អតីតមន្ត្រីជាប់ឆ្នោតអតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបន្ទាយមានជ័យ យល់ថាការកោះហៅពួកគេឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ជាការដើរផ្ទុយទៅនឹងសិទ្ធិសេរីភាពក្នុងការជួបជុំដែលច្បាប់បានចែង និង ជាការរឹតត្បិតផ្នែកនយោបាយមកលើពួកគាត់។
អតីតប្រធានប្រតិបត្តិស្រុកមង្គលបូរី គណបក្សសង្រ្គោះជាតិ លោក ទួត វាសនា ឱ្យដឹងនៅព្រឹកនេះ ថានគរបាលស្រុកមង្គលបូរីបានហៅលោកទៅសាកសួរអំពីការជួបជុំនៅផ្ទះរបស់លោកជាមួយ អតីតក្រុមការងារ និងសកម្មជនរបស់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
លោកអះអាងថា សមត្ថកិច្ចបានបង្ខំឱ្យលោកផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពគាំទ្រអតីតប្រធានរបស់ខ្លួន និង ឈប់និយាយឈ្មោះគណបក្សសង្រ្គោះជាតិ ព្រមទាំងឈប់ប្រមូលផ្តុំមនុស្សគាំទ្រអតីតថ្នាក់ដឹកនាំ និងគណបក្សមួយនេះតទៅទៀត។ ជាងនេះទៀតលោកថា សមត្ថកិច្ច បានសួររកឈ្មោះ និងលេខទូរស័ព្ទ អ្នកដែលបានចូលរួមបង្ហោះសារនយោបាយជាមួយលោកនាពេលនោះទៀតផង។ លោកថាករណីនេះ ជាការគំរាមកំហែងផ្នែកនយោបាយ។
លោកបន្ថែមថា ៖ «សំណូមពររបស់ខ្ញុំ សុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យទាំងមូល សុំឱ្យលោកបើកចំហបេះដូង បើកចំហផ្លូវច្បាប់ណាមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋហ្នឹង រស់ដោយសុខសប្បាយ រស់ដោយគ្មានការភ័យខ្លាច។ អនុញ្ញាតឱ្យបងប្អូនណាគាំទ្រគណបក្សណាក៏គណបក្សទៅ។ បក្សសង្រ្គោះជាតិក៏ដូចជាបក្សប្រជាជន រកស៊ីរៀងខ្លួន រស់រៀងខ្លួន។ បងប្អូនណាគាំទ្របក្សណាជារឿងរបស់បងប្អូន »។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ អធិការនគរបាលស្រុកមង្គលបូរី បានចេញលិខិតអញ្ជើញ លោក ទួត វាសនា ឱ្យចូលខ្លួនដើម្បីសាកសួរអំពីការងារផ្ទាល់ខ្លួនមួយចំនួន នៅព្រឹកថ្ងៃទី ៤ មករា។
ដោយឡែកកាលពីថ្ងៃទី២ ខែមករាដដែលនោះ អធិការនគរបាលស្រុកថ្មពួក បានចេញលិខិតកោះហៅអតីតអនុប្រធានប្រតិបត្តិស្រុកថ្មពួក អតីតបក្សប្រឆាំង គឺ លោក ស៊ឹម វណ្ណហេង ទៅពិភាក្សាអំពីការងារផ្ទាល់ខ្លួននៅថ្ងៃទី៣ ខែមករា។
តែលោក ស៊ឹម វណ្ណហេង អះអាងថា នគរបាលស្រុកបានសួរនាំអំពីរឿងរ៉ាវនៃការបង្ហោះវីដេអូ និងរូបថតជាមួយអតីតក្រុមការងាររបស់ខ្លួន ដោយសម្តែងការគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីរបស់គណបក្ស និងគាំទ្រជំហ លោក សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ កាលពីថ្ងៃទី ១ ខែមករា។
អតីតអនុប្រធានប្រតិបត្តអតីតបក្សសង្គ្រោះជាតិស្រុកថ្មពួក លោក ស៊ឹម វណ្ណហេង យល់ថារូបភាពកោះហៅនេះ បង្ហាញពីការរឹតត្បិតសេរីភាពលរដ្ឋក្នុងសកម្មភាពនយោបាយ។
លោកបន្ថែមថា៖ «វាដូចជាចង្អៀតពេកហើយ បើនិយាយពីលំហូរនៃប្រជាធិបតេយ្យ។ វាចង្អៀតត្រង់ថា អ្វីដែលយើងជាប្រជាពលរដ្ឋម្នាក់ ព្រោះឥលូវរាល់ថ្ងៃហ្នឹងជាពលរដ្ឋហើយ អត់មានជាមន្ត្រីអីណាអីទៀតទេ។ អីចឹងការជួបជុំគ្នាឬ សម្តែងមតិ ហ្នឹងវាទៅជារឿងមួយដែលខុសទៅវិញ ខ្ញុំវាខកចិត្តដែរ»។
អធិការរងនគរបាលស្រុកថ្មពួកទទួលផែនសន្តិសុខ លោក និត មាត បញ្ជាក់ថាករណីនេះ លោកមិនអាចជម្រាបបានទេ ដោយថាការងារនេះ ជាកិច្ចការរបស់ថ្នាក់ដឹកនាំ។ ដោយឡែក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
អ្នកសម្របសម្រួលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ថាករណីទាំងនេះជាការគំរាមកំហែងផ្នែកនយោបាយ ហើយលោកថាបញ្ហានេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់អតីតមន្ត្រីជាប់ឆ្នោតនិងសកម្មជនបក្សប្រឆាំងទាំងនោះ។
លោកបន្ថែមថា៖ «ផលប៉ះពាល់ហ្នឹង គាត់មានអារម្មណ៍ភ័យខ្លាច ហើយគាត់រស់នៅមិនអាចមានសុខសុវត្ថិភាព ដោយសារកម្លាំងសមត្ថកិច្ច ឃ្លាំមើលគាត់អីចឹងណា។ អីចឹងធ្វើឱ្យគាត់ភ័យ ហើយគាត់មិនមានសេរីភាពក្នុងការសម្រេចក្នុងរឿងនយោបាយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ថានៅខេត្តបន្ទាយមានជ័យ អតីតមន្ត្រីជាប់ឆ្នោតនិងសកម្មជនបក្សសង្រ្គោះជាតិ ចំនួន១០ នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចខេត្តនេះកោះហៅ ដើម្បីសាកសួរ ជុំវិញការបង្ហោះសារនយោបាយលើបណ្តាញសង្គម។
លោកថា ក្នុងចំណោម១០ នាក់ មានអ្នកខ្លះត្រូវបាននគរបាលបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពគាំទ្រ លោក សម រង្ស៊ី និង កឹម សុខា ព្រមទាំងបញ្ឈប់សកម្មភាពបង្ហោះសារនយោបាយពាក់ព័ន្ធគណបក្សសង្រ្គោះជាតិ ហើយព្រមានចាត់វិធានការតាមច្បាប់ បើសិនពួកគេនៅតែធ្វើសកម្មភាពដដែលនេះ។
លោកបន្តថា ចំណែកអ្នកខ្លះទៀតមិនបានចូលបំភ្លឺឡើយ ដោយថា មានការភ័យខ្លាច និងមានខ្លះទៀតត្រូវបានសមត្ថកិច្ចចុះទៅគំរាមដល់ផ្ទះតែម្តង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៥ បានចែងយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ជាតិ។ លើសពីនេះ សេចក្តីស្នើទាំងឡាយណារបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕