ក្រុមបាល់ទាត់ល្បីមួយប្រចាំប្រទេសថៃ បានប្រកាសចាប់ដៃជាមួយក្រុមបាល់ទាត់របស់កម្ពុជា ធ្វើការប្រកួតជាលក្ខណៈមិត្តភាព សម្រាប់ធ្វើគម្រោងសប្បុរសធម៌មួយដល់កម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
ក្រុមបាល់ទាត់កម្ពុជា នឹងប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទាត់ថៃ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកំព្រា និងទ្រទ្រង់សហព័ន្ធបាល់ទាត់កម្ពុជា ហើយកីឡាការទាំងអស់នឹងមិនយកតម្លៃខ្លួននោះទេ។ នេះបើយោងតាមការបញ្ជាក់ក្នុងវេទិកាសន្និសីទកាសែតសារព័ត៍មាន កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
តាមខ្លឹមសារក្នុងពិធីបានអះអាងថា ក្រុមបាល់ទាត់ក្នុងលីករបស់កម្ពុជា គឺក្រុម K Cement All Stars និងក្រុមបាល់ទាត់ SCG Muangthong United ដ៍ល្បីល្បាញរបស់ថៃ នឹងបើកប្រកួតគ្នាជាលក្ខណៈមិត្តភាពធំមួយនៅស្ដាតអូឡាំពិកនៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខ ដើម្បីលក់សំបុត្រ និងអាវយឺតយកថវិកាប្រគល់ឲ្យសហព័ន្ធបាល់ទាត់កម្ពុជាយកមកទ្រទ្រង់វិស័យបាល់ទាត់ និងយកថវិកាមួយចំណែកទៀត ទៅជួយដល់ក្រុមក្មេងកំព្រានៅខេត្តកំពត។

លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជាបានអះអាងថា ដើម្បីរួមចំណែកជួយដល់គម្រោងសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា ក្រុមបាល់ទាត់ក្រុម SCG Muangthong United នឹងសម្រេចចុះមកប្រកួតជាមួយក្រុមកម្ពុជាមួយឆ្នាំម្ដង ដោយការប្រកួតលើកនេះជាលើកទី៣ហើយ ខណៈដែលការប្រកួតលើកនេះ ក្រៅពីដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពជាមួយគ្នា និងចែករំលែកបច្ចេកទេសឲ្យគ្នា ក៏មានកម្មវិធីដាក់លក់អាវយឺត និងសំបុត្រ ដើម្បីប្រមូលថវិកាជួយដល់ក្មេងកំព្រា និងប្រគល់ទុកឲ្យសហព័ន្ធធ្វើការទ្រទ្រង់វិស័យបាល់ទាត់នៅកម្ពុជាផងដែរ។
លោក Somwang Manpimonchai បន្តថា ការប្រកួតមួយនេះមិនត្រូវបានប្រមូលថវិកាលក់សំបុត្រទៅស៊ីសងការចំណាយនោះទេ ដោយសារតែបានក្រុមជាដៃគូមួយធ្វើការទ្រទ្រង់រួចហើយ ដោយថវិកាដែលទទួលបានមិនថាការលក់សំបុត្រ និងលក់អាវយឺត គឺប្រើជាប្រយោជន៍ផ្នែកសប្បុរសធម៌នៅកម្ពុជាទាំងស្រុង។
ការប្រកួតកាលពីលើកទី១ កាលពីខែមករា ឆ្នាំ២០១៦ ក្រុម K Cement All SARS ជាអ្នកឈ្នះ ហើយការប្រកួតលើកទី២ កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រុមSCG Muangthong United ជាអ្នកឈ្នះវិញ។
ការប្រកួតលើកទី៣នេះ ក្រៅពីស្ថិតក្នុងគម្រោងប្រមូលថវិកា ដើម្បីគម្រោងសប្បុរសធម៌នៅកម្ពុជា ក៏ជាការប្រកួតកាត់ក្ដីដើម្បីដឹងថា ក្រុមថៃ និងក្រុមកម្ពុជា តើអ្នកណានឹងឈ្នះក្រោយឈ្នះចាញ់គ្នាម្ដងម្នាក់។ នៅថ្ងៃទី៨ ខែកុម្ភៈ មុនការប្រកួតមួយថ្ងៃ ក៏នឹងមានរៀបចំកម្មវិធី Kick and Share By SCG ដើម្បី ហ្វឹកហាត់បាល់ទាត់ដល់កុមារៗ និងយុវវ័យកម្ពុជាចំនួន២០០នាក់ ដើម្បីពន្យល់ពីបច្ចេកទេស និងដើម្បីអោយបានជួបផ្ទាល់ជាមួយកីឡាករថៃអាជីពទាំងនោះដែរ។
អ្នកចាត់ការទូទៅនៃក្លឹបបាល់ទាត់ SCG Muangthong United លោក Kan បានមានប្រសាសន៍ថា គម្រោងធំបំផុតនៃការជួបប្រកួតនេះ គឺចង់អោយក្រុមទាំងពីរបានរៀនសូត្រពីគ្នា និងសំខាន់បំផុត ដើម្បីទាក់ទាញអ្នកគាំទ្រកម្ពុជាឲ្យទិញអាវ និងទិញសំបុត្រ ដើម្បីបានថវិកាឲ្យបានច្រើនជួយគម្រោងសប្បុរសធម៌ដែលបានលើកឡើងខាងលើ។
អគ្គលេខាធិការរងនៃសហព័ន្ឋកីឡាបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា បានឲ្យដឹងថា ប្រសិនបើព្រឹត្តិការណ៍នេះ ទាក់ទាញអ្នកទស្សនាបានច្រើន នោះថវិកាសប្បុរសធម៍ដែលនឹងបាននឹងមានចំនួនច្រើន ដើម្បីជាប្រយោជន៍ដល់ក្រុមបាល់ទាត់និងកុមារកំព្រាដែលទទួលជំនួយពីការប្រកួតនេះ៕
