គ្រួសារ​លោក ​រ៉ាត់ រត្នមុនី តវ៉ា​មុខ​ទូត​រុស្ស៊ី​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​តុលាការ​បដិសេធ​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ

នៅ​ព្រឹក​ថ្ងៃ​ទី០​២ ខែមករា ឆ្នាំ២០១៩ នេះ​ ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​បានតុលាការ​ឃុំ​​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​ លក់ខ្ញុំ​»​ ជា​មួយ​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី បន្ទាប់​ពី​តុលាការ​បាន​ច្រាន​ចោល​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក។

នៅ​ព្រឹក​ថ្ងៃ​ទី០​២ ខែមករា ឆ្នាំ២០១៩ នេះ​ ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី ​ដើម្បី​តាម​ដាន​ញត្តិ​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ទៅ​កាន់​ស្ថាន​ទូត​នេះ​តាម​សារ​អេឡិចត្រូនិក​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន និង​បន្ទាប់​ពី​ពួកគេ​ទទួល​ដំណឹង​ថា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចិត្ត​ច្រាន​ចោល​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ រត្នមុនី ហើយ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី០​២ ខែមករា ឆ្នាំ២០១៩ នេះ​ ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក​ រ៉ាត់ រត្នមុនី បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី។ រូបភាព៖ ជន ចាន់រ៉ែន

ភរិយា​លោក រ៉ាត់ រត្នមុនី គឺ​អ្នក​ស្រី ​ឡុង គឹមហ៊ាន មាន​ប្រសាសន៍​ថា​ ការ​ឡើង​មក​តវ៉ា​នេះ​គឺ​ចង់​ឃើញ​រដ្ឋាភិបាល​រុស្ស៊ី​មាន​វិធានការ​ជួយ​ដល់​ប្តី​របស់​អ្នក​ស្រី បន្ទាប់​ពី​អ្នកស្រី​អស់​សង្ឃឹម​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។

អ្នក​ស្រី ​ឡុង គឹមហ៊ាន៖ « ពី​ដំបូង​ខ្ញុំ​គិត​ថា ​ពួកគេ​ជា​អ្នក​រៀន​អ្នក​សូត្រ​ អ្នក​ធ្វើ​ការ មាន​ឱកាស​មាន​តួនាទី​ក្នុង​សង្គម ពួកគេ​គួរ​តែ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ ហើយ​ជា​ពិសេស​ដល់​ប្ដី​ខ្ញុំ ​គឺ​ខ្ញុំ​មាន​សង្ឃឹម​បែប​នេះ។ ប៉ុន្តែ​ ពួកគេ​បែរ​អត់​បាន​ប្រើប្រាស់​ឱកាស​និង​តួនាទី​របស់​ពួកគេ​ សមត្ថភាព​របស់​ពួកគេ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ប្ដី​ខ្ញុំ​ទេ! ពួកគេ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​ប្ដី​ខ្ញុំ​ឲ្យ​នៅ​ពន្ធនាគារ​ទៀត! ពួកគេ​អត់​បាន​ដោះលែង​ប្ដី​ខ្ញុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ដូច្នេះ​ហើយ​ ពួកខ្ញុំ​នឹង​នៅ​តែ​បន្ត​ការ​តស៊ូ​មតិ​ ហើយ​ខ្ញុំ​ពិត​ជា​ខក​ចិត្ត​នឹង​តុលាការ​កម្ពុជា​មែន​ទែន » ។

ការ​តវ៉ា​នៅ​ព្រឹក​នេះ ក៏​មាន​ការ​ប៉ះទង្គិច​​គ្នា​រវាង​អាជ្ញាធរ និង​អ្នក​តវ៉ា​បន្តិច​ផង​ដែរ​ខណៈ​អ្នក​តវ៉ា​ព្យាយាម​ដើរ​ស្រែក​ទាមទារ​មុខ​ស្ថានទូត​ប្រទេស​នេះ ទោះជាយ៉ាងណា គ្មានមន្ត្រីស្ថានទូតរុស្ស៊ីណាម្នាក់ ចេញមកជួបអ្នកតវ៉ានោះទេ។

មេធាវី​​ការពារ​ក្តី​ឲ្យ​លោក ​រ៉ាត់ រត្នមុនី​ គឺ​លោក ​សំ ទិត្យសីហា បាន​ឲ្យ ​VOD ដឹង​ថា ​ចៅក្រម​ស៊ើបសួរ​ លោក សេង ឬទ្ធី កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បដិសេធ​មិន​ឲ្យ​​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ ខណៈ​លោក​នឹង​ព្យាយាម​ដាក់​លិខិត​ស្នើ​សុំ​ម្តង​ទៀត​នៅ​ដើម​សប្ដាហ៍​ក្រោយ​​។ 

លោក​ថា៖ « យើង​នឹងដាក់​ពាក្យ​សុំ​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​ពីរ​មួយ​ទៀត បន្ទាប់​ប្រសិន​ជា​គាត់​មិន​ព្រម​ទេ យើង​នឹង​ដាក់​ពាក្យ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ទៀត​ទៅ​តាម​នីតិវិធី​ច្បាប់។ ព្រោះ​យើង​មាន​សិទ្ធិ​អាច​ដាក់​ជា​លើក​ទី​ពីរ ហើយ​យើង​ក៏​មាន​សិទ្ធិ​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទៅ​នឹង​សេចក្តី​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ទៅ​ឧទ្ធរណ៍​ផង​ដែរ » ។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក សួស វិទ្យារ៉ាន់ឌី ថា ​លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​លើ​ករណី​លោក រ៉ាត់ រត្នមុនី ​នេះ​នៅ​ឡើយ​ទេ។

លោកថា៖ « ចាំ​មើល​ខ្ញុំ​ឆែក​ជា​មួយ​ចៅ​ក្រម​បន្តិច​សិន » ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ លោក ​រ៉ាត់ រត្ន​មុនី ​ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ ​លក់​ខ្ញុំ» ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា។

លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការ​រើសអើង តាម​មាត្រា ៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​នឹង​ទោស​ក្នុង​ពន្ធនាគារ​ពី​១ ទៅ​៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ