែម ជាមេភូមិឲ្យដឹងថា ថ្មីៗនេះមានករណីស្ត្រីម្នាក់សម្រាលកូននៅផ្ទះ ហើយមានបញ្ហាជំងឺស្បួន ក្រោយមកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក៏ព្យាបាល​មិនជារហូតដល់ស្លាប់។ លោកថា ករណីនេះបានធ្វើឲ្យស្ត្រីនៅក្នុងភូមិកាន់តែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែទាំសុខភាពពេលមានផ្ទៃពោះ និងសម្រាលកូន។​​


រាយការណ៍ដោយ៖ រចំ សារឿន​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។