កូនសិស្សប្រដាល់គុនខ្មែររបស់លោក អេ ភូថង ត្រូវបានរថយន្តឡិចស៊ីសបុករបួសធ្ងន់ធ្ងរ ហើយបើករត់គេចដោយពុំទទួលខុសត្រួវ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ។
កីឡាករ អេ រដ្ឋា ដែលត្រូវគេស្គាល់ថាជាកូនសិស្សជើងខ្លាំងរបស់លោក អេ ភូថង ត្រូវរថយន្តឡិចស៊ីសកិនចំពាក់កណ្ដាលខ្លួនឲ្យរបួសធ្ងន់ ហើយបើករត់បាត់ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងខណ្ឌច្បារអំពៅ។ មកទល់ពេលនេះ លោកត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយខាងវេជ្ជបណ្ឌិត្យបញ្ជាក់ថា ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ និងកំពុងសង្រោះបន្ទាន់។
លោក អេ ភូថង និយាយថា លោកពិតជារន្ធត់ចិត្តខ្លាំងណាស់ បន្ទាប់ពីបានដឹងថា កូនសិស្សរបស់លោក គឺ អេ រដ្ឋា ត្រូវរថយន្តឡិចស៊ីស៥៧០ ពណ៌សពាក់ស្លាកលេខ 2 AU 5876 បុកហើយកិនចំពាក់កណ្ដាលខ្លួនត្រង់ក្រលៀន នៅម្ដុំច្បារអំពៅខាងមុខបុរីឡិចសារី បណ្ដាលឲ្យបែកប្លោកនោម បែកពោះវៀន និងដាច់សរសៃឈាមត្រង់ក្រលៀន ដោយខូចទាំងក្រលៀនផង។ លោកកបញ្ជាក់ថាសភាពរបស់កូនសិស្សលោកកំពុងធ្ងន់ធ្ងរយ៉ាងខ្លាំង។
លោក អេ ភូថង បាននិយាយថា រថយន្តដែលបានបង្កហេតុមិនបានឈប់ដើម្បីដោះស្រាយចំពោះករណីដែលបានលកើតឡើងនោះទេ ប៉ុន្តែបានបើករត់ ដោយលោកទទូចឲ្យមន្ត្រីមានសមត្ថកិច្ចជួយនាំម្ទាស់រថយន្តដែលមានម៉ាក និងស្លាកលេខដែលគេឃើញគ្រប់គ្នានោះមកផ្ដន្ទាទោស និងជួយព្យាបាលកូនសិស្សបស់លោកឲ្យបានឆាប់ជាសះស្បើយ ក្នុងពេលអត់លុយអត់កាក់ផង។ លោកថា ខ្លួនជាគ្រូមានតែបាយឲ្យសិស្សហូបដើម្បីឡើងប្រដាល់យកលុយដោះស្រាយតម្រូវការរបស់សិស្សប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថវិកាសម្រាប់ព្យាបាលគឺមិនមាននោះទេ ទើបលោកទទូចឲ្យមន្ត្រីពាក់ព័ន្ធត្រូវតែនាំខ្លួនម្ចាស់រថយន្ត ដើម្បីបានទទួលសំណងខ្លះគ្រាន់ដោះស្រាយក្នុងពេលសង្គ្រោះបន្ទាន់។
លោក អេ ភូថង បានបន្តថា អេ រដ្ឋា អត់មានឪពុកម្ដាយទេ ហើយជីវភាពទៀតសោតក៏ក្រហៅមិនឮនោះដែរ ទើបលោកសណ្ដោសប្រោសប្រណីយកមកចិញ្ចឹមឲ្យបាយឲ្យទឹក និងបង្ហាត់ជំនាញប្រដាល់ គ្រាន់ឡើងសង្វៀនចិញ្ចឹមខ្លួន។ លោកកាន់តែស្ដាយទៅទៀត ដែលកូនសិស្សបានក្លាយជាកីឡាករដែលមានឈ្មោះបោះសំឡេងជាបណ្ដើរទៅហើយ ស្រាប់តែមានរឿងបែបនេះកើតឡើង ដែលលោកមិនទាន់ច្បាស់តើមានសង្ឃឹមត្រលប់មកកាន់សង្វៀនប្រដាល់វិញ ឬមិនអាចទៅរួច ក្នុងពេលដែលការបណ្ដុះកីឡាករមួយៗលោកថាគឺជារឿងពិបាក។

លោក អេ ភូថង បញ្ជាក់ថា លោកបានប្ដឹងមន្ត្រីមានសមត្ថកិច្ចពីភិនភាគរថយន្តបង្កនោះហើយ ប៉ុន្តែ លោកនៅតែទទូចអោយមានការអន្តរាគមន៍បន្ថែមទៀត ទើបសង្ឃឹមចាប់ម្ចាស់រថយន្តយកមកដោះស្រាយ ដោយសារតែលោកយល់ថាអ្នកបើករថយន្តដល់ថ្នាក់ឡិចស៊ីស៥៧០តម្លៃជាង២០ម៉ឺនដុល្លារ គឺពិតជាអ្នកមានខ្នងក្រាស់ មិនងាយទទួលបានដំណោះស្រាយនោះឡើយ៕