ការប្រកួតជ្រើសរើសជើងឯកក្នុងវគ្គជម្រុះ៣២នាក់យក១៦នាក់ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement កាលពីថ្ងៃទី១ ខែធ្នូ កីឡាករបង្គោលក្រហម គុជសា ចាន់រាជ មកពីក្លិបកុសលកីឡា បានទទួលជ័យជម្នះលើគូប្រកួតដូចការគ្រោងទុក បើទោះជាកីឡាករបង្គោលខៀវ រឿន សុខលី មកពីក្លិបការិយាល័យកងទ័ពជើងគោក បញ្ចេញថ្វីដៃបានល្អ។

យ៉ាងណាមិញ នៅពីក្រោយការបប្រកួតកីឡាករបង្គោលក្រហមមិនត្រូវបានគេកំណត់អោយឡើងប្រកួតក្នុងវគ្គ១៦នាក់នោះទេ ដោយត្រូវគេអោយធ្លាក់ហាលអាវដោយលក្ខណ្ឌមួយ។
លោក សេង កដិកា អ្នករៀបចំការប្រកួតបានថ្លែងបញ្ជាក់ថា បើផ្អែកលើលទ្ធផលកីឡាករបង្គោលក្រហម គុជសារ ចាន់រាជ ពិតជាបានជ័យជម្នះ និងត្រូវដណ្ដើមបានកៅអី១៦នាក់សម្រាប់ការប្រកួតជ្រើសរើសជើងឯកនោះមែន ប៉ុន្តែគណកម្មការជាអ្នករៀបចំមិនអនុញ្ញាតិអោយកីឡាករបង្គោលក្រហមដែលឈ្នះរូបនេះ បានឡើងប្រកួតបន្តនោះទេ ដោយសារតែគេបណ្ដោយអោយលើសគីឡូផ្ទុយពីលក្ខន្តិកៈរហូតដល់ទៅជិត២គីឡូ។
លោកថាសម្រាប់ការប្រកួតជ្រើសរើសឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែលប៉ុស្ដិ៍លេខ៥បានធ្វើនេះ មិនអនុញ្ញាតិអោយកីឡាករណាម្នាក់លើសគីឡូគ្នាដល់ទៅជាងមួយគីឡូបានទេ ដោយសារតែគណកម្មការយល់ថាការប្រកួតដែលលើសគីឡូគ្នាបែបនេះ អាចធ្វើអោយគូប្រកួតម្ខាងទៀតចាញ់ប្រៀប ឬអាចអោយកីឡាករដែលលើសគីឡូខ្លួនចាញ់ប្រៀបព្រោះតែក្លាយតែស្ពឹកស្រពន់សាច់ដុំ។
លោកថា បើលើសត្រឹមតែប្រាំឬប្រាំមួយខាំ នោះគណកម្មការអាចយោគយល់បាន ប៉ុន្តែបើលើសដល់ទៅ២គីឡូ នោះអ្នកល្មើសនឹងត្រូវកំណត់អោយចាញ់ការប្រកួតដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញ លោកថា សម្រាប់ការប្រកួតដើម្បីបំពេញកិច្ចសម្រាប់ម៉ោងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺត្រូវតែដំណើរការប្រកួតឈ្នះចាញ់ធម្មតា ដើម្បីកំណត់យកអ្នកឈ្នះអោយទទួលបានតម្លៃខ្លួនខ្ពស់ជាង។
លោកនិយាយថា មុនប្រកួត កីឡាករបង្គោលក្រហម គុជសា ចាន់រាជ ត្រូវបានកំណត់អោយចុះហត្ថលេខារួចហើយថា ទោះជាឈ្នះក៏ត្រូវតែអោយធ្លាក់ដោយស្វ័យប្រវត្តិ ដោយសារតែគេបណ្ដោយអោយលើសទម្ងន់ដល់ទៅជិត២គីឡូ ដែលផ្ទុយពីការកំណត់របស់គណកម្មការសម្រាប់ការប្រកួតជ្រើសរើសជើងមួយនេះ។
លោកនិយាយថា សម្រាប់ការប្រកួត គឺប៉ុស្ដិ៍លេខ៥នៅតែដំណើរការអោយមានការប្រកួតឈ្នះចាញ់នឹងគ្នាជាធម្មតា ប៉ុន្តែនៅពីក្រោយការប្រកួតចប់ គឺទោះជាមានលទ្ធផលបែបណា ក៏កីឡាករម្ខាងទៀត ដែលគេរក្សាទម្ងន់បានល្អ នៅតែបានឡើងទៅកាន់វគ្គបន្ត។
លោកបន្តថា មុនពេលឡើងប្រកួត គណកម្មការកំណត់សាមីខ្លួនទទួលស្គាល់រួចហើយ ប៉ុន្តែបើគេមកប្រកួតមិនល្អ ឬមិនប្រកួតតែម្ដង ក៏នឹងមានបញ្ហាប្រឈមសម្រាប់ការធ្វើអោយខូចក្នុងម៉ោងបន្តផ្ទាល់នោះផងដែរ។
កីឡាករ គុជសា ចាន់រាជ ថាខ្លួនមិនគួរបណ្ដោយអោយលើសគីឡូមុនថ្ងៃប្រកួតជ្រើសរើសកៅអី១៦នាក់នោះទេ ដោយលោកយល់ថា គឺជាការបាត់ឱកាសធំមួយ ក្នុងពេលដែលលោកត្រូវបានកំណត់អោយចូលប្រកួតក្នុងព្រឹត្តិការណ៍នេះយ៉ាងលំបាក។ យ៉ាងណាមិញ លោកថាខ្លួនក៏នៅតែបានរក្សាទឹកដៃរបស់ខ្លួន ដោយបានបញ្ចេញថ្វីដៃហើយវាយបំបាក់គូប្រកួតអោយចាញ់ដោយពិន្ទុ ធ្វើអោយលោកអស់ចិត្តផងដែរ៕