កសិករនៅតាមបណ្តាខេត្តមួយចំនួនត្អូញត្អែរពីស្រូវធ្លាក់ថ្លៃ

ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន បានត្អូញត្អែរថា ផលស្រូវរបស់ពួកគាត់ដែលប្រមូលបាននៅដើមឆ្នាំ២០១៩នេះ លក់បានតម្លៃថោក ធ្វើឲ្យខាតបង់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់សងលើការចំណាយថ្លៃដើមពេលដាំដុះ។​

កសិករដែលផ្តល់បទសម្ភាសន៍ឲ្យវីអូឌីឲ្យដឹងថា ផលស្រូវរបស់ពួកគាត់លក់បានចម្លោះពី៨០០រៀល ទៅ១០០០រៀលក្នុង១គីឡូក្រាម។ ពួកគាត់ថា តម្លៃនេះមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមដាំដុះទេ។​

កសិករ​នៅ​ឃុំ​សឿង ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ ​​អ្នក​ស្រី តឿង ប៊ុននឿង មាន​ប្រសាសន៍​ថា​ តម្លៃ​ស្រូវ​ដែល​អ្នក​ស្រី​ប្រមូល​បាន​នា​ដើម​ឆ្នាំ​២០១៩​នេះ ​ត្រូវ​បាន​ឈ្មួញ​ឲ្យ​តម្លៃ​ត្រឹម​តែ​ជាង​១ពាន់រៀល​​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ចំពោះ​ស្រូវ​ក្រអូប​ដែល​មាន​គុណភាព​ល្អ តែ​សម្រាប់​ស្រូវ​ក្រអូប​ដែរ​តែ​គុណភាព​មិន​ល្អ​ឈ្មួញ​ឲ្យ​តែ​៨រយ​រៀល​តែ​ប៉ុណ្ណោះ។

អ្នកស្រី​ថា៖ « ព្រោះ​បើ​យើង​គិត​ទៅ​តម្លៃ​ម៉ាស៊ូត​តម្លៃ​ជី​តម្លៃ​ថ្នាំ​បាញ់​អី វា​តម្លៃ​ថេរ​វា​អត់​ចុះ​តាម​ស្រូវ​ឯណា ដល់​អញ្ចឹង​ប្រជាពលរដ្ឋ​ជួប​ផល​វិបាក​ហើយ! បើ​សំណូម​ពរ​ពួក​ខ្ញុំ​សុំ​ឲ្យ​តែ​តម្លៃ​ថេរ​តែ​គីឡូ​៩​បាត(ប្រមាណ១២០០រៀល) ត្រឹម​តម្លៃ​ប៉ុណ្ណេះ​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ហើយ​ » ។

មិន​ខុស​ពី​អ្នក​ស្រី​ ប៊ុននឿង ​ប៉ុន្មាន​ កសិករ​នៅ​ឃុំ​សំរោង ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម លោក ភិន សុផល មាន​ប្រសាសន៍​ថា ​តម្លៃ​ស្រូវ​ធម្មតា​អ៊ីអ៊ែ នៅ​ឆ្នាំ​នេះ​ លោក​លក់​បាន​​តែ​៨០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ ខណៈ​កាល​ពី​ឆ្នាំ​មុន​លោក​អាច​លក់​បាន​ដល់​ទៅ​៩​រយ​រៀល។ លោក​បន្ថែម​ថា ​ដោយ​សារ​តែ​ពិបាក​រក​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ស្រែ​នេះ​ ពលរដ្ឋ​ក្នុង​ភូមិ​ឃុំ​លោក​ត្រូវ​ដាំ​ដុះ​បន្លែ​ផ្លែឈើ​ និង​ធ្វើ​ចម្ការ​បន្ថែម​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព។

លោក​ថា៖ « ឈ្មួញ​ក្នុង​ស្រុក​ឲ្យ​តម្លៃ​តាម​មាត់​ មិន​មែន​យើង​មាន​ទីផ្សារ​ហើយ​អត់​មាន​ឈ្មួញ​ចូល​មក​ទិញ​ទេ​ណា! ហើយ​គេ​ទិញ​យក​ទៅ​លក់​ហ្នឹង​មិន​ដឹង​ជា​ចំណេញ​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ​ស្រេច​តែ​គេ​ឲ្យ​ថ្លៃ។ […] យើង​ធ្វើ​ស្រូវ​យើង​ចំណាយ​លើ​ជី​ ចំណាយ​លើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ចំណាយ​សង​ធនាគារ ភ្លើង​អី​ហ្នឹង » ។

ឈ្មួញ​កណ្ដាល​ទិញ​ស្រូវ​ពី​កសិករ​ម្នាក់​នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល ​អ្នក​ស្រី សែម ភា មាន​ប្រសាសន៍​ថា បញ្ហា​បច្ចុប្បន្ននេះ ​ក៏​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ក្រុម​អ្នក​ទិញ​ដែរ​ ដោយ​សារ​តែ​ត្រូវ​យក​លុយ​ទៅ​បង្វិល​ថ្លៃ​ដើម ហើយ​នៅ​ពេល​ដែល​ស្រូវ​ចុះ​ថោក​ដូច​នេះ​ គឺ​លក់​មិន​ចំណេញ​នោះ​ទេ។ អ្នក​ស្រី​បន្ថែម​ថា មូលហេតុ​ដែល​តម្លៃ​ស្រូវ​ចុះ​មក​នៅ​​ត្រឹម​តែ​៨០០រៀល​នេះ​ដោយ​សារ​ តែ​ស្រូវ​មាន​ច្រើន ហើយ​ឈ្មួញ​វៀតណាម​បន្ទាប​តម្លៃ​ស្រូវ​ខ្មែរ។

អ្នក​ស្រី​ថា៖ « ពី​ឆ្នាំ​ទៅ​បាន​ថ្លៃ​គ្រាន់​បើ បាន​១១៨០០រៀល ១២០០០រៀល​អី​(ក្នុង១តៅ១២គីឡូ) យើង​បាន​ថ្លៃ​គ្រាន់​បើ ដល់​ឆ្នាំ​នេះ​ធ្លាក់​ហៅ​អត់​ឮ​ហ្មង​ ឆ្នាំ​មុន​ខែ​នេះ​ស្រូវ​ដើម​ដៃ​អញ្ចឹង​យើង​លក់​បាន​ថ្លៃ​ ហើយ​ឆ្នាំ​នេះ​ធ្លាក់​តាំង​ពី​ឥឡូវ​ហើយ​ ទម្រាំ​ដល់​ចុង​ដៃ​ខែ​បី​ខែ​បួន​ដែល​ប្រមូល​ផល​ច្រើន​មែន​ទែន ចាំ​មើល​រឹតតែ​គរ​ច្រើន​ទៀត។ ខែ​នេះ​ដំបូង​ដើម​ទី ហើយ​ចាំ​មើល​ដល់​ខែ​៣​ខែ​៤​ដឹង​តែ​គេ​លែង​ទិញ​ហ្មង​ » ។

អ្នក​ស្រី​សំណូម​ពរ​ដល់​រដ្ឋាភិបាល​គួរ​គិត​គូរ​ពី​បញ្ហា​នេះ​ ដោយ​គួរ​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ច្រើន​ពី​ទីផ្សារ​កសិកម្ម និង​ជំរុញ​ដល់​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ឲ្យ​ប្រមូល​ទិញ​អង្ករ​ពី​ពលរដ្ឋ​ឲ្យ​បាន​ច្រើន។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ ទទួល​ស្គាល់​ថា​ អង្ករ​កម្ពុជា​ពិត​ជា​ធ្លាក់​ថ្លៃ​ពិត​មែន។ លោកថា ក្រសួងនឹងរៀបចំជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយ។​

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក ស្រី វុឌ្ឍី មាន​ប្រសាសន៍​ថា​ បញ្ហា​គាំង​ទីផ្សារ​នេះ ​គឺ​បណ្ដាល​មក​ពី​ប្រទេស​ដែល​ជា​អ្នក​ទិញ​ច្រើន​ពី​កម្ពុជា​មាន​ថៃ​ និង​វៀតណាម​ ក៏​ដល់​រដូវ​ប្រមូល​ផល​ផង​ដែរ ខណៈ​ទីផ្សារ​អន្តរជាតិ​បាន​ចុះ​ថ្លៃ ហើយ​ប្រទេស​ឥណ្ឌា​បាន​បញ្ចេញ​អង្ករ​ច្រើន​ទៅ​លក់​។ លោក​បន្ថែម​ថា ​នៅ​ពេល​នេះ​ក្រសួង​ក៏​កំពុង​សិក្សា និង​មាន​វិធាន​ការណ៍​នា​ពេល​ខាង​មុខ។

លោក​ថា៖ « កន្លង​មក​ វៀតណាម​ច្បាស់​ជា​មួយ​កិច្ច​សន្យា​ហ្នឹង ដល់​រដូវ​គេ​សម្រុក​មក​ទិញ​តែ​ម្ដង អញ្ចឹង​យើង​នេះ​វា​ធូរ អញ្ចឹង​យើង​នេះ​គ្រាន់​បើ​បន្តិច​ទៅ! តែ​ពេល​នេះ​ក្នុង​ខែ​នេះ​ហាក់​បីដូច​ជា​នៅ​ទ្រឹង។ តែ​ខ្ញុំ​គិត​ថា​ នៅ​ពេល​ខាង​មុខ​បន្តិច​ទៀត​វៀតណាម ឬ​មួយ​ក៏​ខាង​ថៃ​ចាប់​ផ្ដើម​ទិញ​ដោយ​សារ​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើង​ថ្លៃ​វិញ។ អញ្ចឹង​គេ​ទ្រឹង​បន្តិច​សិន ​ហើយ​នៅ​ពេល​ទីផ្សារ​គេ​ហក់​ឡើង​វិញ​បន្តិច​ប្រហែល​ជា​មក​ទៀត​ហើយ​ » ។ ​

​សម្រាប់​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន មាន​ប្រសាសន៍​ថា​ បញ្ហា​តម្លៃ​ស្រូវ​ថយ​ចុះ​នេះ​អាច​បណ្ដាល​មក​ពី​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​យក​ពន្ធ​អង្ករ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មិន​ទាន់​ហ៊ាន​សម្រេច​ចិត្ត​បោះ​ទុន​ទិញ​។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​រក្សា​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​ថ្មី​ៗ​មិន​គួរ​ចាំ​បាច់​តែ​ទីផ្សារ​ថៃ និង​វៀតណាម​នោះ​ទេ។​

លោក​ថា៖ « ហើយ​បើ​ទោះ​បី​កម្ពុជា​យើង​មាន​ទីផ្សារ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ ក៏​ប្រទេស​ទាំង​ពីរ​ហ្នឹង​នាំ​អង្ករ​ទៅ​លក់​នៅ​អឺរ៉ុប​ដែរ បើ​ទោះ​បី​ផលិតផល​ខ្មែរ​តែ​បាន​ពាក់​ផ្លាក​ប្រទេស​ថៃ​ឬ​វៀតណាម » ។

ទោះ​ជា​យ៉ាង​ណា ​អគ្គនាយក​នៃ​ក្រុមហ៊ុន​បៃតង​នាំ​ចេញ​អង្ករ​ លោក ភូ ពុយ មាន​ប្រសាសន៍​ថា​ ទីផ្សារ​កម្ពុជា​អាច​នឹង​សម្រុក​ទៅ​កាន់​ប្រទេស​នៅ​អាស៊ី​ឲ្យ​​ខ្លាំង​ដែល​មាន​ដូច​ជា​ចិន ម៉ាឡេស៊ី និង​ប៊្រុយណេ ដើម្បី​តៀម​ទៅ​នឹង​ការ​យក​ពន្ធ​របស់​អឺរ៉ុប​នេះ ខណៈ​ជំរុញ​ឲ្យ​ពលរដ្ឋ​ងាក​មក​ដាំ​អង្ករ​ក្រអូប​ឲ្យ​បាន​ច្រើន​ព្រោះ​អង្ករ​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ និង​មាន​ទីផ្សារ​ច្រើន​។

លោក​ថា៖ ​« តាម​ការ​ពិត​ទៅ​យើង​ធ្វើ​យូរ​ដែរ​ហើយ ដើម្បី​ត្រៀម​ទប់​នឹង​ការ​យក​ពន្ធ​របស់​អឺរ៉ុប​ហ្នឹង។ យូរ​ឬ​ឆាប់​គង់​តែ​បិទ​ដដែល​ហ្នឹង​ ទោះ​បី​បិទ​ក៏​យើង​នៅ​តែ​ធ្វើ បើ​មិន​បិទ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដែរ » ។

​ឆ្នាំ​២០១៨​នេះ កម្ពុជា​នាំ​ចេញ​អង្ករបាន​ជាង​៦២​ម៉ឺន​តោន​ ថយ​ចុះ​ ១,៥​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៧​ ជាង​៦៣​ម៉ឺន​តោន ខណៈ​រដ្ឋាភិបាល​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ