ជនរងគ្រោះនិងសង្គមស៊ីវិល ចង់ឱ្យពលរដ្ឋចងចាំព្រឹត្តិការណ៍ វាយបង្ក្រាបនៅរោងចក្រ យាកជីន និងផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងអំពើហិង្សានៅផ្លូវវេងស្រេង។

សង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ព្រមទាំង​ជនរងគ្រោះដោយការវាយប្រហារ និងបង្ក្រាបនៅមុខរោងចក្រ យាកជីន និងនៅមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ាពីសំណាក់កម្លាំងសមត្ថកិច្ច ចង់ឱ្យមានការចងចាំព្រឹត្តិការណ៍កាលពី៥ឆ្នាំមុន។ ពួកគេ ​គ្រោងរៀបចំពិធីរំលឹកខួប៥ឆ្នាំ នៃព្រឹត្តិការណ៍នោះ ដោយថា មានជាពិធីសូត្រមន្តបង្សុកូលនៅរសៀលថ្ងៃស្អែក។  

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងថា ការរៀបចំពិធីជួបជុំនិងសូត្រមន្តនៅថ្ងៃស្អែក នៅស្នាក់ការសមាគមរបស់លោកនោះ ដោយថា ដើម្បីរំលឹកការចងចាំរឿងរ៉ាវដ៏អាក្រក់កាលពី៥ឆ្នាំមុន និងដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់កាលពីឆ្នាំ២០១៤ផងដែរ។  ​

លោកបន្តថា ៖ «សម្រាប់ខ្ញុំៗ សំណូមពរឱ្យតុលាការ សាលាឧទ្ធរណ៍ហ្នឹងទម្លាក់ការចោទប្រកាន់មកលើពួកខ្ញុំ។ សូមផ្តល់យុត្តិធម៌មកលើពួកខ្ញុំទាំងអស់គ្នា។ សូមឱ្យកម្មករខ្មែរ ក៏ដូចជាប្រជាជាតិខ្មែរ ចងចាំនូវការលះបង់ អ្នកដែលធ្វើការដើម្បីសង្គម និងអ្នកធ្វើការដើម្បីលក្ខខណ្ឌការងារកម្មករ»។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ហេតុការណ៍បង្ក្រាបរបស់សមត្ថកិច្ចមកលើសកម្មជនសិទ្ធិមនុស្ស និងកម្មករ កាលពីឆ្នាំ២០១៤ ​ពលរដ្ឋខ្មែរត្រូវចងចាំ​ ដោយថា ដើម្បីជៀសវាងមិនឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងជាថ្មីទៀត​។ ​លោកថា ៥ឆ្នាំមកហើយដែលលោកមានឈ្មោះជាទណ្ឌិត បណ្តាលមកពីភាព​អយុត្តិធម៌ ។

លោកមានប្រសាសន៍ថា៖ «ព្រោះថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តល់ភាពយុត្តិធម៌មកលើរូបខ្ញុំ។ ខ្ញុំជាជនរងគ្រោះដែលត្រូវបានគេវាយគេដំ ហើយនឹងអ្នកដែលត្រូវបានគេវាយដំ មិនត្រូវបានតុលាការវែកមុខដើម្បីយកមកផ្តន្ទាទោស បែរចោទប្រកាន់ខ្ញុំជាជនរងគ្រោះឱ្យជាប់ពន្ធនាគារនិងពិន័យទៀត »។ 

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ព្រឹត្តិការណ៍នៅផ្លូវវេងស្រេងជាសកម្មភាពខុសច្បាប់។ ដូចនេះ លោកថា គ្មានហេតុផលណាដែលត្រូវចងចាំនូវការបង្ក្រាបនូវសកម្មភាពដែលខុសច្បាប់ឡើយ ​។

លោកបន្តថា ៖ «វាមិនមែនជាព្រឹត្តិការណ៍ស្អីដែលត្រូវរំលឹក ដែលត្រូវនេះអី ពាក់ព័ន្ធករណីហ្នឹងទេ សុំទុកជូនឱ្យដាច់។ រឿងទីពីរ ករណីនរណាគេ ចង់ធ្វើអីដូចដែលលោកមានប្រសាសន៍ យើងអត់ទាន់ទទួលការជូនដំណឹងការអីជាផ្លូវការទេ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវការទទួលខុសត្រូវចំពោះ​ព្រឹត្តិការណ៍ កាលពីដើមឆ្នាំ២០១៤ ដោយថា កម្លាំងបង្ក្រាបរហូតធ្វើឱ្យមានមនុស្សបាត់បង់ជីវិត គឺជាកម្លាំងរបស់រដ្ឋាភិបាល។ លោកថា ព្រឹត្តិការណ៍បែបនេះ អាជ្ញាធរ គឺមិនចង់ឱ្យរំលឹកការចងចាំនោះទេ។

លោកបន្តថា ៖ «វាធម្មតាទៅហើយ វាមិនមានអីចម្លែកទេ ចំពោះការបកស្រាយរបស់អាជ្ញាធរ តែងតែគេចវេសពីការទទួលខុសត្រូវ»។

កាលពីថ្ងៃទី២ និង៣ ខែមករា ឆ្នាំ ២០១៤ មានព្រឹត្តិការណ៍បង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស និងកម្មករពីរដាច់ដោយឡែកពីគ្នា មួយ គឺនៅមុខរោងចក្រយាកជីន និង មួយទៀតនៅមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ខណៈពួកគេទាមទារតម្លើងប្រាក់ខែគោលចំនួន១៦០ដុល្លារ និងស្នើឱ្យមានការគោរពលក្ខខណ្ឌការងារជាដើម។

ព្រឹត្តិការណ៍បង្ក្រាបទាំងពីរនោះ បណ្តាលឱ្យមានកម្មករបួននាក់ស្លាប់ និងម្នាក់បាត់ខ្លួន និងជាច្រើននាក់ទៀតរងរបួស ហើយអាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន២៣នាក់ បញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំទៀតផង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ