អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ជំរុញ​ឲ្យ​ត្រួត​ពិនិត្យ​តឹង​រឹង​លើ​រថយន្ត​ធុនធំ និង​អ្នក​បើក​បរ

នា​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កុងតឺន័រ និង​រថយន្ដ​ធុន​តូច​ប្រមាណ​ជិត២០​គ្រឿង​បាន​បុក​បន្តបន្ទាប់​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (រូបថត៖ឯកសារ)

មន្ត្រីសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ ជំរុញឲ្យមានការបង្កើនការត្រួតពិនិត្យយានយន្ត និងឲ្យអ្នកបើករថយន្តធុនធំទៅរៀនជំនាញ​បើកបរ​បន្ថែមទៀត បន្ទាប់ពីមានករណីបុករះនៅផ្លូវជាតិលេខ៤។

មនុស្ស​ម្នាក់ បាន​ស្លាប់ ហើយ៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្រោយ​ពី​រថយន្ត​ធុន​ធ្ងន់​មួយ បាន​បុក​រះ​ទៅលើ​​រថយន្ត​យ៉ាង​តិច ២០​គ្រឿង​ផ្សេង​ទៀត នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​សប្ដាហ៍​មុន។

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​ធុនធ្ងន់ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នេះ បណ្ដាល​មក​ពី​​រថយន្ត​ធុន​ធ្ងន់​ដាច់​ហ្វ្រាំង។

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ បាន​លើក​ឡើង​ថា ភាគ​ច្រើន​នៃ​រថយន្ត​ធុន​ធ្ងន់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ប្រភេទ​រថយន្ត​ចាស់ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​តៗ​គ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នោះ​ឡើយ។

មន្ត្រី​ជំនាញ់​សវុត្ថិភាព​ចរាចរណ៍​រូប​នេះ បាន​ជំរុញ​ទៅ​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ទាំង​នោះ ដោយ​ថា ដើម្បី​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​បើក​បរ និង​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត​នៅ​លើ​ដង​ផ្លូវ។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «អ្វីដែលត្រូវពង្រឹងហ្នឹង គឺ​ខ្ញុំគិតថា មានតែម្ចាស់យានយន្តហ្នឹងឯង យកចិត្តទុកដាក់បន្ថែម ជាមួយ​នឹងអាជ្ញាធរហ្នឹងឯង ត្រូវជួយត្រួតពិនិត្យទៅថា សន្លឹកបណ្ណ ឬក៏សុពលភាពនៃលិខិតត្រួតពិនិត្យវាជិតដល់ហើយ ឬនៅ?»

លោក គង់ រតនៈ បាន​ជំរុញ​ទៅ​អ្នកបើកបរឡានធុនធំ ឲ្យ​ទៅចូលរួមបណ្តុះបណ្តាលបន្ថែមទៀតអំពីសុវត្ថិភាពរថយន្ត ដោយថា មិនសូវឃើញមានសាលាបង្រៀនរថយន្តធុនធំ និងថា អ្នកបើកឡានធុនធំចេះតៗគ្នា និងអ្នកខ្លះមិនចេះអក្សរទៀត​ផង។

អ្នកនាំពាក្យក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ឹមសុរិយា បាន​ឲ្យ​ដឹង​ថា ក្រសួងបានរៀបចំ​ឲ្យ​មាន​សាលាបង្រៀន​បើក​បរ​រថយន្ត​ធុន​ធំ​រួច​រាល់​ហើយ ហើយ​ក្រសួង​ក៏​គ្រោង​ហៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំៗ​ទាំង​អស់ ឲ្យ​បញ្ជូន​អ្នក​បើក​បរ​របស់​ពួកគេ ឲ្យ​មក​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​បើកបរ​ឡើង​វិញ។

លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា៖ «ក្រសួងបានរៀបចំសាលាបើកបររថយន្ត​ធំៗហើយ។ យើងនឹងអញ្ជើញក្រុមហ៊ុន​ធំៗទាំងអស់ឲ្យបញ្ជូនអ្នកបើកបររបស់ខ្លួនមករៀនឡើងវិញ គឺវាពាក់ព័ន្ធនឹងទំនិញគ្រោះថ្នាក់ផ្សេង​ទៀត ដូចជា​ ស៊ីទែនប្រេង ឬក៏ហ្គាស ឬក៏ទំនិញមានដូចជា ជី ឬក៏គ្រឿងផ្ទុះផ្សេងៗអីជាដើមហ្នឹង ក្រសួងបានរៀបចំហើយ»

កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ ឲ្យ​ណែនាំ​ទៅ​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​របស់​ពួកគេ កុំ​ឲ្យ​ប្រើ​ប្រាស់​គ្រឿ​ញៀន ដោយ​លោក​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ បណ្ដាល​មក​ពី​អ្នក​បើក​បរ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១ ៧៦១​នាក់ បាន​ស្លាប់ ហើយ​មនុស្ស​ដល់​ទៅ ៤ ៧៧០​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ