គ្រូបង្រៀន និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិប្តឹងទៅក្រសួងអប់រំយុវជននិងកីឡា កាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំឱ្យផ្លាស់ប្តូរនាយកសាលា លោក អ៊ុំ សុកំ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការចាត់ចែង ដឹកនាំបុគ្គលិកសិក្សា និងការចាយវាយថវិកាគ្មានតម្លាភាព។
យោងតាមលិខិតមួយច្បាប់ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ដែលពលរដ្ឋអ្នកសារព័ត៌មានទទួលបានឱ្យដឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីស្នើសុំឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលារូបនេះចេញ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចទាក់ទងសុំការឆ្លើយតបបានភ្លាមៗពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបតាមសារតេឡេក្រាមកាលពីថ្ងៃទី៥ ខែតុលា ទាក់ទងនឹងករណីវិវាទនេះថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។
លោកថា បើចាំបាច់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្តរាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
យ៉ាងណាលោកថា ជម្លោះបុគ្គលិកសិក្សានេះ អាចជះឥទ្ធិពលអវិជ្ជមានលើគុណភាពអប់រំនៅទូទាំងប្រទេសកម្ពុជា ជាពិសេសការដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំជា «នាយកល្អ» និងជា «គ្រូល្អ» ដែលជាកិច្ចការមួយក្នុងចំណោមកិច្ចការផ្សេងទៀត របស់ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមលិខិតរបស់គ្រូបង្រៀនដែលដាក់ទៅក្រសួងអប់រំ យុវជន និងកីឡា ដដែល បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនចំណុចរបស់នាយកសាលា អ៊ុំ សុកំ រួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការសាលារៀន(SOB) និងថវិកាគម្រោង (SIEP ឬ GIEP)ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍការបង្រៀន និងរៀន។ ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារនៅក្នុងសាលារៀន ការឃុបឃិតលាក់បុគ្គលិកអសកម្ម ដែលមិនបានមកបំពេញការងារដោយប្រើពាក្យសម្ដីថា ខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ ការអនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្មជាថ្នូរការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ ការតម្រូវឱ្យគ្រូបង្រៀនបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០០០០ រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ និងការទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺតជាដើម។
ក្រៅពីនេះ ពាក្យបណ្តឹងក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាប័ត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មការមេប្រយោគពេលចេញបេសកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាប់សង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្ស។
លិខិតនោះបន្តថា៖«យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កឹះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្ខពួក នៅតែផ្ទះ មកធ្វើការមិនដែលទៀងទាត់ឡើយ»។
ពួកគេទទូចឱ្យរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ជួយត្រួតពិនិត្យ និងធ្វើការសម្រេចករណីខាងលើនេះ ដោយសារ លោកគ្រូអ្នកគ្រូនៅក្នុងគ្រឹះស្ថានអប់រំមួយនេះ មិនអាចធ្វើការងារក្រោមការគាបសង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ។
គ្រូបង្រៀនម្នាក់បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ករណីនេះមានភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះពួកលោក។ លោកបន្តថាកន្លងមកនាយកសាលារូបនេះតែងតែកោះហៅគ្រូបង្រៀនណាដែលមិនព្រមបង់លុយយាម និងបង្ខំសិស្សសាលាមួយចំនួនឱ្យផ្ដិតមេដៃ ដើម្បីប្ដឹងគ្រូបង្រៀនវិញទៀតផង។
លោកថា គ្រូដែលបង្រៀននៅក្នុងសាលានេះ បានរងនូវការគំរាមកំហែងពីនាយកសាលា និងបានប្រើពាក្យអសុរសជាច្រើនទៀតមកលើលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថែមទៀតផង។
លោកថា កន្លងមកនាយកសាលាតែងតែដើរគំរាមសិស្សណាដែលមិនព្រមឱ្យលុយគាត់បើទោះបីជាខាងក្រសួងអប់រំមិនតម្រូវឱ្យយកក៏ដោយ។
លោកបន្ដថា៖«នាយកចឹងៗគ្មានសមជាមេដឹកនាំស្អីទេ ព្រោះអ្នកសកម្មបែរជាខុស អ្នកអសកម្មបែរជាត្រូវ និយាយរួមវាគ្មានតម្លាភាពហ្មង ដូច្នេះក្រសួងគួរគិតគូរដោះស្រាយឱ្យពួកខ្ញុំផង»។
មិនខុសគ្នានោះទេ គ្រូបង្រៀនម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានចាត់ទុកថា វាជាអំពើពុករលួយ បក្ខពួកនិយម ដែលមិនគួរកើតមានឡើយនៅក្នុងគ្រឹះស្ថានអប់រំរបស់រដ្ឋ។ លោកបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ចុះមកស៊ើបអង្កេត ឬធ្វើអធិការកិច្ចនៅក្នុងគ្រឹះស្ថានអប់រំមួយនេះជាបន្ទាន់ដើម្បីដឹងការពិត។
លោកថ្លែងយ៉ាងខ្លីថា៖«សុំក្រសួងមេត្ដាជួយដោះស្រាយបញ្ហាហ្នឹងផង ពួកខ្ញុំមិនពេញចិត្តនាយកសាលាចឹងទេ»។
កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២២កន្លងទៅ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កោះហៅដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួនដែលលោកបានប្រព្រឹត្ដទៅតាមបណ្ដឹងរបស់គ្រូបង្រៀន និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខដែរ។ ប៉ុន្ដែអង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់សម្រេចជាផ្លូវការយ៉ាងណានៅឡើយ ទើបគ្រូបង្រៀនសម្រេចប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់លោគ្រូអ្នកគ្រូបន្ថែមទៀត។
ជុំវិញរឿងនេះ នាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បាន បដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើរូបលោក។ លោក បានឆ្លើយ យ៉ាងខ្លីថារឿងរបស់លោកកំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ ដែលក្នុងសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបិទផ្សព្វផ្សាយនៅក្នុងសាលារៀនរួចហើយដែរ។
លោក អ៊ុំ សុកំ បន្ដថា៖«ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរ»។
គ្រូបង្រៀននៃវិទ្យាល័យទួលប្រាសាទសែនសុខឱ្យដឹងថា ពួកគាត់ក៏ធ្លាប់បានស្នើសុំឱ្យមានការបើកកិច្ចប្រជុំមួយ ដើម្បីសុំការបកស្រាយពីលោកនាយក អ៊ុំ សុកំ ទាក់ទងបញ្ហាមិនប្រក្រតីខាងលើនេះដែរ ក៏ប៉ុន្តែត្រូវបានលោក អ៊ុំ សុកំ បដិសេធ៕
សរសេរដោយ ឃាង សុខមាន