ជារឿងសោកស្ដាយយ៉ាងខ្លាំងដែលកីឡាករ អេ រដ្ឋា ត្រូវបានគ្រូបង្វឹករបស់គេ គឺ អេ ភូថង ប្រកាសថា កំពុងប្រឈមនឹងពិការភាពប្រសិនបើខ្វះការព្យាបាលដិតដល់បន្ត ក្នុងពេលដែលគេក្រៅពីនៅមានសភាពគួរអោយបារម្ភនៅឡើយ ក៏ត្រូវជ្រុះបាត់កៅអីឡើងទៅវគ្គ៤នាក់ ព្រោះតែមិនអាចឡើងប្រកួតបាននោះផង។
លោក អេ ភូថង បានអះអាងថា ជារឿងសោកស្ដាយខ្លាំងណាស់ ដែលក្នុងព្រឹត្តិការណ៍ TV5 Knockout Series By K-Cement របស់ប៉ុស្ដិ៍លេខ៥ កូនសិស្សរបស់លោកត្រូវឡើងប្រកួតទៅយកកៅអី៤នាក់ ប៉ុន្តែបែជាឡើងប្រកួតមិនបាន ហើយថែមទាំងមិនទាន់ដឹងថា នឹងមានសភាពធូរស្រាលអាចបន្តការប្រដាល់ទៀត បានឬ មិនបាន។
ការប្រកួតវគ្គជម្រុះអ្នកឈ្នះ៨នាក់ បន្តទៅកាន់៤នាក់ កាលពីថ្ងៃទី១៩ ខែមករា កីឡាករ បឺត សង្ឃឹម និងកីឡាករ អេ រដ្ឋា ដែលត្រូវរថយន្តកិន ត្រូវឡើងប្រកួតជាមួយគ្នា ដើម្បីស្វែងរកម្នាក់ទៅកាន់វគ្គ១ភាគ៤ ប៉ុន្តែការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករ បឺត សង្ឃឹម ត្រូវគេប្រកាសឲ្យឡើងដោយស្វ័យប្រវត្តិ ដោយគ្រាន់តែឲ្យគេប្រកួតបង្គ្រប់កិច្ចជាលក្ខណៈមិត្តភាពជាមួយកីឡាករ ស៊ឹម ប៊ុនឆៃ កុំឲ្យខាតម៉ោងកម្មវិធី។

អ្នកគាំទ្រនៅក្នុងថ្ងៃនោះ មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង នៅពេលលោក អេ ភូថង បញ្ជាក់ថា កីឡាករ អេ រដ្ឋា បើទោះជាបានចាកចេញពីមន្ទីរពេទ្យក្រោយចំណាយពេលច្រើនថ្ងៃចូលសង្គ្រោះបន្ទាន់ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងររបស់គេនៅមានកម្រិតពិបាកច្រើនណាស់ជាពិសេសគឺជំងឺធ្វើទុក្ខ ទើបធ្វើឲ្យកីឡាកររូបនេះ ប្រឈមនឹងពិការភាព ឬអាចនឹងទ្រុឌទ្រមសុខភាពច្រើនទៀត បើលទ្ធភាពក្នុងការព្យាបាលនៅមិនអាចធ្វើបាន។
លោក អេ ភូថង បានបន្តថា កូនសិស្សរបស់លោក ដេកយំរាល់ថ្ងៃនៅពេលនឹកដល់ការប្រកួតដណ្ដើមកៅអីវគ្គ៨នាក់យក៤នាក់ ប៉ុន្តែត្រូវខកខាន ព្រោះតែជួបហេតុការណ៍ចរាចរណ៍។ ក្នុងនោះគេក៏ភ័យពីរឿងរាងកាយរបស់ខ្លួនធ្លាក់ខ្លួនពិការ ព្រោះតែប្រព័ន្ធសរីរាង្គដែលត្រូវឡានកិន នៅមានសភាពធ្វើទុក្ខ ព្រោះតែខ្វះលទ្ធភាពវះកាត់ និងព្យាបាលដិតដល់។
លោកថា អេ រដ្ឋា គឺជាកូនកំព្រាដែលលោកយកមកចិញ្ចឹម ហើយស្ថានភាពដែលគេបានធូរស្រាលក្នុងប៉ុន្មានថ្ងៃចុងក្រោយ គឺព្រោះតែមានសំណាងត្រូវបានសប្បុរសជនច្រូងច្រាងជួយគ្នា ដែលជួយអោយគេអាចមានថវិកាមួយចំនួនប៉ុណ្ណោះ។ លោកនៅតែសម្ដែងការសោកស្ដាយ ដែលកូនសិស្សរបស់លោកប្រឹងប្រែងតស៊ូតាំងពីវគ្គជម្រុះ៣២នាក់ ប៉ុន្តែនៅពេលមានមុខឡើងប្រកួតយកកៅអី៤នាក់ បែរជាមានរបួសមិនអាចឡើងរេញបាន ហើយប្រគល់កៅអី៤នាក់ដែលបេក្ខភាពរូបណាក៏ចង់បានទៅអោយ បឺត សង្ឃឹម ដោយស្វ័យប្រវត្តិ។
លោក អេ ភូថង បានបន្ថែថា លោកមិនទាន់ដឹង អេ រដ្ឋា នឹងអាចបន្តការបប្រកួតនៅលើសង្វៀនបានក្នុងពេលខាងមុខ ឬមានបញ្ហាសុខភាពបែបនេះរហូតនោះទេ ក្នុងពេលដែលលោកក៏មិនមានលទ្ធភាពយកគេទៅព្យាបាលឲ្យដិតដល់ផង។
ការប្រកួតដែលអវត្តមានកីឡាករ អេ រដ្ឋា នៅក្នុងថ្ងៃនោះ កីឡាករ បឺត សង្ឃឹម ដ្បិតថាទទួលបានឱកាសឡើងអង្គុយកៅអី៤នាក់ដោយស្វ័យប្រវត្តិ ប៉ុន្តែគេក៏ត្រូវប៉ុស្ដិ៍លេខ៥ ផ្គូរផ្គងអោយប្រកួតមិត្តភាពជាមួយកីឡាករ ស៊ឹម ប៊ុនឆៃ ដើម្បីកុំឲ្យស្ងាត់រេញផងដែរ ដោយត្រូវប្រកួត៥ទឹកពេញ ហើយលទ្ធផលចុងក្រោយ កីឡាករ បឺត សង្ឃឹម គឺជាអ្នកឈ្នះពិន្ទុ។ អញ្ចឹងហើយទើបមានអ្នកគាំទ្រភាគច្រើនយល់ថា បើ អេ រដ្ឋា មិនមានគ្រោះថ្នាក់ហើយមានរបួសទេ ក៏ទំនងជាមិនអាចស៊ីកីឡាករ បឺត សង្ឃឹម បានដែរ៕