ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់ដែលបានបង្ហាញខ្លួននៅក្នុងមហាព្រឹត្តិការណ៍សម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលគេចាត់ទុកថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ៥ នៅក្នុងបរិវេណពហុកីឡាស្ថានមរតកតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាជាងគេ បើធៀបនឹងការប្រគំតន្រ្តី និងពិពណ៌ផលិតផលដែលគេបានឃើញដដែលរួចមកហើយ។

ការប្រដាល់មួយនេះ គឺជាព្រឹត្តិការណ៍ប្រកួតរវាងកីឡាករកម្ពុជាកម្រិតA និងកីឡាករបរទេស ដើម្បីឡើងរេញវ៉ៃគ្នា ហើយទទួលយកប្រាក់រង្វាន់ និងមេដាយពេលចុះពីរេញ។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា នេះជាព្រឹត្តិការណ៍ទី១ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាដោយមានលក្ខណៈស្រដៀងនឹងព្រឹត្តិការណ៍ Thai Fight ដែលថៃធ្លាប់បានធ្វើយ៉ាងកក្រើកបណ្ដាប្រទេសជាយូរមកហើយ។
គុនខ្មែរពិភពលោក លោកថា មានការចូលរួមពីកីឡាករបរទេសចំនួន១៤ប្រទេស ដោយនៅក្នុងនោះកីឡាករបរទេស និងកម្ពុជា ត្រូវបានបែងចែកជា២ប្រភេទ គឺកីឡាករប្រកួតគ្នាជាលក្ខណៈពាក់កណ្ដាលអាជីព ដោយមានតម្រូវអោយពាក់កៅស៊ូការពារក្បាលនិងទ្រូង និងការប្រកួតរបស់កីឡាករអាជីព ដែលប្រកួតដោយសេរី ពុំមានលក្ខខណ្ឌអ្វីទាំងអស់ ពោលគឺប្រើក្បាច់អីក៏បានអោយតែបានជ័យជម្នះ។

ព្រឹត្តិការណ៍មួយនេះ ត្រូវបានប៉ុស្ដិ៍លេខ៥រៀបចំចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ហើយនៅថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃចុងក្រោយក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍ប្រកួតជម្រុះយកពានដូចដែលធ្លាប់បានធ្វើនៅប៉ុស្ដិ៍លេខ៥ ព្រែកកំពិសកន្លងមក។
លោកថា ការប្រកួតគុនខ្មែរពិភពលោក នឹងក្លាយជាព្រឹត្តិការណ៍ Khmer Fight ដែលនឹងរីកធំឡើងៗក្នុងពេលខាងមុខ ដោយក្រៅពីបើកការប្រកួតនៅក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ ក៏នឹងនឹងរៀបចំតាមបណ្ដាខេត្តសំខាន់ៗ និងទៅប្រកួតនៅក្រៅប្រទេសដូចគ្នានឹង Thai Fight ដែល ដើម្បីសាយភាយក្បាច់គុនរបស់ខ្មែរអោយពិភពលោកបានដឹង។
នៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនោះ គេឃើញមានកីឡាករជនជាតិវៀតណាម ជនជាតិអ៊ីរង់ ឥណ្ឌា ឡាវ ថៃ និង ទុយនីស៊ីនី ជាដើម ចូលប្រកួត ដោយការប្រកួតទាំងមូលសុទ្ធតែបានធ្វើអោយអ្នកទស្សនាភាគច្រើនផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលការប្រកួតរវាងគូអាជីពរវាងកីឡាករកម្ពុជា Grade A និងកីឡាករបរទេសចាប់ផ្ដើម។
ជាក់ស្ដែងគ្រាន់តែជំនួបរវាងកីឡាករកម្ពុជា មឿន សុខហ៊ុច និងកីឡាករថៃ Siriphana ស្ទើរមិនមានទឹកណាដែលធ្វើអោយអ្នកទស្សនាដកដង្ហើមបានស្រួលនោះទេ ដោយសារតែពួកគេទាំងពីរប្រកួតគ្នាល្អមើល ហើយសម្រាប់ការបញ្ចេញថ្វីដៃគឺមិនខ្វល់ពីគ្រោះថ្នាក់រៀងខ្លួន មុនពេលរកឃើញកីឡាករកម្ពុជា មឿន សុខហ៊ុច ជាអ្នកទទួលបានកិត្តិយស។

ការប្រកួតនេះ ទាំងកីឡាករអ្នកឈ្នះ និងអ្នកចាញ់គ្រប់គូសុទ្ធតែទទួលបានមេដាយកិត្តិយសដូចគ្នា ដោយគ្រាន់តែអ្នកឈ្នះត្រូវបានចុះក្នុងបញ្ជីគុនខ្មែរពិភពលោក ដើម្បីមានមុខឡើងប្រកួតជាថ្មីនៅពេលព្រឹត្តិការណ៍នេះរៀបចំម្ដងទៀតអមដោយទឹកប្រាក់តម្លៃខ្លួនខ្ពស់ជាង តែសម្រាប់កីឡាករអ្នកចាញ់ បើការរៀបចំលើក្រោយជួបរឿងបរាជ័យម្ដងទៀត គឺលែងបានឡើងរេញព្រឹត្តិការណ៍មួយនេះ។
ការប្រកួតនេះត្រូវបានបញ្ចប់ដោយបន្សល់នូវទិដ្ឋភាពជក់ចិត្តទាំង៣ថ្ងៃ ដោយអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា នឹងមានកីឡាករបរទេសកាន់តែល្អៗនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះសម្រាប់លើកទី២៕