តម្លៃ​ប្រេង​ឥន្ធៈ​នៅ​កម្ពុជា​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ចំ​ពេល​តម្លៃ​ទីផ្សារ​អន្តរជាតិ​ក៏​ដាំ​ក្បាល​ចុះ

ស្ថានីយ៍សាំងមួយកន្លែងនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

តម្លៃ​ប្រេង​ឥន្ធៈ​នៅ​កម្ពុជា​ បាន​បន្ត​ចុះ​ថ្លៃ​បន្ថែម​ទៀត​នៅ​ដើម​ខែ​នេះ ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏​បន្ត​ដាំ​ក្បាល​ចុះ​ផង​ដែរ ចំ​ពេល​ដែល​ទីផ្សារ​ភាគ​ហ៊ុន និង​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ ធ្លាក់​ចុះ​ផង​ដែរ។

ក្នុង​សេចក្ដីជូនដំណឹង​កាល​ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​ប្រេង​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត នឹង​ត្រូវ​ដាក់​លក់​​នៅ​លើ​ទីផ្សារ​​ក្នុង​តម្លៃ ៣២០០​រៀល ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ ដោយ​បាន​ធ្លាក់​ចុះ​ចន្លោះ​ពី ១០០ ទៅ ១៥០​​រៀល​បន្ថែម​ទៀត បើ​ធៀប​នឹង​តម្លៃ​ដាក់​លក់​រាយ​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធៈ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​មក។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ តម្លៃ​ប្រេង​ឥន្ធៈ​ដែល​ត្រូវ​បាន​នាំ​ចូល​ដោយ​មិន​ទាន់​គិត​ពន្ធ​សម្រាប់​សាំង​ធម្មតា​ មាន​តម្លៃ​​ប្រមាណ ១ ៤០០រៀល​ ខណៈ​ប្រេង​ម៉ាស៊ូត​ មាន​តម្លៃ​ប្រមាណ​ ១ ៧០០រៀល​តែ​ប៉ុណ្ណោះ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​អនុវត្ត​ប្រព័ន្ធ​នៃ​ការ​គិត​ពន្ធ​ថ្មី​ទៅ​លើ​ប្រេង​ឥន្ធៈ ដោយ​ថា ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ប៉ុន្តែ​ថា ​តាម​រយៈ​នៃ​ការ​គិត​ពន្ធ​បែប​ថ្មី​នេះ​ រដ្ឋ​ត្រូវ​ខាតបង់​ថវិកា​ជាង ​៣៣លានដុល្លារអាមេរិកក្នុង​មួយ​ឆ្នាំ​។

តម្លៃ​ប្រេង​ឥន្ធៈ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​បែប​នេះ ចំកើត​ឡើង​ចំ​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិបាន​ដាំ​ក្បាល​ចុះ​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​លក់​នៅ​ពេល​អនាគត បាន​ធ្លាក់​ចុះ​ប្រហែល ២​ភាគរយ មក​នៅ​តម្លៃ​ត្រឹម​តែ ៤៥.៦១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល។

បើ​​តាម​សេចក្ដី​រាយការណ៍​របស់ Reuters តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ដាំ​ក្បាល​ចុះ​បន្ថែមទៀត​បែប​នេះ បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​របស់​អាមេរិក​ធៀប​ទៅ​នឹង​ប្រាក់​យ៉េន​របស់​ជប៉ុន ហើយ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ Apple ក៏​បាន​កាត់​បន្ថយ​ទំហំ​នៃ​ការ​លក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ