ពលរដ្ឋនៅសង្កាត់ផ្សារដើមគរ ស្នើអាជ្ញាធរបិទសិប្បកម្មខ្វៃជ្រូកមួយកន្លែង ដោយថាប៉ះពាល់ដល់អ្នកជិតខាង

អាជីវកម្មខ្វៃជ្រូកមួយកន្លែងនៅតំបន់ផ្សារដើមគរ ក្រុងភ្នំពេញ។ រូបភាព៖ ផ្ដល់ឲ្យ

ពលរដ្ឋនៅផ្សារដើមគរ ជិត២០នាក់ ដោយថា តំណាងជិត២០គ្រួសារនៅសង្កាត់ផ្សារដើមគរ បាន​​​ដាក់ពាក្យប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដោយស្នើឱ្យបិទអាជីវកម្មខ្វៃជ្រូកមួយកន្លែងនៅតំបន់ពួកគាត់រស់នៅ​។

ពលរដ្ឋម្នាក់រស់នៅសង្កាត់ផ្សារដើមគរ លោក ទេស ឆវណ្ណរ័ត្ន មានប្រសាសន៍ថា សិប្បកម្មខ្វៃជ្រូកនោះ បានបង្កផលប៉ះពាល់ជាច្រើន និងធ្វើឱ្យពួកគាត់បារម្ភខ្លាចមានបញ្ហាអគ្គីភ័យកើតឡើងទៀត ហើយរាលដាលដល់ពួកគាត់ទៀតផង។

រូបពលរដ្ឋ នៅសង្កាត់ផ្សារដើមគរ នាំគ្នាយកពាក្យប្តឹង ទៅជូនអាជ្ញាធរសង្កាត់ផ្សារដើមគរ ឱ្យចាត់វិធានការ បិទសិប្បកម្មខ្វៃជ្រូក មួយកន្លែង ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ រូបភាព៖ ពលរដ្ឋឱ្យ គេថតកាលពីថ្ងៃទី ៤ មករា ២០១៩

លោកមានប្រសាសន៍ថា៖ «គេរកស៊ីធ្វើម៉េចទៅធ្វើទៅ តែកុំឱ្យប៉ះពាល់អ្នកជិតខាងណាបង។ អាជីវកម្មរបស់គេធ្វើអីរស់ធ្វើទៅ តែកុំឱ្យដូចគាត់អីចឹង លេងស្អុយ គេប្រាប់ហើយកុំមិនរវីរវល់អីចឹង។ បងឯងដឹងថា ឥលូវឡានសំរាមអី មួយអាទិត្យបានចូលមកយកម្តង ហើយទម្រាំគេចុះស្អុយផ្អើលស្រុកផ្អើលភូមិណាបង»។

ប្រជាពលរដ្ឋ១៨នាក់ តំណាងឱ្យពលរដ្ឋ១៨គ្រួសារដែរនោះ កាលពីថ្ងៃទី ៤ ខែមករា បាន​ដាក់ពាក្យប្តឹងទៅចៅសង្កាត់ផ្សារដើមគរ ដោយស្នើឱ្យបិទសិប្បកម្មខ្វៃជ្រូក ដែលមានម្ចាស់ឈ្មោះ លីម លីជាង ភេទស្រី នៅផ្លូវ២០៦ Z  ភូមិ១៤ សង្កាត់ផ្សារដើមគរ។

ក្នុងពាក្យបណ្តឹងបញ្ជាក់ថា សិប្បកម្មខ្វៃជ្រូកនេះ បានបង្កហានិភ័យច្រើនដល់អ្នកជិតខាង ដូចជា កាលពីព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ អាជីវកម្មខ្វៃជ្រូកក្នុងផ្ទះល្វែងមួយនេះ បានបង្កអគ្គីភ័យក្នុងផ្ទះល្វែងរបស់ខ្លួនផ្អើលដល់អ្នកជិតខាងមកជួយពន្លត់។ ក្រៅពីនេះ ពេលដល់រដូវបុណ្យសែនជនជាតិចិនម្តងៗ សិប្បកម្មនេះបានយកផ្លូវលំក្បែរនោះមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងបង្កក្លិនស្អុយដល់អ្នកភូមិជាដើម។ ​

ម្ចាស់អាជីវកម្មខ្វៃជ្រូក អ្នកស្រី លីម លីជាង ឱ្យដឹងថា អាជីវកម្មរបស់អ្នកស្រី មិនធ្លាប់មានបញ្ហានោះទេ ដោយថា ជ្រូកដែលយកមកខ្វៃនោះ គឺ ធ្វើស្អាតស្រាប់ពីទីអត្តឃាតមក ហើយបញ្ហាស្អុយនៅតំបន់នោះ ដោយថាការប្រមូលសំរាមយឺតយ៉ាវ​។ ចំណែកអគ្គីភ័យម្តងនោះ អ្នកស្រីថា គឺឆេះក្រដាស ដោយការអាំងត្រី ហើយខាងអ្នកស្រី ក៏ពន្លត់ភ្លាមៗដែរ។

អ្នកស្រីថា ពលរដ្ឋទាមទារឱ្យអ្នកស្រីបញ្ឈប់អាជីវកម្មនោះ គឺមិនសប្បាយចិត្តនឹងមុខរបររបស់គាត់ ដោយថា អ្នកខ្លះចង់លក់ផ្ទះឱ្យអ្នកស្រី តែអ្នកស្រីមិនព្រមទិញ ទើបមានបញ្ហាផ្សេងៗកើតឡើង។

អ្នកស្រីបន្តថា៖ «គាត់រករឿងខ្ញុំ ចង់ឱ្យទិញផ្ទះរបស់គាត់ ខ្ញុំមានលុយណាទិញបង ខ្ចីលុយរដ្ឋអស់រាប់ម៉ឺនហ្នឹង រត់ម៉េចរួច។ គាត់មានបញ្ហាជាមួយខ្ញុំ ចង់លក់ផ្ទះឱ្យខ្ញុំហ្នឹង។ វាអីចឹង ផ្ទះគេខាងកើតគេមិនអីទេ គេខាងមុខខាងកើតគេអត់ថាអីទេ គេស្រលាញ់ខ្ញុំគ្រប់គ្នាហ្នឹង។ តែគាត់មួយហ្នុង។ ចា៎! ខ្ញុំបន្តរហូត ព្រោះខ្ញុំនៅផ្សារខ្ញុំបង់កន្លែងបង់អី នៅខណ្ឌទាំងអស់ហ្នឹង។ បើខ្ញុំឈប់លក់បានអីញាំទៅ បើខ្ញុំលក់អាហ្នឹងឡើង១៥ឆ្នាំ ២០ឆ្នាំហើយហ្នឹង»។

ចៅសង្កាត់រងទី១ ផ្សារដើមគរ លោក កែវ វន ឱ្យ វី.អូ.ឌី ដឹងនៅថ្ងៃនេះថា ខាងអាជ្ញាធរបានទទួលពាក្យបណ្តឹងរបស់ពលរដ្ឋហើយ ដោយថា នឹងដោះស្រាយបញ្ហានេះក្នុងរយៈពេល១៥ថ្ងៃ។ លោកបន្តថា ប្រសិនបើអាជ្ញាធររកឃើញថាសិប្បកម្មនេះ ពិតជាបង្កផលប៉ះពាល់ដូចការលើកឡើងរបស់អ្នកភូមិមែន ខាងលោកនឹងបញ្ជាឱ្យបិទសិប្បកម្មនោះតែម្តង ឬណែនាំឱ្យបន្តអាជីវកម្មរបស់ខ្លួននៅឆ្ងាយពីអ្នកជិតខាងឬ ក្រៅក្រុងតែម្តង។

​អាជីវកម្មខ្វៃជ្រូក របស់អ្នកស្រី លីម លីជាង បានដំណើរការនៅផ្តុំផ្ទះល្វែងផ្លូវ ២០៦Z ភូមិ១៤នោះ ប្រមាណ២ឆ្នាំមកហើយ ក្រោយពេលម្ចាស់អាជីវកម្មនេះ ផ្លាស់ប្តូរកន្លែងខ្វៃជ្រូករបស់ខ្លួនពីម្តុំសង្កាត់ផ្សារដេប៉ូមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ