​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថា ​យុទ្ធនាការ​ថ្មី​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត

លោក ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​លើក​ឡើង​ថា​ យុទ្ធនាការ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​លោក បើ​ទោះ​បី​ជា​គ្មាន ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​ដោយ​។

ថ្លែង​ក្នុង​ពិធី​ជួប​ជា​មួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នា​ព្រឹក​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​ ក្នុង​អាណត្តិ​នេះ ​រដ្ឋាភិបាល​លោក​នឹង​លុប​ចោល​អង្គភាព​រដ្ឋ​ណា​ដែល​មិន​ចាំ​បាច់​ចេញ​ពី​រចនា​សម្ព័ន្ធ​គ្រប់គ្រង ដើម្បី​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​អ្នក​រកស៊ី​នៅ​កម្ពុជា។ លោក​បន្ថែម​ថា តាម​រយៈ​វិធានការ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ធុរជន​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្ថែម​ទៀត។

លោក​ថា៖ « ធ្វើ​ឲ្យ​គេ​ចង់​មក​វិនិយោគ​ ហើយ​អ្នក​នៅ​ស្រុក​ខ្មែរ​គឺ​គេ​នឹង​នឹងនរ​ចិត្ត​ គេ​ដឹង​ថា​ បើ​សិន​ជា​មាន​បញ្ហា​ស្អី​កើត​ឡើង គឺ​គេ​នៅ​តែ​មាន​លទ្ធភាព​មាន​ប្រាក់​ចំណេញ ហើយ​បើ​គ្មាន​អី​កើត​ឡើង​ទេ​គេ​កាន់​តែ​មាន​ប្រាក់​ចំណេញ។ ហើយ​ប្រាក់​ចំណេញ​នេះ​មួយ​ផ្នែក​នឹង​ត្រូវ​បាន​ក្លាយ​ជា​ប្រាក់​រង្វាន់​ឬ​ក៏​ដំឡើង​បៀវត្ស​ឲ្យ​កម្មករ​របស់​យើង ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​របៀបវារៈ​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​អាណត្តិ​នេះ » ។

យុទ្ធនាការ​ថ្មី​នេះ​លោក​ ហ៊ុន សែន បាន​លើក​ឡើង​ថា​ ស្ថាប័ន​នាំ​ផ្លូវ​នាវា​ចរ​នៅ​កម្ពុជា​កាំសាប គឺ​ត្រូវ​លុប​ចេញ​នៅ​ក្នុង​អាណត្តិ​នេះ ចំណែក​កាំ​កុង​ត្រូល​នឹង​ត្រូវ​ដក​ចេញ​ពី​ព្រំ​ដែន លើស​ពី​នេះ​ការិយាល័យ​រដ្ឋបាល​នៅ​តាម​ស្រុក​មួយ​ចំនួន​ក៏​ត្រូវ​លុប​ចេញ​ផង​ដែរ។

លោក​ថា៖ « នៅ​ពេល​ខាង​មុខ​នឹង​លុប​ចោល​ការិយាល័យ​ក្រសួង​មួយ​ចំនួន​នៅ​ថ្នាក់​ស្រុក​តែ​ម្ដង​ លុប​ចោល​ហ្មង របស់​ដែល​ត្រូវ​ទុក តំបន់​ត្រូវ​ប្រតិបត្តិការ​គឺ​ផ្នែក​កងទ័ព​ត្រូវ​ទុក នគរបាល​ត្រូវ​ទុក ខាង​សុខាភិបាល​ត្រូវ​ទុក អប់រំ​ត្រូវ​ទុក រៀប​ចំ​ដែន​ដី​ត្រូវ​ទុក ព្រោះ​អា​ហ្នឹង​វា​សំខាន់! គ្រប់គ្រង​ដីធ្លី ​ព្រោះ​មាន​ជម្លោះ​ច្រើន​ណាស់​ដែល​ក្រៅ​ពី​នោះ​រៀបចំ​ជា​កញ្ចប់​របស់​វា » ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ យល់ស្រប​ទៅ​នឹង​គំនិត​ផ្ដួចផ្ដើម​នេះ​ តែ​លោក​ថា ​វិធានការ​នា​ពេល​នេះ​ហាក់​ដូច​ជា​ភ្លាម​ៗ​ពេក​ដែល​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ថា៖ « វិធានការ​នេះ​រាង​ដូច​ជា​បន្ទាន់​ពេក ​អញ្ចឹង​ទំនុក​ចិត្ត វា​អាស្រ័យ​លើ​វិធានការ​ជាក់​ស្តែង​ក្នុង​ការ​ចាត់​ឲ្យ​មាន​ប្រសិទ្ធភាព ​អញ្ចឹង​ចាំ​មើល​ទៅ​មុន​ទៀត ​ប្រសិន​ជា​កើត​ដូច​ជា​អ្វី​ដែល​ថ្នាក់​ដឹកនាំ​មាន​ប្រសាសន៍​មែន​រឿង​ហ្នឹង វា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ ហើយ​ធម្មតា​ការ​កសាង​ទំនុក​ចិត្ត​វា​មិន​អាច​កសាង​បាន​ក្នុង​រយៈពេល​ខ្លី​ទេ​វា​ត្រូវ​ការ​រយៈពេល​ច្រើន​ » ។

កាល​ពី​ដើម​សប្ដាហ៍​នេះ សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​មេ​ដឹកនាំ​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ដោយ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ទៅ​លើ ​វិស័យ​ពាណិជ្ជកម្ម និង​ពលរដ្ឋ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ