ក្រៅពី​សងសឹកបានសម្រេច កីឡាករ មាជ សុខរ៉ា ដណ្ដើមបានទាំង​ខ្សែក្រវាត់អន្តរជាតិ

កីឡាករ មាជ សុខរ៉ា ទទួលរង្វាន់ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់( រូប ដោយ វង្ស សុមាលីន)

នៅក្នុងវិស័យប្រដាល់ អ្នកតាម​ដាន​ការប្រកួត​​​​ជ្រើសរើស​ជើងឯក​​​ Wurkz រដូវកាលទី​​១ សុទ្ធតែបានដឹងថា​កីឡាករកម្ពុជា មាជ សុខរ៉ា ធ្លាប់សន្លប់ក្រោមដៃកីឡាករថៃ Pep Sy ម្ដងហើយ ក្នុងពេលដែលអ្នកទាំងពីរ​​ប៉ះគ្នាក្នុងវគ្គ​​សន្សំពិន្ទុ។

អញ្ចឹងហើយទើប​​​​​​​កីឡាករទាំងពីរនេះ​បានក្លាយជា​​ជើង​ខ្លាំង​ប្រចាំ​ពូល​​​​​​​កម្ពុជា​ និងថៃ ម្ខាងម្នាក់ ហើយបាន​​​ឡើងមកប្រកួត​ដណ្ដើម​យកខ្សែក្រវាត់អន្តរជាតិវគ្គចុងក្រោយ កាលពីថ្ងៃទី​​​២ ធ្នូ ​​មានមនុស្សតិច​ណាស់ជឿថា​កីឡាករកម្ពុជា អាច​​បំបាក់ជើង​ខ្លាំងថៃ​ហើយ​​​​​ដណ្ដើមយកបានខ្សែក្រវាត់​អន្តរជាតិ និងប្រាក់លាន។

ការប្រកួតដែលបានធ្វើឡើង​យ៉ាង​កក្រើកនៅ​លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ ​ស្ទើរ​​​​​​​​​នឹងធ្វើអោយអ្នកទស្សនា​មិនហ៊ាន​ដកដង្ហើម​ឬ​ងាកមុខចេញនោះទេ ដោយសារតែ​រយៈពេល​៥ទឹកដែលអ្នកទាំងពីរ​​ប្រកួតគ្នា គឺមិនមានវិនាទីណាមួយ​ដែល​ទុកប្រឡោះអោយគ្នា​​​​​​​ដកដង្ហើម​។ ​

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍មួយនេះ មានរូប​​មន្តដូចគ្នានឹងការប្រកួត​ជ្រើសរើស​ជើងឯកអន្តរជាតិដែលធ្លាប់បានធ្វើ​កន្លងមកដែរ ដោយ​​ក្នុងពេលប្រកួតគ្នា គឺមានកីឡាករកម្ពុជា៤រូប និងកីឡាករបរទេស៤រូប ហើយតម្រូវអោយពួកគេ ​​ប្រកួត​គ្នា​​​​ខ្វែងពូល​សុទ្ធសាធ ដើម្បីស្វែងរកអ្នកមានពិន្ទុខ្ពស់នាំមុខគេ​ប្រចាំ​​ពូល​កម្ពុជា និងប្រចាំ​ពូលថៃ អោយ​ឡើងមកប្រកួតគ្នានៅវគ្គចុងក្រោយ​។

លោកថាក្រោយការប្រកួតសន្សំពិន្ទុ​ដែលធ្លាប់បានឃើញ  កីឡាករ មាជ សុខរ៉ា ​​​​​ត្បិតថា​បាន​ឈរលេខ​​១ក្នុងពូលកម្ពុជា ប៉ុន្តែនៅពេល​ប៉ះជាមួយ​កីឡាករថៃ Pep Sy គឺគេបាន​តែ២ទឹក​ប៉ុណ្ណោះ ក៏ត្រូវគូប្រកួតវាយអោយសន្លប់​ឈានទៅបោះបង់ការប្រកួតក្នុងទឹកទី​​២។ ​ យ៉ាងណាមិញ​​លោកបានសម្ដែងការ​ភ្ញាក់ផ្អើល ដែលកីឡាករ​កម្ពុជា មិនត្រឹមតែ​សាងប្រវត្តិសាស្រ្ត​​វាយឈ្នះ​កីឡាករថៃ​ដើម្បី​សង​​សឹក​ស្ដារមុខមាត់ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ដណ្ដើមបាន​​​​​​​ខ្សែក្រវាត់អន្តរជាតិ និងប្រាក់លាន​​​​​ ធ្វើអោយថៃដែលរំពឹង​​ឈ្នះ​​​​ក្នុងភាគរយច្រើន ខកចិត្ត​​​និយាយ​មិនចេញ។

លោកថា កីឡាករ មាជ សុខរ៉ា ក្រោយ​​បានក្លាយជា​ជើង​ឯក​​ក្នុងប្រភេទទម្ងន់​៦៧គីឡូក្រាម ​​គេទទួលបានខ្សែក្រវាត់អន្តរជាតិមួយ ពានកិត្តិយសមួយ និងទឹកប្រាក់២០លានរៀលស្មើនឹង៥ពាន់ដុល្លារ ដោយមិនទាន់​រាប់ញ្ចប់​​ប្រាក់រង្វាន់ ប្រាក់តម្លៃខ្លួន និង​ទឹកប្រាក់​ឧបត្ថម្ភពីអ្នក​ទស្សនា​​​ដោយផ្ទាល់នា​ថ្ងៃនោះឡើយ។ ដោយឡែកសម្រាប់កីឡាករថៃ​ ដែល​បានត្រឹម​ចំណាត់ថ្នាក់ជើង​ឯករង បានទទួល​ពានកិត្តិយសមួយ និងទឹកប្រាក់គិត​ដុល្លារ​​ប្រមាណ​៣ពាន់ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ