នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​លើ​ច្បាប់ចំនួន​៣ទាក់ទងនឹង​ព័ត៌មាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ information.gov.kh)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ដល់​ក្រសួង​ព័ត៌មាន និង​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា​លើ​ច្បាប់​ទាក់ទង​នឹង​ព័ត៌មាន​ចំនួន​៣ ដោយ​ថា​ដើម្បី​ធានា​ដល់​សេរីភាព និង​លុប​បំបាត់​ព័ត៌មាន​មិន​ពិត។

លោក​ ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​ជួប​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​រសៀល​នេះ​ ដោយ​ស្នើ​ដល់​ក្រសួង​ព័ត៌មាន ក្រសួង​ទូរគមនាគមន៍ និង​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ច្បាប់​ចំនួន​៣​ដែល​រួម​មាន​ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ និង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​ទាំង​បី​នេះ​ស្រប​គ្នា ងាយស្រួល​អនុវត្ត និង​លុប​បញ្ហា​ព័ត៌មាន​ក្លែង​ក្លាយ។

លោក​ថា៖ « ច្បាប់​ទាំង​អស់​ត្រូវ​មាន​ភាព​ស៊ីគ្នា​ជា​មួយ​គ្នា ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រាប់​ទាំង​ការ​បំពេញ​បន្ថែម​ជា​មួយ​នឹង​ក្រម​ព្រហ្មទណ្ឌ ដែល​យើង​កំពុង​តែ​ប្រើប្រាស់​នេះ​ផង​ដែរ ដើម្បី​ផ្ដន្ទាទោស​ទៅ​លើ​បទ​ល្មើស​បច្ចេកវិទ្យា។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចង់​លើក​ឡើង​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​ និង​ជំរុញ​ឲ្យ​មាន​ការ​ជឿន​លឿន​ក្នុង​វិស័យ​ព័ត៌មាន​របស់​កម្ពុជា » ។

សូម​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​ច្បាប់​សម្រាប់​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ គឺ​មាន​តែ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥​ប៉ុណ្ណោះ​ដែល​កំពុង​អនុវត្ត ខណៈ​ច្បាប់​ពីរ​ទៀត​គឺ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​កំពុង​ស្ថិត​ក្នុង​សេចក្ដីព្រាង​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ