មន្ត្រី​អះ​អាង​ថា ​ទីផ្សារ​អន្តរជាតិ​ប្រកួត​ប្រជែង​ខ្លាំង​ ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ធ្លាក់​ចុះ​នៅ​ឆ្នាំ​មុន

អង្ករ សែនពិដោរ

តួលេខ​ពី​រដ្ឋាភិបាល បាន​បង្ហាញ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បាន​ធ្លាក់​ចុះ ១.៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​រដ្ឋាភិបាល​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​ក្រសួង​កសិកម្ម បាន​​ឲ្យ​ដឹង​ថា​ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ៦២​ម៉ឺន​តោន នៅ​ចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​ធ្នូ​ឆ្នាំ​មុន ដោយ​បាន​ធ្លាក់​ចុះ​​ចំនួន ១.៥​ភាគរយ បើធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ ៦៣​ម៉ឺន​តោន​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

ប៉ុន្តែ ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុង​ខែ​ធ្នូ​កន្លង​មក​នេះ មាន​ចំនួន ១២​ម៉ឺន​តោន ដោយ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​ដល់​ទៅ ៤៣​ភាគរយ ​បើ​ធៀប​នឹង​ខែ​ធ្ នូ​ឆ្នាំ​២០១៧​កន្លង​មក។

តួលេខ​ពី​រដ្ឋាភិបាល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា​បាន​នាំ​អង្ករ​ដល់​ទៅ ១៧​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ក្លាយ​ជា​ទីផ្សារ​ធំ​ជាង​សម្រាប់​អង្ករ​កម្ពុជា​ដែល​មាន​ចំណែក​ដល់​ទៅ ២៧.១៧​ភាគរយ ខណៈ​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​បារាំង​បាន​ជិត ៩​ម៉ឺន​តោន តាម​ពី​ក្រោយ​ដោយ​ប្រទេស​ម៉ាឡេស៊ី​ទំហំ​ជាង ៤​ម៉ឺន​តោន ប្រទេស​ហ្គាបុង​ជាង ៣​ម៉ឺន​តោន និង​ហូឡង់​ជិត ៣​ម៉ឺន​តោន។

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ លោក កែវ មុន្ធីវុធ មាន​ប្រសាសន៍​ថា ​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​បែប​នេះ បណ្ដាល​មក​ពី​បញ្ហា​ទឹក​ជំនន់​ដែល​ប៉ះ​ពាល់​ដល់​ទិន្នផល​ស្រូវ​កាល​ពី​ឆ្នាំ​មុន ការ​ប្រែប្រួល​នៃ​ទីផ្សារ​អង្ករ និង​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ​នៅ​ជិត​ខាង​កម្ពុជា។

លោក​ថា៖ «ឥណ្ឌា ប៉ាគីស្ថាន ក្រៅពីថៃ និងវៀតណាម ពីរហ្នឹងក៏គេបញ្ចេញអង្ករដែរ ហើយរាល់ការបញ្ជាទិញមួយចំនួន ក៏ងាកទៅខាងនោះដែរដែលមានតម្លៃប្រកួតប្រជែងជាមួយយើង»

ទោះ​ជា​យ៉ាង​ណា​ លោក​បញ្ជាក់​ថា កម្ពុជា​នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៩​នេះ តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ប្រទេស​ចិន ដែល​បាន​សន្យា​ទទួល​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ចំនួន ៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​របាយការណ៍​ដដែល​ខាង​លើ​នេះ អង្ករ​កម្ពុជា​ត្រូវ​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ឯក​ជន​ចំនួន ៨៧ ទៅ​កាន់​ប្រទេស​ចំនួន ៦០​នៅ​ទូទាំង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ