មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តធុនធំដល់ទៅជាង ១០០គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ទុក នៅក្នុងយុទ្ធនាការបង្ក្រាបលើរថយន្តធុនធំបើកបរល្មើសបម្រាមចូលរាជធានីភ្នំពេញនៅក្នុងខែមករានេះ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក សែម គន្ធា ប្រាប់ VOD នៅរសៀលនេះថា សមត្ថកិច្ចឃាត់រថយន្តធុនធំដែលបើកបរចូលរាជធានីភ្នំពេញខុសម៉ោងអនុញ្ញាត បានចំនួន ១៥០គ្រឿង គិតចាប់តាំងពីថ្ងៃទី៩ ខែមករារហូតមកដល់ថ្ងៃនេះ។
លោក សែម គន្ធា មានប្រសាសន៍ថា៖ «យើងអនុវត្តចាប់ពីថ្ងៃទី៩ [មករា] ដល់នេះអាលូវហ្នឹង មួយរយជាងគ្រឿង បាទ ១៥០គ្រឿង! ទាំងអស់ហ្នឹង ប្រភេទរថយន្តធំៗម៉ងអ្ហា៎! កុងទីន័រ!។ ឡានហ្នឹង និយាយទៅយើងអត់គិតថា ដឹកអីខ្លះទេ សំខាន់គាត់ចូលខុសម៉ោងពេលដែលសាលារាជធានីបានប្រកាសណាបង!»។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរូបនេះ ឲ្យដឹងទៀតថា រថយន្តទាំងអស់នេះត្រូវបានផាកពិន័យ និងសំណូមពរឲ្យម្ចាស់អាជីវករទាំងអស់គោរពច្បាប់ចរាចរណ៍ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។
លោក សែម គន្ធា ក៏បានឲ្យដឹងពីទីតាំងសម្រាប់ឃាត់រក្សាទុករថយន្តធុនធំដែរ គឺមានចំនួនពីរកន្លែង ដែលទីតាំងទីមួយនៅផ្លូវហាណូយមានទំហំ ១១ហិកតាកំពុងដំណើរការ និងទីតាំងមួយកន្លែងទៀតនៅផ្លូវ ៦០ម៉ែត្រកំពុងស្នើសុំនៅឡើយ។
អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ថា ចំណាត់ការនេះជារឿងល្អ បើសិនជាធ្វើក្នុងគោលដៅអប់រំ និងគួរមានការជូនដំណឹងជាមុនផង។
លោក គង់ រតនៈ មានប្រសាសន៍ថា៖ «សព្វថ្ងៃហ្នឹង អ្នកបើកបរឡានធំ គាត់អត់សូវគោរពច្បាប់ដែរ! ហើយជាពិសេស យើងឃើញថា បម្រាមជាច្រើនដែលបានដាក់ដោយសាលាក្រុងកន្លងមកហ្នឹង គឺមានប្រសិទ្ធិភាពរយៈពេលខ្លី វាអត់បានវែង! អញ្ចឹង បើសិនជាចំណាត់ការដែលមានបង្កើនសហការជាមួយខាងមន្ត្រីចរាចរណ៍ រួមទាំងសាលាក្រុងដែលគាត់អាចធ្វើអញ្ចឹងបាន វាជារឿងដែលប្រសើរ!»។
កាលពី ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញបានចេញបម្រាម មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ទីក្រុងភ្នំពេញពេលថ្ងៃនោះឡើយ ហើយបានចេញបទបញ្ជាម្តងទៀតកាលពីឆ្នាំ២០១៦ ដោយអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ឆ្លងកាត់ក្នុងទីក្រុងចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៦ព្រឹកតែប៉ុណ្ណោះ។
សាលារាជធានីភ្នំពេញ ក៏បានហាមឃាត់រថយន្តធុនធំទាំងអស់មិនឲ្យបើកបរឆ្លងកាត់ខណ្ឌចំនួនបួន មានខណ្ឌចំការមន ដូនពេញ ខណ្ឌ ៧មករា និងខណ្ឌទួលគោក៕