អតីតចៅសង្កាត់រងបក្សប្រឆាំង និងមន្ត្រីសហជីពម្នាក់​​​ត្រូវបានតុលាការខេត្តព្រះសីហនុ​សម្រេចឃុំខ្លួន​

តំណាងសហជីព និងអតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

​អតីតចៅសង្កាត់រងសង្កាត់១មកពីអតីតបក្សសង្រ្គោះជាតិ និងមន្ត្រីសហភាពការងារកម្ពុជា ត្រូវបានតុលាការបានសម្រេចបញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារខេត្តបណ្តោះអាសន្នកាលពីល្ងាចម្សិលមិញ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បទបោះបង្គោលព្រំដីនៅ​លើ​ដី​តំបន់​ការ​ពារ​របស់​រដ្ឋ និងរារាំង​ការអនុវត្តច្បាប់របស់សមត្ថកិច្ច។

ភរិយាអតីតចៅសង្កាត់រងលោក ឆាយ រដ្ឋ គឺ​អ្នកស្រី សំ សារ៉ាត់ ថ្លែងទាំងអួលដើមករថា តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនប្តី​របស់អ្នកស្រី និង ​មន្ត្រី​សហភាពការងារកម្ពុជាមួយរូបទៀត នៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន។ ​

អ្នកយល់​យល់ថា ករណីប្តីអ្នកស្រីជាការគុំគួនផ្នែកនយោបាយ ដោយថា ប្តីគាត់មានអតីតភាពជាមន្ត្រីជាប់ឆ្នោតបក្សប្រឆាំងនៅតំបន់នោះ ហើយថា ករណីនេះជារឿងអយុត្តិធម៌។

អតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកស្រី សំ សារ៉ាត់ បន្តថា៖ «ប្តីបងអត់មានខុសសោះ ហើយមកចោទប្រកាន់។ វាមានយុត្តិធម៌នៅកន្លែងណា ប្រទេសហ្នឹង? វាអយុត្តិធម៌​ពេក ព្រោះ អត់មានធ្វើអី អត់បានប្រើអំពើហិង្សា អត់បានទៅញុះញង់ អត់បានទៅប្រព្រឹត្តអីសោះ គ្រាន់តែឃើញហើយទៅជម្រាបសួរគេ លើកដៃជម្រាបសួរគេ បែរជា​គេចាប់»

អតីតចៅសង្កាត់រងសង្កាត់១ លោក ឆាយ រដ្ឋ និងមន្ត្រីសហភាពការងារកម្ពុជា លោក ទេព សុផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២១ មករា នៅ​លើ​ទីតាំង​មាន​ជម្លោះ​ដី​ធ្លី​ស្ថិត​នៅ​តំបន់​ក្បាល​ឆាយ។

ក្រោយការសាកសួរពីសំណាក់សមត្ថកិច្ច និងមន្ត្រីតុលាការរយៈពេល ៣ថ្ងៃរួចមក កាលពីល្ងាចម្សិលមិញ ព្រះរាជអាជ្ញាធររង លោក ហួត វិចិត្រ សម្រេចចោទប្រកាន់អ្នកទាំងពីរពីបទបោះបង្គោលព្រំដីនៅតំបន់ដីអនុក្រឹត្យរបស់រដ្ឋ និងរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ហើយចៅក្រមស៊ើបសួរ លោក គួន ចន្ថា សម្រេចឃុំខ្លួនអ្នកទាំងពីរជាបណ្តោះអាសន្ន។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ការចាប់ខ្លួនពលរដ្ឋពីរនាក់នោះ គឺ​ជាការអនុវត្តច្បាប់ ដោយមិនជាប់ពាក់ព័ន្ធរឿងគណបក្សនយោបាយនោះទេ។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រជុំការងារពីការរៀបចំសណ្ដាប់ធ្នាប់ មុនឆ្នាំ២០១៩មកដល់។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

លោកមានប្រសាសន៍ថា៖ «គ្រាន់តែ​សំខាន់អញ្ចេះ ពួកខ្ញុំខិតខំអនុវត្តនូវការការពារតំបន់ក្បាលឆាយ ហើយគាត់ៗពាក់ព័ន្ធរឿងហ្នឹង។ អញ្ចឹង​ក៏គេឃាត់ខ្លួនគាត់ទៅ មិនពាក់ព័ន្ធរឿងគុំគួនអីទេ ដូចគាត់ថា ទេ»

បន្ថែមពីនេះ ​រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា លោក ឆាយ រដ្ឋ និង លោក ទេព សុផា គឺមេក្លោង​ដែល​បានដើរបំផុសបំផុល និងញុះញង់ ឱ្យពលរដ្ឋប្រមាណជិត ១០០នាក់ធ្វើសកម្មភាពពុះកញ្ជ្រោលប្រឆាំងការចុះអនុវត្តច្បាប់របស់អាជ្ញាធរកាលពីថ្ងៃទី២១ មករា។

មន្រ្តីសម្របសម្រួល​សហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា មើលឃើញថា ​ការចាប់ខ្លួនមន្ត្រីរបស់លោក និងអតីតមន្ត្រីបក្សប្រឆាំង ជាការគំរាមកំហែងដល់ពលរដ្ឋដទៃ និងអយុតិ្តធម៌។ លោកថា ខាង​សហជីព​បានត្រៀមមេធាវី​សម្រាប់តតាំងតាមផ្លូវច្បាប់ ដោយថា ដើម្បីស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះ និងដោះលែងអ្នកទាំងពីរឱ្យបាននៅក្រៅឃុំផងដែរ។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ យល់ឃើញថា ការបញ្ចប់ការសាកសួរ ហើយយកទៅឃុំខ្លួននេះ ហាក់បីដូចជាអយុត្តិធម៌ ពីព្រោះអីយើងមើលលើអង្គហេតុ និងសកម្មភាពជាក់ស្តែង គឺពួកគាត់អត់បានប្រព្រឹត្តបទល្មើសដូចការចោទនោះទេ។ តាមធម្មតា ដីនេះ ប្រជា​ពលរដ្ឋ រួមទាំងពួកគាត់ គឺបានទិញតពីអាជ្ញាធរមូលដ្ឋាន ដែលយើងមានឯកសារមានអី។ អញ្ចឹង ពួកគាត់ក៏ជាជនរងគ្រោះដែរ»

ដោយឡែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិអាដហុកនៅខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា តុលាការគប្បីដោះលែងពួកគេឱ្យនៅក្រៅឃុំ ដោយថា តុលាការ និងអាជ្ញាធរត្រូវស៊ើបអង្កេតករណីនេះឱ្យបានច្បាស់ជាមុន ព្រមទាំងដោះស្រាយជម្លោះដីធ្លី​តំបន់នោះឱ្យបានចប់។

អ្នកស្រីបន្ថែមថា៖ «ទាក់ទងនឹងការរារាំងអី ចង់ឱ្យមានការស៊ើបអង្កេត ប្រមូលព័ត៌មានឱ្យបានច្រើនជាងហ្នឹង ដោយសារតែពួកគាត់មានសាក្សីមានអី ហើយមិនត្រឹមតែមានសាក្សីទេ មានទាំងឃ្លីបវីដេអូទៀតណោះ។ ចង់ថា ឃ្លីបវីដេអូហ្នឹងមានអ្នកណាខ្លះ។ អត់មានឃើញវត្តមានអ្នកពីរនាក់ហ្នឹងនៅកន្លែងគេកាយហ្នឹងទេ។ ចង់និយាយអញ្ចឹង»

អ្នកភូមិអះអាងថា ដីជាង ៩ហិកតា ត្រូវរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលចេញពីតំបន់ការពារជូនពលរដ្ឋជាង ៣០០គ្រួសារ ប៉ុន្តែ ពលរដ្ឋថា​ អាជ្ញាធរវាស់ចែកឲ្យតែជាង ១០០​គ្រួសារ ហើយនៅសល់ប្រមាណ ៥ហិកតា ដែលមានពលរដ្ឋ ​២០០គ្រួសារទៀត អាជ្ញាធរមិនព្រមផ្តល់ជូនពួកគាត់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ