លោក សុខ ឥសាន៖ គ្មានច្បាប់ណាហាមឃាត់មិនឲ្យកងទ័ពមានសិទ្ធិខាងនយោបាយទេ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា មិនមានច្បាប់ណា​ហាមឃាត់កងទ័ពមិនឲ្យធ្វើនយោបាយទេ ដោយថា​កងទ័ពក៏ជាពលរដ្ឋដែរ។  

ការលើកឡើង​របស់​​លោក សុខ ឥសាន បែបនេះ ធ្វើឡើងក្រោយពេល​​​ក្រុមយោធាប្រកាសគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ត្រៀម​ខ្លួន​ចាត់​វិ​ធានការចំពោះ​លោក សម រង្ស៊ី តាម​អំណាចសាលដីការរបស់​តុលាការ​។​ 

អ្នកនាំពាក្យគណបក្សកាន់​អំណាចរូបនេះ បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គមកាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «គ្មានច្បាប់ណាហាមឃាត់មិនឲ្យកងទ័ពមានសិទ្ធិខាងនយោបាយទេ ពីព្រោះកងទ័ពក៏ជាពលរដ្ឋដែរ​។   ច្បាប់បោះឆ្នោតអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធធ្វើនយោបាយបានតែក្នុងសកម្មភាពនយោបាយ​ មិនត្រូវប្រដាប់អាវុធ​ពាក់ឯកសណ្ឋាន​និងប្រើប្រាស់សម្ភាររដ្ឋតែប៉ុណ្ណោះ​»។ 

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គីមសួរ ភិរិទ្ធ មានប្រសាសន៍ថា មិនថាតែកងទ័ពទេ ទោះជាព្រះសង្ឃក៏មានសិទ្ធិធ្វើនយោបានដែរ ព្រោះជាប្រជាពលរដ្ឋ ប៉ុន្តែកុំយកតួនាទីទៅប្រើប្រាស់។ 

លោក គីមសួរ ភិរិទ្ធ ឲ្យដឹងថាថា៖ «មានអីពិបាកទេអូន មើលតែច្បាប់ស្តីពីកងទ័ពទៅ ហើយនិងរដ្ឋធម្មនុញ្ញចែងទៅដឹងហើយថា កងទ័ពគឺជាក្រុមប្រដាប់អាវុធអព្យាក្រឹត មិនប្រកាន់បក្សនយោបាយណាទេ! ប៉ុន្តែបើកងទ័ពចង់ធ្វើនយោបាយទាល់តែយើងដោះសំលៀកបំពាក់ចេញទៅ កាលណាតែយើងនិយាយថាកងទ័ពជារបស់គណបក្សហើយ ចប់ហើយ! ប្រទេសហ្នឹងគឺប្រទេសផ្តាច់ការ ប្រទេសយោធានិយមហើយ!»។ 

អ្នកជំនាញច្បាប់ លោក មេធាវី សុក សំអឿន មានប្រសាសន៍ថា នេះជាការលើកឡើងត្រឹមត្រូវ ព្រោះនៅប្រទេស​កម្ពុជាមិនមានច្បាប់ហាមពិតមែន។​ ប៉ុន្តែ លោកថា បើតាមគោលការណ៍ប្រជាធិបតេយ្យគឺចង់ឲ្យកងទ័ពឯករាជ្យ។  

លោក សុក សំអឿន មានប្រសាសន៍ថា៖ «បើសិនជាមានការតែងតាំងតាមខ្សែបក្ស ហ្នឹងទី១! អូខេ? ទី២ បើសិនជាចូលរួមឃោសនានយោបាយបក្ស ប្រសិនជាមានការបង់ថវិកាដើម្បីជួយបក្សឬក៏ជួយការឃោសនាបក្ស អាហ្នឹងសួរថា តើឯករាជ្យឬអត់?»។ 

លោក សម រង្ស៊ី​ កាល​ពីថ្ងៃទី​២៥ ខែមករា​ ឆ្នាំ២០១៩ បានប្រកាស​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់​ខ្លួន​ អំពីគម្រោងត្រលប់​ចូល​កម្ពុជាវិញនា​ពេលខាងមុខ ដោយថាអាចមានប្រជាពលរដ្ឋនិងអ្នកគាំទ្រជាច្រើននាក់ត្រៀមទៅទទួលរូបលោក។ លោក សម រង្ស៊ី ក៏​បានអំពាវនាវទៅ​កងកម្លាំងប្រដាប់អាវុធ កុំឲ្យ​ស្ដាប់តាមបញ្ជាលោក ហ៊ុន សែន និងកុំបាញ់ប្រជាពលរដ្ឋស្លូតត្រង់ ហើយ​ជំរុញពួកគេឲ្យ​ឈរខាងប្រជាពលរដ្ឋ ដើម្បីទាមទារសេរីភាព និងយុត្តិធម៌៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ