លោក គង់ គាំ ប្រាប់តុលាការថា លោកមិនបានដឹងរឿងលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាលទេ

អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រាប់តុលាការថា លោកមិនបានដឹងច្បាស់ពីទំនាក់ទំនងរវាងលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកនេះ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ឲ្យដឹងថា លោកភ្ញាក់ផ្អើលចំពោះប្រសាសន៍របស់ លោក កឹម សុខា ដែលថ្លែងក្នុង វីដេអូ នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣។ ការអត្ថាធិប្បាយនេះហើយដែលធ្វើឲ្យលោករងការចោទប្រកាន់និងចាប់ឃុំខ្លួនរហូតដល់បច្ចុប្បន្ន។

លោក គង់ គាំ បញ្ជាក់ទៀតថា លោកមិនបានដឹងអ្វីពីការទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយបរទេសនោះទេ។

លោក គង់ គាំ មានប្រសាសន៍ថា៖ «ខ្ញុំមិនយល់អស់ពីអ្វីដែល លោក កឹម សុខា គាត់បានបញ្ជាក់នៅក្នុងវីដេអូហ្នឹង ថាគាត់មានទំនាក់ទំនងជាមួយសាស្ត្រាចារ្យបរទេសណាហើយផែនការយ៉ាងម៉េច ខ្ញុំអត់បានដឹងទាំងអស់។ ខ្ញុំគ្រាន់ថាជាអាថ៌កំបាំងរវាង លោក កឹម សុខា និងបរទេសដែលយើងមិនអាចដឹងបាន»

អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះនៅបានបញ្ជាក់ទៀតថា លោកគ្រាន់តែមកបំភ្លឺនិងផ្តល់ព័ត៌មានដើម្បីឲ្យតុលាការរកយុត្តិធម៌ជូនជនត្រូវចោទតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក គង់ គាំ នៅបានឆ្លៀតបញ្ជាក់ជាចុងក្រោយថា មានតែលោក សម រង្ស៊ី ទេ ដែលដឹងរឿងនេះច្រើនជាងលោក។

​លោក កឹម សុខា ​​​ត្រូវ​បាន​​សមត្ថកិច្ចចាប់ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​ខ្លួននៅ​​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។ ជាង១ឆ្នាំក្រោយមកទើបតុលាការសម្រេចឃុំខ្លួនលោកកឹម​ សុខាក្នុងផ្ទះវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ