កសិករតាមខេត្ត​មួយ​ចំនួន​ថា​​ស្រូវ​​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ចាប់​ពី​សប្ដាហ៍​មុន

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ប្រជាកសិករនៅតាមបណ្តាខេត្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​តម្លៃ​ស្រូវ​ចាប់​ផ្ដើម​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​លើ​វិស័យ​នេះ​ជា​ខ្លាំង​។

កសិករ និង​ជួញ​ដូរ​ស្រូវ​លើក​ឡើង​ថា ​តម្លៃ​ស្រូវ​ចាប់​ផ្ដើម​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ក្នុង​រដូវ​ច្រូតកាត់​លើក​នេះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ខ្លះ​មិន​ហ៊ាន​ច្រូតកាត់​ដោយសារ​ខ្លាច​គ្មាន​អ្នក​ទិញ ខណៈ​ឈ្មួញ​កណ្ដាល​ក៏​មិន​​សូវ​ហ៊ាន​ទិញ​មក​ទុក​ដូច​ឆ្នាំ​មុន​នោះ​ទេ​។

កសិករ​នៅ​ក្នុង​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​ អ្នក​ស្រី​ ប៉ែន ចន្ថូ មាន​ប្រសាសន៍​ថា ​តម្លៃ​ស្រូវ​នៅ​ពេល​នេះ​បើ​ធៀប​នឹង​សប្ដាហ៍​មុន​គឺ​បាន​ចុះ​ថ្លៃ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​អស់​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​ស្រែចម្ការ​ និង​ងាយ​ទៅ​រក​របរ​ផ្សេង ឬ​ធ្វើ​ចំណាក​ស្រុក​វិញ​។ អ្នក​ស្រី​បន្ថែម​ថា ​តម្លៃ​នា​សប្ដាហ៍​នេះ​ វៀតណាម​ឲ្យ​តម្លៃ​តែ​៧០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ ខណៈ​សប្ដាហ៍​មុន​អ្នក​ស្រី​លក់​បាន​៨០០រៀល។

អ្នក​ស្រី​ថា៖ « ស្រូវ​ថោក​មាំ​ណាស់​! អ្នក​ធ្វើ​ស្រែ​ចង់​រត់​ចោល​ស្រុក​អស់​ហើយ។ ចុះ​ស្រូវ​គេ​មួយ​គីឡូ​ប្រាំ​មួយ​រយ​ជាង ហើយ​ជី​គេ​ម៉ា​បាវ​ជាង​១០​ម៉ឺន​គិត​មើល។ […] អ្នក​នៅ​ស្រុក​នេះ​ចង់​រត់​ចោល​ស្រុក​អស់​ហើយ ទៅ​ធ្វើ​ខ្ញុំ​គេ ទៅ​ធ្វើ​សំណង់​អីវិន​ទៅ​ » ។

ឈ្មួញទិញស្រូវនៅ​ក្នុង​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល អ្នកស្រី សែម ភា បាន​ប្រាប់ ​VOD ថា ​ស្រូវ​ចុះ​មក​នៅ​ក្នុង​តម្លៃ​នេះ​ហើយ ក៏​ឈ្មួញ​មិន​ងាយ​មក​ទិញ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​ពិបាក​រកស៊ី​ផង​ដែរ។

អ្នក​ស្រី​សែម ភា៖ « ពួក​យើង​តែ​ងទិញ​គឺ​យក​ទៅ​ក្រោម​ហើយ​(វៀតណាម) ហើយ​ដល់​ពេល​យួន​អត់​មក​ទិញ​អញ្ចឹង យើង​មាន​ទៅ​ទិញ​អី​។ ឧទាហរណ៍​ថា ​កសិករ​ហៅ​មើល​ប្រាំ​-ប្រាំមួយ​ហត្ថ​(ស្រូវ) គេ​ចង់​លក់​អញ្ចឹង​ណា យើង​ត្រូវ​ហៅ​ម៉ូយ​យួន​មក​មើល​ចុះ​កុងត្រា​ជាមួយ​គ្នា​ បើ​អត់​ចុះ​ទេ​ច្រូត​ហើយ​មិន​ស្រួល​ខាត​រាប់​លាន » ។

ពលរដ្ឋ​រស់​នៅ​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ អ្នក​ស្រី​ តឿង ប៊ុននឿង មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​បាន​ប្រមូល​ផល​ស្រូវ​នឹង​ច្រូត​លក់​ទៅ​ឲ្យ​ឈ្មួញ​រួចរាល់​ហើយ​ តែ​ក្នុង​តម្លៃ​មួយ​ត្រឹម​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។

អ្នក​ស្រី​តឿង ប៊ុន​នឿង៖ « ក្នុង​១​តោន​៧៥០០​បាត(ប្រមាណ៩សែនរៀល) ប្រសិន​ជា​ស្អាត​យើង​បាន​ដល់​៨​ពាន់​បាត(ជាង​១លានរៀល) ដល់​អត់​ស្អាត​វា​បាន​៧៥០០ ឬ​៧ពាន់​គត់ វា​បី​តម្លៃ។ […] មិន​សល់​ទេ​បាន​ត្រឹមតែ​ម៉ា​រួច​ខ្លួន​ឲ្យ​ចំណេញ​ អត់​បាន​ទេ! ព្រោះ​យើង​បាន​តែ​មួយ​ហិកតា​២​តោន​ យើង​បាន​តែ​ម៉ា​រួច​ខ្លួន​ទេ ​ព្រោះ​ជី​ប្រេង​អី​វា​មិន​ចុះ​ឯណា វា​មាន​តែ​ឡើង » ។

VOD មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ ឆ្លើយតបករណីនេះបាន​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក ស្រី វុឌ្ឍី មាន​ប្រសាសន៍​ប្រាប់ ​VOD កាល​ពី​សប្ដាហ៍​មុន​ថា ដោយ​បាន​បន្ទោស​លើ​បញ្ហា​ទីផ្សារ​អន្តរជាតិ​បាន​ចុះ​ថ្លៃ ហើយ​ប្រទេស​ឥណ្ឌា​បាន​បញ្ចេញ​អង្ករ​ច្រើន​ទៅ​លក់​ ខណៈ​ប្រទេស​ថៃ​ និង​វៀតណាម​ ក៏​ដល់​រដូវ​ប្រមូល​ផល​ផង​ដែរ​។ លោក​បន្ថែម​ថា ​នៅ​ពេល​នេះ​ក្រសួង​ក៏​កំពុង​សិក្សា និង​អាច​​មាន​វិធាន​ការណ៍​នា​ពេល​ខាង​មុខ​ផង​ដែរ។

លោកថា៖​ « កន្លង​មក​ វៀតណាម​ច្បាស់​ជា​មួយ​កិច្ច​សន្យា​ហ្នឹង ដល់​រដូវ​គេ​សម្រុក​មក​ទិញ​តែ​ម្ដង អញ្ចឹង​យើង​នេះ​វា​ធូរ អញ្ចឹង​យើង​នេះ​គ្រាន់​បើ​បន្តិច​ទៅ! តែ​ពេល​នេះ​ក្នុង​ខែ​នេះ​ហាក់​បីដូច​ជា​នៅ​ទ្រឹង។ តែ​ខ្ញុំ​គិត​ថា​ នៅ​ពេល​ខាង​មុខ​បន្តិច​ទៀត​វៀតណាម ឬ​មួយ​ក៏​ខាង​ថៃ​ចាប់​ផ្ដើម​ទិញ​ដោយ​សារ​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើង​ថ្លៃ​វិញ។ អញ្ចឹង​គេ​ទ្រឹង​បន្តិច​សិន ​ហើយ​នៅ​ពេល​ទីផ្សារ​គេ​ហក់​ឡើង​វិញ​បន្តិច​ប្រហែល​ជា​មក​ទៀត​ហើយ​   » ។ ​

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ​បញ្ហា​នេះ​អាច​មក​ពី​ការ​សម្រេច​ចិត្ត​​របស់​សហភាព​អឺរ៉ុប​ ដែល​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ដែល​ទិញ​អង្ករ​ពី​កម្ពុជា ខណៈ​លោក​បារម្ភ​ថា ​វា​នឹង​អាច​ធ្វើ​ឲ្យ​កសិករ​ជាប់​បំណុល​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​កាន់​តែលំបាក​ខ្លាំង។

លោក​ថា៖ « សម្រាប់​ចំពោះ​មុខ​បន្ទាន់​រដ្ឋត្រូវ​មាន​ចំណាត់​ការ​ភ្លាមៗ អាច​ថា ​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ទិញ​ស្រូវ​ពី​ពលរដ្ឋ​ស្តុក​ទុក ក្នុង​តម្លៃ​ដែល​សមរម្យ​ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន។ បើ​មិន​អញ្ចឹង​ទេ កសិករ​គឺ​កាន់​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ៗ ទៅ​លើ​ផល​លំបាក​ដែល​គាត់​កំពុង​ជួប​ប្រទះ​នេះ » ។

កាលពីថ្ងៃទី១៦ ខែមករា សហភាពអឺរ៉ុបបានសម្រេចយកពន្ធនាំចូលអង្ករពីកម្ពុជា។ ទាំង រដ្ឋាភិបាលកម្ពុជា និង អ្នកស្រាវជ្រាវចាត់ទុកដាក់សម្រេចនេះធ្វើឲ្យប៉ះពាល់តម្លៃស្រូវ និងជីវភាពកសិករ។

ឆ្នាំ​២០១៨​កន្លង​ទៅ​ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​៦២​ម៉ឺន​តោន​ ថយ​ចុះ​ ១,៥​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៧​ ជាង​៦៣​ម៉ឺន​តោន ខណៈ​រដ្ឋាភិបាល​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ