រដ្ឋមន្ត្រីសាធារណការ៖ អ្នកបើកបររថយន្តធុនធ្ងន់៣៤% គ្មានបណ្ណបើកបរត្រឹមត្រូវ

រថយន្តធុនធ្ងន់ បើកបរក្នុងក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យដឹងថា អ្នកបើកបររថយន្តធុនធ្ងន់៣៤%គ្មានបណ្ណបើកបរត្រឹមត្រូវដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨នៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ក្រសួងបានបើកសាលាបង្រៀនបើកបររថយន្តធុនធ្ងន់​ ដោយថា បានស្រាវជ្រាវឃើញអ្នកបើកបររថយន្តប្រភេទនេះ៣៤% គ្មានបណ្ណបើកបរត្រឹមត្រូវ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងរកឃើញ២៤%អ្នកបើកបររថយន្តធ្ងន់គឺ​គ្មានបណ្ណបើកបរត្រឹមត្រូវតាមប្រភេទរថយន្តរបស់គាត់ទេ។ ១០%ទៀតគឺមានបណ្ណក្លែងក្លាយឬគ្មានបណ្ណបើកបរតែម្តង! ដូច្នេះគឺ៣៤%ហើយដែលបើកបររថយន្តធុនធ្ងន់នៅកម្ពុជាយើងគ្មានបណ្ណបើកបរត្រឹមត្រូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍!»

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ បានសម្តែងការអបអរចំពោះការរកឃើញនិងចំណាត់ការនេះ ប៉ុន្តែសំណូមពរឲ្យមានសាលាគ្រប់ខេត្តក្រុងនិងគិតគូរពីគុណភាពបង្រៀន។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជាជំហានវិវត្តន៍មួយឆ្ពោះទៅរកការពង្រឹងគុណភាពបណ្ណបើកបរ។ ថ្វីត្បិតតែគាត់ថា បានបើកសាលាហើយនៅឆ្នាំ២០១៨ ប៉ុន្តែយើងក៏អត់ទាន់បានឃើញ ថាតើអ្នកដែលនឹងដាក់ពាក្យចូលរៀនដើម្បីយកបណ្ណបើកបរហ្នឹងមានប៉ុន្មានភាគរយ ហើយបើធៀបជាមួយអ្នកដែលកាន់ឡានធំសរុប? អញ្ចឹង សម្រាប់ខ្ញុំសំណូមពរឲ្យមានសាលាហ្នឹងគ្រប់ខេត្តក្រុងទៅ ដើម្បីឲ្យអ្នកបើកបរទាំងអស់មានឱកាសបានចូលរៀនទាំងអស់គ្នា។ គុណភាពរបស់សាលាហ្នឹងទៀតសោត ថាតើគ្រូដែលបង្រៀនឬក៏នីតិវិធី​​នៃការប្រឡងបណ្ណបើកបរហ្នឹងត្រូវបានពង្រឹងឬអត់? បើគ្រាន់តែបើកសាលា ហើយគាត់អត់មានគុណភាពទេ គឺខ្ញុំគិតថា ដូចយើងមានប៊ិចដែលសរសេរអត់កើតអញ្ចឹង!»

របាយការណ៍របស់នគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឆ្នាំ២០១៨ បណ្តាលឲ្យមានអ្នកស្លាប់១ ៧៦១នាក់ និង ៤ ៧៧០​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបញ្ជាក់ថា ថ្ងៃទី១៨ខែមករាខាងមុខទើបមានរបាយការណ៍ ពីប្រភេទរថយន្តដែលបានបង្កគ្រោះថ្នាក់ក្នុងឆ្នាំ២០១៨។ ប៉ុន្តែរបាយការណ៍របស់នាយកដ្ឋាននេះឲ្យដឹងថា រយៈពេល១១ខែឆ្នាំ២០១៨ រថយន្តធុនធ្ងន់៧៩៨គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ