សហភាពការងារកម្ពុជា ស្នើ​ឱ្យដោះលែង​មន្ត្រីសហជីព និងអតីត​មន្ត្រី CNRP ករណីដីធ្លីនៅខេត្តព្រះសីហនុ

តំណាងសហជីព និងអតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

សហភាពការងារកម្ពុជា ស្នើស្ថាប័នជាតិកំពូលៗ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនពលរដ្ឋករណីដីធ្លីពីរនាក់ គឺមន្ត្រីសហភាពការងារកម្ពុជា លោក ទេព សុផា  និងអតីតចៅសង្កាត់រងសង្កាត់១មកពីគណបក្សសង្រ្គោះជាតិលោក ឆាយ រដ្ឋ ដែលត្រូវបាន​តុលាការចោទប្រកាន់និងសម្រេច​ឃុំខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃម្សិលមិញ សហភាពការងារកម្ពុជា សម្តែងការខកចិត្តជាខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរ និងតុលាការខេត្តព្រះសីហនុ ដែលបានសម្រេចឃុំខ្លួន​លោក ទេព សុផា និង លោក ឆាយ រដ្ឋ​ ដោយថាជារឿងអយុត្តិធម៌ ព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។​

សហភាពការងារកម្ពុជា ស្នើឱ្យស្ថាប័នជាតិកំពូលៗ​ រួមមានស្ថាប័នរដ្ឋសភាជាតិ ស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើឱ្យ​ស៊ើបអង្កេតសំណុំរឿងនេះឱ្យបានច្បាស់លាស់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។ លើសពីនេះ ប្រភពដដែលស្នើឱ្យ ក្រសួងរៀបចំដែនដីនិង អាជ្ញាធរខេត្តដោះស្រាយ និងរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់ក្បាលឆាយឱ្យបានឆាប់រហ័ស។

អតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកសម្របសម្រួលសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា មើលឃើញថា សមត្ថកិច្ច និងតុលាការហាក់មិនបានស៊ើបអងេ្កតករណីនេះឱ្យបានច្បាស់លាស់ទេ។ លោកថា ការចោទប្រកាន់នឹងឃុំខ្លួន មន្ត្រីរបស់លោក និងមន្ត្រីអតីតបក្សប្រឆាំង គឺធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងជីវភាពរបស់ពួកគេ ​។

លោក អាន រ៉ាម៉ា៖ «ហើយម្យ៉ាងវាប៉ះពាល់ដល់សិទ្ធិមនុស្ស ហើយនឹងការធ្វើខុសពីនីតិវិធី។ អីចឹងវាធ្វើជាគំរូមិនល្អ ក្នុងការអនុវត្តក្រោយៗទៀត ដែលអាចធ្វើឱ្យមានបញ្ហាប្រឈម រវាងពលរដ្ឋនឹងអាជ្ញាធរ»។

កាលពីថ្ងៃម្សិលមិញដែរ រដ្ឋបាលខេត្តព្រះសីហនុ​ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា លោក ឆាយ រដ្ឋ និង លោក ទេព សុផា ជាមេក្លោងដើរបំផុសបំផុល និងញុះញង់ ឱ្យពលរដ្ឋប្រមាណជិត១០០នាក់ធ្វើសកម្មភាព​ពុះកញ្ជ្រោលប្រឆាំងការចុះអនុវត្តច្បាប់របស់ក្រុមការងារខេត្តកាលពីថ្ងៃទី២១ ខែមករា ទើបអាជ្ញាធរ​សម្រេចចាប់ខ្លួនពួកគេ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។

អភិបាលខេត្តព្រះសីហនុ យន្ត មីន មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកទាំងពីរ ដោយថា ពួកគេជាប់ពាក់ព័ន្ធការរំលោភដីធ្លីនៅតំបន់ក្បាលឆាយដែលអាជ្ញាធរកំពុងការពារ ហើយរឿងនេះលោកថាមិនមែនជារឿងនយោបាយទេ។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រជុំការងារពីការរៀបចំសណ្ដាប់ធ្នាប់ មុនឆ្នាំ២០១៩មកដល់។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

លោក យន្ត មីនបន្តថា៖ «បើសិនគាត់កុំពាក់ព័ន្ធរឿងហ្នឹង មាននរណាគេទៅធ្វើអីគាត់»។

មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ករណីចាប់ខ្លួនអ្នកទាំងពីរ​ មានភាពមិនប្រក្រតី ហើយវិធានការនេះ ហាក់ឆ្ពោះទៅរកក្រុមបក្សប្រឆាំងទៀតផង។ ​

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោកបន្ថែមថា៖ «រឿងទាំងអស់ ចង់ឱ្យមានការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវ ដើម្បីជាទំនុកចិត្ត ជាភាពកក់ក្តៅដល់ពលរដ្ឋទូទៅ ដោយកុំប្រកាន់នូវនិន្នាការនយោបាយ ឬក៏រើសអើងផ្នែកនយោបាយណាមួយឬទស្សនៈណាមួយឡើង។ យើងចង់ឱ្យមានការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវ កើតចេញពីការអនុវត្តច្បាប់ហ្នឹង កុំចំពោះទៅលើក្រុមណាមួយ»។

មន្ត្រីសហភាពការងារកម្ពុជា លោក ទេព សុផានិង អតីតចៅសង្កាត់រងសង្កាត់១ ក្រុងព្រះសីហនុមកពីគណបក្សសង្រ្គោះជាតិ លោក ឆាយ រដ្ឋ ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែមករា នៅ​តំបន់ដីជម្លោះក្បាលឆាយ។

ពួកគេទាំងពីរនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ បោះបង្គោលព្រំដីបំណងកាន់កាប់ដីរបស់រដ្ឋជាកម្មសិទ្ធិ​ និងរារាំងការអនុវត្តច្បាប់របស់អាជ្ញាធរ ហើយចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួន​ជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី ២៣ ខែមករា ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ