នៅទីបំផុតការប្រដាល់អន្តរជាតិដែលបានរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះ-ឈ្នះ ត្រូវបានបញ្ចប់ហើយ ដោយការប្រកួតនៅថ្ងៃចុងក្រោយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលជាព្រឹត្តិការណ៍បញ្ចប់ក្នុងពិធីឆ្លងឆ្នាំនោះ កីឡាករ សៀវ ង៉ុយ ដែលមានឈ្មោះឡើងប្រកួតដណ្ដើមយកកៅអី៨នាក់ គឺជាអ្នកដណ្ដើមបានជ័យជម្នះ។ អ្វីដែលកត់សម្គាល់ គឺជ័យជម្នះទទួលបានដោយការប្រកួតប្ដូរយ៉ាងខ្លាំង នៅក្រោមក្រសែភ្នែកអ្នកទស្សនារាប់ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍នោះ ដែលឈរកកកុញទស្សនាស្ទើរជិតជុំ។

នោះគឺជាការប្រកួតនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 BOXING KNOCK OUT SERIES By K-Cement ដែលធ្វើឡើងនៅសង្វៀនព្រែកកាំពិស រៀងរាល់ថ្ងៃសៅរ៍ តែបានបង្វែរមកធ្វើនៅក្នុងពិធីឆ្លងឆ្នាំនៅវិមានឈ្នះ-ឈ្នះ ដើម្បីទាក់ទាញអ្នកទស្សនាក៏កាន់តែចាប់អារម្មណ៍។
ការប្រកួតនេះ ឈានដល់វគ្គអ្នកឈ្នះ១៦នាក់ ប្រកួតជម្រុះគ្នាទៅវិញទៅមក ដើម្បីទម្លាក់អោយសល់តែ៨នាក់ បន្តទៅប្រកួតក្នុងជុំទី៣។ កីឡាករដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ គឺមាន៤នាក់ ស្មើនឹង២គូ ប៉ុន្តែ គេកត់សម្គាល់ថា មានតែកីឡាករ សៀវ ង៉ុយ បង្គោលក្រហម និងគូប្រកួតប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ជាងគេ ដោយសារតែអ្នកទាំងពីរប្រកួតគ្នាចាស់ដៃទៅវិញទៅមក ដោយមិនសំចៃដៃ ដែលធ្វើអោយម្នាក់ៗជក់ចិត្តខ្លាំង។
ព្រឹត្តិការណ៍នេះ កាលពីវគ្គជម្រុះជុំទី១ គឺមានសមាសភាពកីឡាករមកពីទូទាំងប្រទេសក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម សរុបចំនួន៣២រូប បើកឆាកប្រយុទ្ធគ្នា ខណៈដែលក្នុងជុំទី២ តម្រូវអោយកីឡាករអ្នកឈ្នះទាំង១៦នាក់ បន្តជម្រុះគ្នាដើម្បីកំណត់អ្នកឡើងទៅកាន់វគ្គបន្ត ដោយក្នុងនោះរួមមានកីឡាករ សៀវ ង៉ុយ មួយរូបដែរ។ ការប្រកួតទាំងមូលត្រូវគេឃើញមានសភាពស្វិតស្វាញពេញរយៈពេល៣ទឹកតែម្ដង ដែលអាចនិយាយបានថាទម្រាំតែ សៀវ ង៉ុយ អាចទម្លាក់ជើងខ្លាំងបង្គោលខៀវអោយហាលអាវបាន គឺវេទនាខ្លាំង។
ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករ សៀវ ង៉ុយ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ មិនបានសំចៃដៃអោយកីឡាករ ពុទ្ឋ ភារិន្ទ មកពីក្លិបពុទ្ឋសេរីវង្ស ខណ្ឌពោធសែនជ័យ ស្ថិតក្នុងបង្គោលខៀវតាំងពីដើមទី ខណៈដែលភាគីម្ខាងទៀតក៏មិនសំចៃអោយដូចគ្នា។

បើយោងលើប្រវត្តិប្រកួតរបស់ សៀវ ង៉ុយ គឺចាស់ជាង ភារិន្ទ។ កីឡាករ សៀវ ង៉ុយ ប្រកួតបាន៦៣ ឈ្នះ៥២ ចាញ់១១ ឯ ភារិន្ទ ធ្លាប់ប្រកួតបាន២៦ ឈ្នះ២១ ចាញ់៣ ស្មើ២។ អ៊ីចឹងហើយ មុនការប្រកួត ភារិន្ទ បានធ្លោយមាត់ថា ពិបាកយកឈ្នះដៃគូណាស់ ដោយសារគេជារៀមច្បងមានបទពិសោធន៍ច្រើន ហើយបើនិយាយពីបច្ចេកទេសក៏មិនងាយវាយផ្ដួល។
កីឡាករ សៀវ ង៉ុយ បានថ្លែងបញ្ជាក់ថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដោយថាជ័យជម្នះដែលបានកើតឡើង គឺជាកម្លាំងតស៊ូក្នុងការហ្វឹកហាត់យ៉ាងលំបាកនាពេលនាពេលចុងក្រោយមុនពេលឡើងរេញ។ លោកថា រយៈពេលស្ទើរជាងកន្លះខែ ដែលលោកអត់ធ្វើអ្វីទាល់តែសោះដោយប្រឹងតែហ្វឹកហាត់ ដើម្បីទទួលបានឱកាសដណ្ដើមបានជ័យជម្នះដូចការចង់បាន។ យ៉ាងណាមិញ លោកថា នៅមុនពេលប្រកួត លោកមិនបានមានជំនឿចិត្តថាឈ្នះគូប្រកួតនោះទេ ដោយសារតែកីឡាករពុទ្ឋ ភារិន្ទ ក៏មានថ្វីដៃខ្លាំង ជាពិសេសក្នុងទឹកទី១ ដែលលោកយល់ថានោះគឺជាអ្វីដែលលោកពិបាកក្នុងកំណត់ក្ដីរំពឹងមុនពេលប្រកាសលទ្ធផល។

លោកយល់ថា ឱកាសដណ្ដើមបានកៅអី៨នាក់នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកនេះ កាន់តែជួយអោយលោករំកិលខ្លួនមកកាន់ការប្រកួតក្នុងការដណ្ដើមពាន ប៉ុន្តែមិនទាន់ច្បាស់ថា តើលោកនឹងអាចមានវាសនាឡើងដល់វគ្គ១ភាគ៤ឬយ៉ាងណានោះទេ ក្នុងពេលដែលលោកក៏មិនទាន់ដឹងថាគូប្រកួតដែលលោកត្រូវប៉ះជាមួយ តើនឹងអាចអោយលោកវាយស៊ីបានដូចកីឡាករដែលលោកទើបឈ្នះ ឬក៏អត់៕