ក្រុមយុវជនរិះគន់ថា ការបាត់បង់ព្រៃឈើ និងព្រៃសហគមន៍ក្បាលខ្លាស្ថិតក្នុងខេត្តកំពង់ធំ គឺបណ្ដាលមកពីកម្សោយនៃការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរដែលបើកដៃឱ្យមានសកម្មភាពកាប់បំផ្លាញ និងហាមឃាត់ប្រជាសហគមន៍ឱ្យចូលរួមការពារទៅវិញ។
ក្រុមយុវជនដែលជានិស្សិតសកលវិទ្យាល័យមកពីតាមបណ្ដាខេត្តនានាបានចុះទស្សនកិច្ចនៅព្រៃសហគមន៍ «ក្បាលខ្លា» ស្ថិតនៅ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលរៀបចំឡើងដោយអង្កការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) កាលពីចុងខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមយុវជនបានរកឃើញថា កន្សោយនៃការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសពីសំណាក់អាជ្ញាធរគឺជាដើមចមមួយបង្កឱ្យមានវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
យុវតីម្នាក់សិក្សានៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ កញ្ញា អុល ស្រីធាន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើទាន់ពេលវេលាទេ នោះអនាគតព្រៃក្បាលខ្លានឹងរងនូវវិនាសកម្ម និងហិនហោចដោយសារការកាប់ទន្ទ្រានព្រៃយកធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់ពលរដ្ឋមួយចំនួនតូច និងឈ្មួញទុច្ចរិត។
កញ្ញាបន្ថែមថា៖ «ខ្ញុំសង្កេតឃើញថា មានការកាប់ទន្ទ្រានព្រៃឈើមានការកាប់ឈើផងដែរ។ ខ្ញុំសោកស្ដាយមែនទែននៅពេលដែលបងប្អូនប្រជាពលរដ្ឋគាត់មិនបានយល់ដឹងអំពីសារៈប្រយោជន៍នៃព្រៃឈើថា ព្រៃឈើវាបានផ្ដល់សារៈប្រយោជន៍អ្វីខ្លះ។ មិនត្រឹមតែបានផ្តល់សារ:ប្រយោជន៍ទៅដល់មនុស្ស ប៉ុន្តែវាជាជំរកសត្វព្រៃ នៅពេលដែលនាងខ្ញុំបានមើលឃើញអំពីការទន្រ្ទាន់ក៏ដូចជាការកាប់បំផ្លាញព្រៃឈើ»។
ព្រះអង្គមួយអង្គព្រះនាម ជា វិទ្ធី មកពីខេត្តបាត់ដំបង កត់សម្គាល់ថា ប្រជាសហគមន៍ «ក្បាលខ្លា» បានខិតខំប្រឹងប្រែងក្នុងការថែរក្សាព្រៃឈើឱ្យនៅគង់វង្ស ប៉ុន្ដែអាជ្ញាធរបែជាចុះមកហាមឃាត់ ឬគំរាមកំហែងប្រជាសហគមន៍មិនឱ្យការពារព្រៃឈើទៅវិញ។
ព្រះអង្គក៏ចង់ឃើញសហគមន៍និងអជ្ញាធរសហការគ្នាឈរលើឆន្ទ:តែមួយដើម្បីការពារផលប្រយោជន៍រួមតែបើអាជ្ញាធរមិនប្រឹងការពារទេហើយប្រឹងការពារតែសហគមន៍ព្រៃក្បាលខ្លានេះនឹងបាត់ទៅបន្តិចម្ដងៗជាពិសេសនៅពេលសហគមន៍អស់ជំនឿនៅក្នុងការពារវានិងរលាយអស់មិនខាន។
ព្រះអង្គបន្ថែមថា៖ «បើជាអាជ្ញាធរគាត់នៅតែបណ្ដែតបណ្ដោយបែបនេះទៀតគាត់អត់ខំការពារថែរក្សាទេហីអ្នក ការពារថែរក្សាតែអ្នកសហគមន៍ព្រៃនេះ។ តំបន់ព្រៃក្បាលខ្លានេះទៅអនាគត់គង់តែអស់ទេ»។
ប្រធានសហគមន៍ព្រៃក្បាលខ្លា លោក វ៉ង់ សាន អះអាងថា បទល្មើសកាប់ទន្ទ្រានព្រៃឈើនៅព្រៃសហគមន៍ក្បាលខ្លានៅតែមានគឺដោយសារការអនុវត្តច្បាប់របស់អជ្ញារធរមានភាពធូររលុងពេកហើយមានការយឺតយ៉ាវផង ករណីខ្លះសហគមន៍ដាក់ពាក្យបណ្តឹងទៅរដ្ឋបាលព្រៃឈើមិនមានការដោះស្រាយទាន់ពេលវេលាធ្វើឱ្យអ្នកប្រព្រឹតមិនខ្លាចក្នុងការប្រព្រឹតបទល្មើស។
លោកបន្ថែមថា៖ «ទីមួយដែលខ្ញុំឃើញថា បទល្មើសដែលវាអត់ថយចុះឃើញថាអ្នកកាប់មុនវាដូចអត់មានទោសទ័ណ្ឌអ្នកឃើញក្រោយទៀតវាចេះតែកាប់បន្តទៀតហើយពួកខ្ញុំបានម៉ាត្រឹមតែ រាយការណ៍បានតែអីទេ។ រឿងចាប់ចង់អីនៅលើសមត្ថកិច្ចឬនៅអជ្ញាធរខាងរដ្ឋបាលព្រៃឈើដែលគាត់អ្នកគ្រប់គ្រង់»។
មេឃុំសណ្ដាន់ ស្រុកសណ្ដាន់ លោក បាន ហេង ឆ្លើយបដិសេធថា នៅព្រៃសហគមន៍ក្បាលខ្លាមិនមានការកាប់ព្រៃឈើ ឬកាប់ឆ្កាព្រៃយកដីធ្វើកម្មសិទ្ធិទេ។
លោកបន្តថា៖ «ព្រៃសហគមន៍ក្បាលខ្លាអត់នណាចូលកាប់បានទេសហគមន៍ក្បាលខ្លាមិនងាយនណាចូលកាប់បានទេគេការពារត្រឹមត្រូវបោះគេណាស់។ល្បាតអីត្រឹមត្រូវបោះគេណាស់ព្រៃក្បាលខ្លាមិនងាយទេមានពលរដ្ឋណាទន្រ្ទានអីតិចទួចគាត់ឱ្យឈ្មោះមកខាងរដ្ឋបាលព្រៃឈើហើយគាត់ការពារបានលំអិតដែរមិនងាយទេ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទងសុំការឆ្លើយបំភ្លឺពីប្រធានសង្កាត់រដ្ឋបាលព្រៃឈើ លោក តាន់ សុផាន់នី ប៉ុន្ដែ លោកបានចុចបិទទូរសព្ទតែម្ដង ក្រោយប្រាប់ថា ជាពលរដ្ឋអ្នកសារព័ត៌មាន។ ចំណែកលោក សៅ វណ្ណី នាយកផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ មិនបានលើកទូរសព្ទនោះទេ។
ព្រៃសហគមន៍ក្បាលខ្លាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្មនៅឆ្នាំ២០១៥ ហើយមានផ្ទៃដីសរុបចំនួន១៨០០ ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ផ្ទៃដីដែលនៅសល់តែ ១២០០ហិកតាប៉ុណ្ណោះ។
ទាកទងនឹងការកាប់បំផ្លាញធនធានជាតិនៅប្រទេសកម្ពុជានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានផ្ដាច់ជំនួយពីរដ្ឋាភិបាលកម្ពុជាលើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់សំឡេងនិងសកម្មភាពសកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ៕
———————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា