អ្នកច្បាប់មួយចំនួន លើកឡើងថា ករណីសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួននគរបាលប្រឆាំងផលិតផលក្លែងក្លាយកាលពីម្សិលមិញ បង្ហាញពីកម្សោយនៃកិច្ចសហការ និងការអនុវត្តច្បាប់នៅកម្ពុជា ជាពិសេសវានឹងធ្វើឲ្យមន្ត្រីអនុវត្តច្បាប់ក្រោយៗ មានការរុញរាក្នុងការបំពេញតួនាទីរបស់ខ្លួន។
កាលពីម្សិលមិញតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃបានចុះទៅឃាត់ខ្លួនមន្ត្រីនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៦នាក់ ក្នុងនោះមានឧត្ដមសេនីយ៍ត្រី(ផ្កាយមួយ)ម្នាក់ផងដែរ បន្ទាប់ពីមន្ត្រីទាំងនោះចុះពិនិត្យឃ្លាំងស្តុកបារីមួយក្លែងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ទោះជាយ៉ាងណាបន្ទាប់ពីឃាត់ខ្លួនអ្នកទាំង៦នាក់នោះត្រូវបានដោះលែងវិញ។
ករណីនគរបាលឃាត់ខ្លួននគរបាលនេះត្រូវបានអ្នកតាមដានសង្គម និងអ្នកច្បាប់យល់ថា កំពុងបង្ហាញពីភាពមិនស៊ីសង្វាក់គ្នានៃការអនុវត្តច្បាប់ និងធ្វើឲ្យមន្ត្រីក្រោយៗមានការរុញរាក្នុងការអនុវត្តន៍ច្បាប់ផងដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ករណីនេះវាបង្ហាញពីភាពមិនសហការគ្នារវាងមន្ត្រីគ្នាឯង និងព្រះរាជអាជ្ញា ហើយវាបានធ្វើឲ្យអ្នកអនុវត្តន៍ច្បាប់ក្រោយៗមានការព្រួយបារម្ភនៅពេលដែលខ្លួនចុះប្រតិបត្តិការណ៍ បើទោះបីជា ស៊ើបដឹងថាកន្លែងដែលខ្លួនចុះទៅពិនិត្យនោះគឺខុសច្បាប់មែនក៏ដោយ។
លោកថា៖ « ទីមួយ គេអាចនឹងសង្ស័យថាការដែលចុះទៅហ្នឹង គឺគ្មានលិខិតបេសកកម្ម ឬអីវាអាចទាក់ទងនឹងភាពមិនប្រក្រតីទៅវិញ អញ្ចឹងបើចេតនាគាត់ខ្លះល្អ ក៏ប៉ុន្តែគ្មានលិខិតបេសកកម្មអត់មានបទបញ្ជាអាចនឹងរងគ្រោះ ហើយព្រឹត្តិការណ៍ម្សិលមិញនោះវានឹងធ្វើឲ្យសមត្ថកិច្ចត្រូវពិចារណាឡើងវិញឲ្យបានច្បាស់លាស់មុននឹងចេញបេសកកម្មនោះ » ។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើតាមឋានានុក្រមសមត្ថកិច្ចថ្នាក់ក្រោមមិនមានលទ្ធភាពណាមួយក្នុងការឃាត់ខ្លួនអ្នកដែលមានឋានៈលើខ្លួនទេ លោកយល់ថា រូបភាពដែលនគរបាលឃាត់ខ្លួននគរបាលនេះវាបានបង្ហាញពីការមិនឲ្យតម្លៃនៃឋានន្តរសក្ដិក្នុងជួរមន្ត្រីនៅកម្ពុជា។
លោកថា៖ « ទីមួយ យើងសំអាងលើបណ្ដឹងថា មានជនក្លែងក្លាយមកមែនឬអត់។ ទីពីរ ចុះទៅមើលថា ដូចការរាយការណ៍មកមែនឬអត់? ហើយបើទៅមើលឃើញថាគេមានលិខិតបទបញ្ជាអីច្បាស់លាស់។ រឿងអីយើងទៅឃាត់ខ្លួនគេ។ ទុកឲ្យគេធ្វើការសិនទៅ » ។
VOD មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីឆ្លើយតបបាននៅឡើយទេ។
គេហទំព័រនគរបាលជាតិកាលពីម្សិលមិញបានដកស្រង់ប្រសាសន៍របស់ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកឧត្ដមសេនីយ៍ ទូច យុទ្ធា ថាករណីនេះគឺជាការយល់ច្រឡំ ដោយថាមុនហេតុការណ៍នោះ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលសេចក្ដីរាយការណ៍ថា មានរថយន្តដឹកបារី ក្លែងក្លាយចូលក្នុងឃ្លាំង ប៉ុន្តែពេលកម្លាំងចុះធ្វើការ ក៏ជួបនឹងហេតុការណ៍នេះតែម្ដង។
លោកបន្ថែមថា ម្ចាស់ក្រុមហ៊ុនបារីមិនបានសហការជាមួយកម្លាំងសមត្ថកិច្ច និងបានរាយការណ៍ទៅសមត្ថកិច្ច បណ្ដាលអោយមានកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះឃាត់ខ្លួនតែម្ដង។
បើតាមអគ្គស្នងការនគរបាលជាតិ ការចាប់ខ្លួនមន្ត្រី៦នាក់ គឺកើតឡើងដោយសារការចាប់ច្រឡំប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីមនុស្សក្លែង ឯកសណ្ឋានបន្លំធ្វើកងកម្លាំងនគរបាល ចុះធ្វើសកម្មភាពមិនប្រក្រតីជាច្រើនដែលនាំអោយមានការយល់ច្រឡំ មកលើកងកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ត្រឹមត្រូវ ៕