មេធាវីការពារក្តីលោក គង់ ម៉ាស់ គ្រោងស្នើតុលាការទម្លាក់ចោលបទប្រកាន់លើកូនក្តីរបស់ខ្លួន

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

មេធាវីការពារក្តី​​​ឲ្យ​​លោក គង់ ម៉ាស់ សកម្មជន​អតីតគណបក្សប្រឆាំង​ប្រចាំ​ខេត្តស្វាយរៀង បាន​ឱ្យដឹងថា លោក​នឹង​ស្នើ​ទៅ​តុលការ​នៅ​សប្ដាហ៍​នេះ ឲ្យទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​កូន​ក្ដី​របស់​លោក​។

មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​កូន​ក្ដី​របស់​លោក​ថា ជា​ករណី​ជារឿងនយោបាយ ហើយ​លោក​នឹង​ការដាក់លិខិតស្នើ​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តីរបស់ខ្លួន។

លោក សំ សុគង់ មានប្រសាសន៍ថា៖ «គឺសកម្មភាពលោក គង់ ម៉ាស់ ហ្នឹង ជាការប្រើប្រាស់នូវសិទ្ធិ​ចូលរួមក្នុងជីវភាពនយោបាយ ហើយចំណុចដែលសំខាន់មួយទៀត លោក គង់ ម៉ាស់ ជាពលរដ្ឋម្ចាស់ឆ្នោត​ក្នុងប្រទេសប្រជាធិបតេយ្យ ហើយលោក គង់ ម៉ាស់ គាត់អាចប្រើប្រាស់សិទ្ធិ​រិះគន់ទៅលើរដ្ឋាភិបាលចំពោះចំណុចមួយចំនួន ដែលសិទ្ធិនេះធានាក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ»

លោក គង់ ម៉ាស់ ជាអតីតសមាជិកក្រុមការងារ​របស់​គណបក្សសង្គ្រោះជាតិ​ប្រចាំ​នៅ​ខេត្តស្វាយរៀង និងជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម។​ លោក​ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែ​មករា នៅ​ក្នុងហាងកាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ។

លោក គង់ ម៉ាស់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​​លោក ហ៊ុន សែន ថ្លែង​ព្រមានកម្ចេចក្រុមបក្សប្រឆាំងចោលនិងមិនអត់ឱនឱ្យក្រុមនេះជាដាច់ខាត ប្រសិនបើសហគមន៍អឺរ៉ុប និងអាមេរិក ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឱ្យដឹងតាមប្រព័ន្ទតេឡេក្រាមនៅថ្ងៃនេះថា លោក គង់ ម៉ាស់ ត្រូវបានតុលាការចោទ​ពី​បទ​ញុះញុងឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ និងបទប្រមាថ តាម​មាត្រា ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់​ឲ្យ​ឃុំខ្លួននៅពន្ធនាគារ​ព្រៃសជាបណ្តោះអាសន្ន។

ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស សកម្មជន​អតីត​បក្ស​ប្រឆាំង​រូប​នេះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ២​ឆ្នាំ។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បាន​ចាត់​ទុក​​ការចាប់ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​រូប​នេះ​ថា ជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីបញ្ចេញមតិរបស់​ពលរដ្ឋ ដែលរដ្ឋធម្មនុញ្ញបានធានា​។

លើសពីនេះ លោកថា វាផ្ទុយគ្នាទៅនឹងសេចក្តីណែនាំ ឬ​ឆន្ទៈរបស់រដ្ឋាភិបាល ដែលចង់បើកចំហសេរីភាពបញ្ចេញមតិ និងលើកកម្ពស់ការ​គោរព​សិទ្ធិមនុស្សឡើងវិញ និង​ធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានៅ​លើ​ឆាក​អន្តរជាតិ​ផងដែរ។

លោកបន្តថា៖ «ផលប៉ះពាល់ផងដែរ ក្នុងការបាត់ ឬអវត្តមានក្នុងការចូលរួមបញ្ចេញមតិដើម្បីស្ថាបនា ដើម្បីកែលម្អប្រទេសជាតិយើងហ្នឹង។ បញ្ហាទីពីរ នឹងមានការរិះគន់​ជាបន្តទៀតដែរ ទាក់ទងការគោរពសិទ្ធិមនុស្ស​នៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្ន​នេះ យើងកំពុងមានបញ្ហាចម្រូងចម្រាសស្រាប់​ទៅហើយជាមួយសហគមន៍អឺរ៉ុប ជាមួយសហគមន៍អន្តរជាតិ»

លោក គង់ ម៉ាស់ ធ្លាប់បានរិះគន់បក្សកាន់អំណាច និងរដ្ឋាភិបាល អំពីភាពអសកម្មជាច្រើន​ពាក់ព័ន្ធ​បញ្ហាព្រំដែន បញ្ហាកសិផលគ្មានតម្លៃ ការរំលោភបំពានសិទ្ធិសេរីភាព បញ្ហាជនជាតិវៀតណាមអន្តោប្រវេសន៍ខុសច្បាប់ជាដើម។

ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ លោកបានរត់ភៀសខ្លួនទៅប្រទេសថៃមួយរយៈពេល ដោយមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ និងបន្ទាប់ពីលោកបដិសេធចុះចូលជាមួយគណបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ