អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​ផ្លូវការ

អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ

អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ និង​កូន​​ប្រុស​របស់លោក បាន​ដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាផ្លូវការ​កាលពីថ្ងៃម្សិលមិញ ដោយថា ដើម្បីស្នើ​សុំ​សិទ្ធិធ្វើនយោបាយឡើងវិញ។

អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្រាប់​​ វីអូឌី​ នៅ​ថ្ងៃ​នេះ​ថា លោក​មាន​ជំនឿ​ចិត្ត​ថា ព្រះ​មហាក្សត្រ នឹង​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក និង​កូន​ប្រុស​លោក គឺ​លោក គង់ បូរ៉ា ឡើង​វិញ។

លោក គង់ គាំ មាន​ប្រសាសន៍​តាម​ទូរស័ព្ទថា៖ «តាមសាលដីកានេះ ខ្ញុំក៏បានមិនល្មើសអីដែរ មិនបានធ្វើនយោបាយ មិនបានចូលគណបក្សនយោបាយ មិនបានឈរ​ឈ្មោះ មិនបាន​ប្រទូស្តរាយជាមួយគណបក្សណាទេ។ ដូច្នេះ ជឿជាក់យ៉ាងមុតមាំថា នឹង​ទទួល​បាន​នីតិសម្បទាធ្វើនយោបាយឡើងវិញ​ដោយព្រះមហាក្សត្របាទ​»

លោក គង់ គាំ បញ្ជាក់ថា នៅពេលរួចផុតពីបំរាមតាមសាលដីកាតុលាការកំពូល លោកនឹង​ចូលរួមជីវិតនយោបាយជាមួយគណបក្សឆន្ទៈខ្មែរ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូនប្រុសពៅ​របស់​លោក គឺ​លោក គង់ ម៉ូនីកា។

លោកបន្ថែមថា ចំណែកកូនប្រុសរបស់គាត់ គឺលោក គង់ បូរ៉ា នឹងវិលទៅចូលក្រមខណ្ឌរដ្ឋចាស់ជាមន្ត្រីនៅក្រសួងកសិកម្មវិញ ក្រោយពេលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ និង​កូនប្រុសពីរនាក់​​ទៀត​របស់លោក ស្ថិត​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​អតីត​បក្សប្រឆាំង ១១៨​នាក់ផ្សេងទៀត ដែល​​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ជា​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ