រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ថាការលុបការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក គឺ​ដើម្បីធានាប្រសិទ្ធភាពការងារ

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថាការ រៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង-ស្រុក ដើម្បីធានាការលើកកម្ពស់ប្រសិទ្ធភាពការងារ និងកាត់បន្ថយបន្ទុកចំណាយ។ ​ 

ក្នុងលិខិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើរជូនលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឱ្យដឹងថា ក្រសួងសម្រេចលុបចោលការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ស្រុក-ក្រុង ​ដោយធ្វើសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុក ដោយថាបង្កើតជាអង្គភាព ឬ ការិយាល័យចង្កោមវិស័យជំនួសវិញ។  

ចង្កោមវិស័យទាំងនោះ ដូចជាវិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ច ដោយថា ដើម្បីធានាការកាត់បន្ថយបន្ទុកចំណាយនិងពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ដោយលើកលែងតែវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ សុខាភិបាល និងនគរោបនីយកម្ម ដែលចាំបាច់ត្រូវបង្កើតជាអង្គភាពដាច់ដោយឡែកៗពីគ្នា។  

ក្នុងពិធីជួបសំណះសំណាលជាមួយកម្មករ នៅខេត្តកំពតកាលពីថ្ងៃទី ២៥ ខែមករា លោក​ ហ៊ុន សែន ថ្លែងថា នៅពេលខាងមុខការិយាល័យរបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល ហើយ​រៀបចំជាកញ្ចប់វិញ ដោយទុកតែការិយាល័យអាទិភាពប៉ុណ្ណោះ។  

លោក ហ៊ុន សែន បន្តថា ៖ «​ នៅពេលខាងមុខនឹងលុបចោលការិយាល័យនៃអង្គភាពនៅក្រសួងមួយចំនួន នៅថ្នាក់ស្រុកតែម្ដង។ របស់ដែលត្រូវទុកតំបន់ប្រតិបត្តិការ គឺផ្នែកកងទ័ព ទុក នគរបាលត្រូវទុក ខាងសុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក ព្រោះអាហ្នឹង វាសំខាន់គ្រប់គ្រង់ដីធ្លី កើតទំនាស់ច្រើនណាស់ ក្រៅពីនោះយកមករៀបចំ ជាកញ្ចប់របស់វា»។ ​ 

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា វាមិនមែនជាការលុបចោលការិយាល័យទេ តែជាការបង្រួមនិងកាត់បន្ថយការចំណាយបានតិចតួចប៉ុណ្ណោះ។  ​លោកគាំទ្រវិធានការនេះ ដោយថា ដល់ពេលដែលត្រូវប្រមូលមន្ត្រីជំនាញមកធ្វើការរួមគ្នានៅកម្រិតស្រុក ត្បិតការិយាល័យខ្លះគ្មានការងារធ្វើ និងគ្មានសកម្មភាពនោះទេ ​។  

លោកថា វិធានការនេះនឹង​អាចមានប្រសិទ្ធភាព​ ប្រសិនបើមានការពង្រឹងសមត្ថភាពការងារថ្មីដល់​មន្ត្រីជំនាញទាំងនោះ ​​និងផ្តល់​ថវិកា​ដល់ថ្នាក់​ស្រុកបន្ថែមទៀត។ 

លោកបន្តថា៖ «សំខាន់គឺត្រូវផ្អែកលើមូលដ្ឋានពីរ។ ទី ១ ការពង្រឹងសមត្ថភាពជាមួយនឹងការងារថ្មីរបស់មន្ត្រីនៅកម្រិតស្រុក ដែលយើងចង់ឃើញពួកគេមានសមត្ថភាពពេញលេញ។ ទីពីរ គឺរឿងធនធានតែម្តង ការផ្ទេរមុខងារ ទៅថ្នាក់ស្រុក និងការច្របាច់បញ្ចូលគ្នា នូវមន្ត្រីចម្រុះនេះ ថាតើ ពួកគេមានជំនាញហើយ ពួកគេមានធនធានគ្រប់គ្រាន់សម្រាប់បំពេញការងារដែរឬទេ»។  

នៅដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលបាន​សម្រេចលុបចេញស្ថាប័ន​មួយចំនួន ដូចជាកាំកុងត្រូល​ត្រូវដកចេញពីព្រំដែន ដកចេញស្ថាប័ននាំ​ផ្លូវ​នាវា​ចរ​នៅ​កម្ពុជា​ហៅកាំសាប និង ប្រកាសលុប​ការិយាល័យ​រដ្ឋបាល​នៅ​តាម​ស្រុក​មួយ​ចំនួន​​​ផង​ដែរ។  

​លោក ហ៊ុន សែន ធ្លាប់អះអាងថា យុទ្ធនាការថ្មីទាំងនេះ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ ​នឹងធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្តលើរដ្ឋាភិបាល​ បើទោះបីជាគ្មាន ឬមានប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ