ក្រុម​អ្នក​កាសែត​​បន្ត​ស្នើ​​ឲ្យទម្លាក់​ចោលបទ​ចោទប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន RFA មួយ​ថ្ងៃ​មុន​ជំនួប​ជាមួយ​លោក ហ៊ុន សែន

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ន​ចម្រុះ​ បាន​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប តែ​១​ថ្ងៃ​ប៉ុណ្ណោះ​មុន​ជំនួប​ប្រចាំ​ឆ្នាំ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា។

និពន្ធនាយកសារព័ត៌មានកាសែត ខ្មែរ ថាមស៍ លោក ម៉ៃ ទិត្យថារ៉ា បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា បាន​ចេញ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្នើ​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដែល​សុទ្ធ​តែ​ជា​អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី។

អ្នកសារព័ត៌មាន​រូប​នេះ លើក​ឡើង​ថា ការបន្តដាក់ឱ្យ​អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់​នេះ ស្ថិត​ក្រោមការត្រួតពិនិត្យរបស់តុលាការ ធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគេទាំងនោះផង​ដែរ។

លោកមានប្រសាសន៍ថា៖ «បាទ! ជាការពិតហើយ បើសិនជាតុលាការលោកពិចារណា​ទម្លាក់បទចោទ​ទាំងស្រុងទៅលើពួកគាត់ទាំងពីរនាក់ហ្នឹង ខ្ញុំគិតថា វាជាការបើកចំហជើងមេឃ​ទៅលើសេរីភាពសារព័ត៌មានយើងបាទ។ យើងមានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើការ»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ

ក្រុមអ្នកសារព័ត៌មាន បាន​ហៅ​វិធានការ​នេះ​ថា ធ្វើឱ្យអ្នកទាំងពីរពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកកាសែតបន្តទៀតបាន។

លោក ម៉ៃ ទិត្យ​ថារ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​សារព័ត៌មាន​ក៏​​នឹងដាក់​លិខិត​ចំហ​នេះ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ដែល​គ្រោង​ជួប​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្រៅ​ពី​លិខិត​ចំហ​របស់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា មេធាវីការពារក្តីឱ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរូប គឺ​លោក កែវ វន្នី កកាលពីថ្ងៃម្សិលមិញនេះ ក៏​បាន​ស្នើ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឲ្យ​បិទបញ្ចប់ការស៊ើបសួរលើកូនរបស់លោក និងស្នើ​ឲ្យ​ទម្លាក់ចោល​បទចោទប្រកាន់ទៅលើកូនក្តីរបស់ខ្លួន​។

លោកបន្ថែមថា៖ «បាទ! មកទល់ពេលវាអត់មាន ភស្តុតាងវាអត់មានគ្រប់គ្រាន់ នៃធាតុផ្សំ។ ដូច្នេះ ខាងខ្ញុំចង់ឱ្យមានការទម្លាក់ការចោទប្រកាន់ ដោយសារអត់មានភស្តុតាងតែម្តងក្នុងរឿងទាំងពីរហ្នឹង»

អ្នកនាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី សុំ​មិន​បក​ស្រាយ​ទេ ដោយ​បានប្រាប់​ថា លោក​ត្រូវការមើលសំណុំរឿងនេះជាមុនសិន។

សាស្ត្រាចារ្យសារព័ត៌មាន នៃសាកល័យ​វិទ្យាកម្ពុជា លោក មឿន ឈានណារិទ្ធិ ជឿ​ថា អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នោះ មិនបានប្រព្រឹត្ត​ខុសវិជ្ជាជីវៈធ្ងន់ធ្ងរនោះទេ ហើយការចោទប្រកាន់លើអ្នកទាំងពីរ បានផ្តល់ផលអវិជ្ជមានដល់អ្នកសារព័ត៌មានដទៃ។

លោក មឿន ឈានណារិទ្ធិ មាន​ប្រសាសន៍ថា៖ «អញ្ចឹង បើសិនជាអ្នកសារព័ត៌មាន គាត់រារែក មិនហ៊ានផ្សាយព័ត៌មានដែលអវិជ្ជមាន ដែលចម្រូងចម្រាស់នោះ វាខាតបង់ទាំងអស់គ្នា។ ខាតបង់ទាំងអ្នកសារព័ត៌មាន ខាតបង់ទាំងរាជរដ្ឋាភិបាល ខាតបង់ទាំងសង្គមទាំង​មូល»

លោក អ៊ួន ឈិន និង លោក យាង សុធារិន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពី​ពាក់​ខែ​វិច្ឆិកា ២០១៧ ហើយ​ត្រូវ​បាន​តុលាការចោទប្រកាន់ពីបទ​ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទ៍ដែលបង្កអន្តរាយដល់កិច្ចការពារជាតិ ឬ​ចារកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ