រដ្ឋាភិបាលគ្រោងបង្កើតទូរទស្សន៍ច្រើនបន្ថែមទៀតសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងវិទ្យុជាតិកម្ពុជា។ រូបភាព៖ បណ្ដាញសង្គម

ក្រសួងព័ត៌មានគ្រោងបង្កើតទូរទស្សន៍​យ៉ាង​តិច ៣​ប៉ុស្ដិ៍​បន្ថែម​ទៀត ឲ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងវិទ្យុជាតិកម្ពុជា ដោយថា ស្ថាប័នទាំងពីរ​នេះ បច្ចុប្បន្ន​នេះ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាសជាសម្លេងតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់ VOD នៅថ្ងៃ​នេះថា ការបង្កើតទូរទស្សន៍បន្ថែមនេះ មិនប៉ះពាល់ដល់កម្មវិធីទូរទស្សន៍ជាតិទេ ដោយថា នៅខ្វះម៉ោងផ្សាយច្រើន និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកាន់តែធំ។

លោក អ៊ុក គឹមសេង មានប្រសាសន៍ថា៖ «មានអីត្រូវជាន់គ្នា! ដូច្នេះ យើងមានកម្មវិធីច្រើន បញ្ហាវប្បធម៌ សិល្បៈ កីឡា​ស្អីៗហ្នឹង យើងនៅខ្វះពេលម៉ោងដើម្បីផ្សព្វផ្សាយអាហ្នឹងច្រើនណាស់។ ការផ្សព្វផ្សាយកាន់តែទូលំទូលាយ កាន់តែគ្របដណ្តប់ បានន័យថា មានវិសាលភាពធំជាងមុនដោយសារយើងមាន Chanel ផ្សេងអញ្ចឹង(ប៉ុស្តិ៍ទូរទស្សន៍)។ យើងអាចពង្រីកកម្មវិធីបានទូលំទូលាយ ដូចជា កម្មវិធីកីឡា វប្បធម៌ សិល្បៈ ធុរកិច្ចអញ្ចឹងទៅណា៎»

អ្នកនាំពាក្យរូបនេះមិនមានព័ត៌មានលម្អិតពីមាតិការព័ត៌មាន និងពីថវិកាសម្រាប់បង្កើតទូរទស្សន៍ទាំងនេះនៅឡើយទេ ដោយថា ហាក់ដូចជាលឿនពេក មិនមានគម្រោងក្នុងដៃ និងថា ថវិកាសម្រាប់ចំណាយលើការបង្កើត​ស្ថានីយ៍​ទូរទស្សន៍​ថ្មី​ទាំង​នេះ គឺអាស្រ័យ​ទៅលើរដ្ឋាភិបាលជាអ្នកអនុម័ត។

ប្រធានក្លឹបអ្នកកាសែត លោក ប៉ែន បូណា អបអរសាទរចំពោះគម្រោងនេះ ដោយថា ធ្វើឲ្យពលរដ្ឋអាចទទួលប្រភពព័ត៌មានបានសម្បូរបែប។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ធម្មតា យើងអ្នកសារព័ត៌មានដូចគ្នា យើងអបអរសាទរនៅពេលដែលមានឃើញសារព័ត៌មាន​ថ្មីៗកើតឡើងទាំងទោះ។ វិទ្យុក៏ដោយ ទូរទស្សន៍ក៏ដោយ អនឡាញក៏ដោយ យើងគិតថា វាជាការល្អសម្រាប់ជាប្រភពសម្បូរបែបដល់មហាជនដែលគាត់អាចជ្រើសរើសបាន​ថា តើគាត់ត្រូវមើលព័ត៌មានបែបណា?។ ដូច្នេះ សម្រាប់ខ្ញុំ ឲ្យតែមានសារព័ត៌មានថ្មីកើតឡើង ខ្ញុំអបអរសាទរបាទ!»

សម្រាប់ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី លើកឡើងថា ​ការបង្កើតឲ្យមានប្រព័ន្ធផ្សព្វផ្សាយថ្មីៗ មិនមានន័យថា ជាការរីកចម្រើន​​នៃការផ្តល់ព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​លំហ​​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ទេ។

លោក ណុប វី មានប្រសាសន៍ថា៖ «អញ្ចឹង សម្រាប់ការរីកចម្រើន​ការកើតមានប្រព័ន្ធផ្សព្វផ្សាយថ្មីៗ មិនមែនមានន័យថា ប្រទេសយើងមានការរីកចម្រើនផ្នែកសេរីភាពសារព័ត៌មានទេ។ ​ការរីកចម្រើន​ផ្នែកសេរីភាពសារព័ត៌មាន គឺសំដៅទៅដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់ព័ត៌មានចម្រុះទៅដល់ប្រជាពលរដ្ឋ ទាំងព័ត៌មានដែលមានការគាំទ្ររដ្ឋាភិបាល គាំទ្រគណបក្សនយោបាយ​ផ្សេងៗ និងព័ត៌មានដែលមាននិន្នាការកណ្តាលផ្តល់ព័ត៌មាន ផ្តល់ការអប់រំទៅកាន់ប្រជាពលរដ្ឋ»

របាយការណ៍​របស់​ក្រសួងព័ត៌មាន ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ​មានកាសែតដែលផ្សាយជាប្រចាំ​ចំនួន ៥១២​អង្គភាព ព័ត៌មានព្រឹតិ្ដបត្រដែលផ្សាយតាមអនឡាញចំនួន ៧២អង្គភាព ស្ថានីយទូរទស្សន៍​ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង ២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៥។

កាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួន បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ក្នុងអំឡុងពេលនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន ៣២ដែលវិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និងសារព័ត៌មានមួយចំនួនទៀតជួលសម្រាប់ផ្សាយ ត្រូវក្រសួងព័ត៌មានសម្រេចឲ្យផ្អាកដល់បច្ចុប្បន្ន ដោយថា ប្រតិបត្តិការបំពានច្បាប់។​​

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេខ ពោលគឺនៅឆ្នាំ២០១៨ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ