កម្ពុជា​ស្នើ​​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ ​ក្រោយ​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​អង្ករនាំ​ចូល

ទិន្នផលស្រូវ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ជជែក​គ្នា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​តម្លៃ​ស្រូវ​របស់​កសិករ ដែល​ការ​ជជែក​គ្នា​នេះ​កើត​ឡើង​បន្ទាប់​ពី​ទីផ្សារ​អង្ករ​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​របត់​ថ្មី​នៅ​ឯ​ទីផ្សារ​អឺរ៉ុប។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ផ្សព្វផ្សាយ​ថា រដ្ឋ​មន្ត្រី​កសិកម្ម លោក វេង សាខុន បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គ​រដ្ឋ​ទូត​វៀតណាម និងក្រុម​ពាណិជ្ជករ​វៀតណាម​នៅ​ទីស្ដីការ​ក្រសួង​ការពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ជជែក​អំពី​ស្ថានភាព​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​នា​ពេល​សព្វថ្ងៃ​នេះ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី វេង សាខុន និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន។ រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិន​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​បក​ស្រាយ​បន្ថែម​អំពី​ព័ត៌មាន​លម្អិត​នៃ​ជំនួប​នេះ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ភាគី​វៀតណាម នឹង​ជំរុញ​ឲ្យ​មាន​ការ​ចចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ ទៅ​លើ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ និង​ស្រូវ​​អង្ករ​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ។

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ភាគីវៀតណាមគ្រោង​នឹង​ស្នើ​ទៅ​មេដឹកនាំ​វៀតណាម ឲ្យ​ជំរុញ​ពាណិជ្ជករ​វៀតណាម​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​នៅ​ក្នុង​តម្លៃ​សមរម្យ។

ជាង​នេះ​ទៅទៀត ភាគី​វៀតណាម​នឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើផលិតផលស្រូវអង្ករដោយអត្រាពន្ធសូន្យ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ លោក មូល សារិទ្ធ យល់​ថា​ ការ​ស្នើ​សុំ​ឲ្យ​វៀតណាម​ជួយ​រក្សា​តម្លៃ​ស្រូវ​កម្ពុជា ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​កសិករ​ខ្មែរ​ និង​ជា​ទំនាក់ទំនង​​ពាណិជ្ជកម្ម​រវាង​ប្រទេសនិង​ប្រទេស​ប៉ុណ្ណោះ ខណៈ​ស្រូវ​ស​របស់​កម្ពុជា​បាន​ធ្លាក់​ថ្លៃ​ច្រើន។ លោក​បន្ថែម​ថា ​តាម​សមត្ថភាព​ម្ចាស់​រោង​ម៉ាស៊ីន និង​ឃ្លាំង​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​ស្រូវ​ពី​កសិករ​ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ដើម​ទុន និង​ការ​សម្ងួត​ស្រូវ​។

លោក មូល សារិទ្ធ មាន​ប្រសាសន៍ថា៖ «បច្ចុប្បន្ន​នេះ​ យើង​ពឹង​ផ្អែក​ដោយ​សារ​ទី​មួយ​ យើង​អត់​មាន​សម្ភារ​ដែល​ខ្ញុំ​និយាយ​ខាង​លើ​ហ្នឹង​គ្រប់​គ្រាន់ ទី​ពីរ ​ទុន​យើង​ក៏​ខ្វះ​ដែរ ទីបី ​ប្រភេទ​ស្រូវ​ដែល​កសិករ​យើង​ដាំ​ គឺ​ស្រូវ​អ៊ីអ៊ែ ​ដែល​ប្រជាជន​យើង​ក្នុង​ស្រុក​មិន​សូវ​ប្រើប្រាស់​ស្រូវ​អ៊ីអែ​ច្រើន​ដែរ ហើយ​ការ​នាំ​ចេញ​របស់​យើង​ គឺ​ផ្តោត​ភាគ​ច្រើន​ទៅ​លើ​អង្ករ​ក្រអូប»

អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ មិនគាំទ្រចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បែប​នេះ​របស់​រដ្ឋាភិបាល​នោះទេ ដោយថា វៀតណាម គឺជាគូប្រកួតប្រជែងលើទីផ្សារ។

លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «តាមពិតពាណិជ្ជកររោងម៉ាស៊ីនខ្មែរ និងវៀតណាម គឺជាដៃគូប្រកួតប្រជែងគ្នាលើទីផ្សារណា៎! អញ្ចឹង ខ្ញុំមើលឃើញថា រដ្ឋាភិបាលត្រូវគាំទ្រពាណិជ្ជករ និងរោងម៉ាស៊ីនខ្មែរ ដើម្បីឲ្យមានសមត្ថភាពប្រមូលស្រូវ ទិញស្តុកទុក កែច្នៃ ហើយនាំចេញ ដើម្បីប្រកួតប្រជែងជាមួយពាណិជ្ជករប្រទេស​ផ្សេងៗនៅលើទីផ្សារ!»

ទោះជាយ៉ាងណា កម្ពុជា​បាន​ជំរុញ​ទៅ​ភាគី​វៀតណាម​ឲ្យ​ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​បែប​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា​ និង​ភូមា នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​។

តួលេខ​ពី​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​​ជាង ៦២​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ដោយ​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ដល់​ទៅ​ជិត ២៧​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​ មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ៕


ដោយ៖ លោក ហួត វុទ្ធី និងលោក ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ