សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គ្រោងហៅរដ្ឋមន្ត្រីមួយចំនួនមកសួរនាំ

កិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ លេីប្រធានបទសេចក្ដីព្រាងច្បាប់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្ដល់យោបល់ គ្រោងហៅរដ្ឋមន្ត្រីមួយចំនួនមកសួរនាំពីបញ្ហាអសកម្មនិងមិនប្រក្រតីមួយចំនួននៅក្នុងខែមករាដើមឆ្នាំនេះ។

ប្រធានប្តូរវេនឧត្ដមក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្ដល់យោបល់សម្រាប់ខែមករា ឆ្នាំ២០១៩ និងជាប្រធានគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម​ សូណង់ដូ ប្រាប់ VOD កាលពីម្សិលមិញថា លោកគ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម​មកបំភ្លឺពីបញ្ហាជលផល ដោយថា លោកបានរកឃើញបញ្ហាអសកម្មនិងការបើកដៃឲ្យមានការនេសាទខុសបច្ចេកទេស។

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (រូបថត៖ ទេព សូនី)
លោក ម៉ម សូណង់ដូ (រូបថត៖ ទេព សូនី)

លោក ម៉ម​ សូណង់ដូ​ មានប្រសាសន៍ថា៖ «ជលផលហ្នឹងគឺដូចជាក្រសួងមួយ គាត់ភ្ញាក់ឡើងកេះអាចម៍ភ្នែកគឺលក់សម្បត្តិទ្រព្យជាតិចែកលុយគ្នាតែម្តង!​ ដោយពូសំអាងឃើញថា ភាគច្រើនមន្ត្រីរាជការទាក់ទងនឹងជលផលហ្នឹងភាគច្រើនគឺអសកម្ម ប៉ុន្តែគាត់មានសកម្មភាពលក់សម្បត្តិធម្មជាតិចែកគ្នាចាយ។ ទីពីរ គឺគាត់ប្រព្រឹត្តអំពើពុករលួយក្នុងន័យថា ទីណាក៏ដូចជាទីណាដែរ ពូបានចុះសង្កេតការណ៍នៅខេត្តកំពង់ចាម ខេត្តកណ្តាល រដូវហាមឃាត់មិនហាមឃាត់ គឺមានឧបរណ៍ខុសច្បាប់ពាសពេញផ្ទៃប្រទេសដាក់ទាំងអស់ ហើយគ្មានអ្នកណាអើពើទាល់តែសោះ!»

សមាជិកឧត្ដមក្រុមប្រឹក្សានេះនិងជាប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏បានបានឲ្យដឹងដែរថា លោកគ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងបរិស្ថានមកបំភ្លឺពីរឿងបញ្ហាជនអន្តោប្រវេសន៍និងបទល្មើសព្រៃឈើ លុបបឹងជាដើម។

ប្រធានគណបក្សយុ​វ​ជន​កម្ពុជា លោក ពេជ្រ ស្រស់

លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា៖ «យើងបានដាក់លិខិតពីរទៅក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថាន ដើម្បីឲ្យពួកគាត់មកបំភ្លឺជុំវិញដែលយើងរកឃើញភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់ថ្នាក់ក្រោមជាតិនិងការបាត់បង់ព្រៃឈើ ការលុបបឹងអីជាដើម។ អញ្ចឹង នៅថ្ងៃខាងមុខនេះ ប្រហែលជាពាក់កណ្តាលខែនេះ យើងនឹងអញ្ជើញរដ្ឋមន្ត្រីពីរហ្នឹងមកបំភ្លឺ ហើយលិខិតបានដាក់ទៅហើយ ប៉ុន្តែ យើងរង់ចាំការឆ្លើយតបរបស់រដ្ឋមន្ត្រីទាំងពីរនោះទេបាទ!»

ដោយឡែកសមាជិកពីររូបទៀតគឺ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ និងជាប្អូនប្រុសបង្កើត លោក កែម​ ឡី និង លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ឲ្យដឹងថា ពួកលោកកំពុងតែគ្រោងចុះជួបពលរដ្ឋដើម្បីប្រមូលបញ្ហាមកដោះស្រាយ។

សម្រាប់អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ក៏បានប្រាប់ VOD ផងដែរថា គណបក្សលោកនៅរង់ចាំការសម្រេចពីប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សិន។

អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក មាស នី លើកឡើងថា ឧត្តមក្រុមប្រឹក្សានេះកើតឡើងដោយសារមូលហេតុនយោបាយច្រើន ជាជាងតម្រូវការនៃលក្ខណៈបច្ចេកទេសនៃប្រព័​ន្ធគ្រប់គ្រងរបស់រដ្ឋ និងមិនទាន់ឃើញមានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ។

លោកមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍

លោក មាស នី មានប្រសាសន៍ថា៖ «វាអាចមានច្រកពីរ! ទីមួយ គឺអាចហៅរដ្ឋមន្ត្រីមក! ក៏ប៉ុន្តែ ខ្ញុំមានសង្ឃឹមតិចណាស់ដែលរដ្ឋមន្ត្រីនឹងមកឆ្លើយដោយត្រង់ៗជាមួយឧត្តមក្រុមប្រឹក្សាហ្នឹងបាទ!។ ហើយបើសិនជារដ្ឋមន្ត្រីមិនមកទេ អានេះវានឹងអាចបង្ហាញថា ឧត្តមក្រុមប្រឹក្សានេះបង្កើតឡើងគឺដើម្បីតែលម្អផ្ទះរដ្ឋាភិបាលទេ។ ប៉ុន្តែ រដ្ឋាភិបាលមិនបានចាត់ទុកក្រុមហ្នឹងថាជាឧត្តមក្រុមប្រឹក្សាដែលអាចមានឥទ្ធិពលលើរដ្ឋាភិបាលទេបាទ! នេះខ្ញុំមិននិយាយពីរឿងសមត្ថភាពអីរបស់សមាជិកឧត្តមក្រុមប្រឹក្សាទេ!»។

រដ្ឋាភិបាលអាណត្តិទី៦ បានបង្កើតឧត្តម​ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោ​បល់កាលពីខែសីហាឆ្នាំ២០១៨ ដែលមានសមាសភាពចំនួន១៦ មកពីគណបក្ស​មិនទទួលបាន​អាសនៈក្នុងការបោះឆ្នោត​ ​​ដោយ​ប្រធាន​គណបក្ស​ទាំង​នោះ​ត្រូវ​ផ្តល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ ដោយថា ដើម្បី​ជួយ​រិះ​គន់ចំណុច​ខ្វះខាតរបស់រដ្ឋាភិបាលដើម្បី​ធ្វើ​ឲ្យប្រទេសជាតិរីកចំរើន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ