កីឡាករ កៀន ធារ៉ា បោះបង់អាជីពពីអ្នកប្រដាល់ទៅជាព្រូរថយន្តតាក់ស៊ីវិញ

កីឡាករ​​​ កៀន ធារ៉ា បានបង្ហាញមុខជាថ្មីក្នុងការប្រកួតមិត្តភាព ​​​​​កាលពីថ្ងៃទី២ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍​ TV5 Knock Out Series By K-Cement នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ រូបភាព៖ វង្ស សុម៉ាលីន

កីឡាករប្រដាល់ដ៏ល្បីមួយរូបបានសម្រេចចិត្តបោះបង់ការប្រកួតលើសង្វៀនជាងបីឆ្នាំ ដោយសារតម្លៃខ្លួនក្នុងការប្រកួតមិនអាចទ្រទ្រងជីវភាពរស់នៅប្រចាំថ្ងៃ ហើយបានប្រកបរបរជាព្រូរថយន្តតាក់ស៊ីវិញ។

កីឡាករ​​វ័យក្មេង​ កៀន ធារ៉ា បានធ្វើឲ្យអ្នកស្នេហា​​​​​កីឡាប្រដាល់​ផ្ដោត​ការ​​​ចាប់​​អារម្មណ៍​គួរឲ្យកត់សម្គាល់​​ កាលពី៣ឆ្នាំមុន ដោយសារតែគេ​​​​​​​​​​​​​​​ទើបតែហ្វឹកហាត់ ប៉ុន្តែ​​​មានសមត្ថភាព​ប្រកួតបានល្អ ​​ដោយ​ធ្លាប់មានប្រវត្តិ​​វាយឲ្យកីឡាករចាស់​​វស្សា​មួយចំនួន​​បាក់មុខ​​លើរេញ​នោះផង​។ ក្រោយមក​​​ កីឡាកររូបនេះបានបាត់មុខមួយរយៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការងើយឆ្ងល់។

កីឡាករ​​​ កៀន ធារ៉ា បានបង្ហាញមុខជាថ្មីក្នុងការប្រកួតមិត្តភាព ​​​​​កាលពីថ្ងៃទី២ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍​ TV5 Knock Out Series By K-Cement នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រមជាមួយនឹងការសារភាព​ពីការបាត់មុខលើសង្វៀនមួយរយៈ។​​​ លោកអះអាងថា​​​​​​​​ ប្រដាល់កន្លងមក​​​​មិនអាចឲ្យលោក​ចិញ្ចឹម​​ខ្លួនបាន ទើប​រត់ទៅធ្វើជាព្រូឡាន​​​​​​​​​​អស់​​៣ឆ្នាំ។ ​

កីឡាករ កៀន ធារ៉ា បានមានប្រសាសន៍ថា ​​​ការប្រកួតរបស់លោកកាលពី​​៣ឆ្នាំមុន បើទោះជាមាន​ទីផ្សារឡើងរេញគួរសម ​ប៉ុន្តែ តម្លៃខ្លួន​ដែលលោកទទួលបាន​ក្រោយការទូទាត់​​​​​​​ឲ្យអ្នកផ្គូរផ្គង ជូនគ្រូបង្វឹក និង​​អ្នក​ឲ្យទឹក​​រួចរាល់​​គឺសល់មិន​​​ច្រើនទេ។ ស្របគ្នាដែលលោក​មិនមានការងារ​ខាង​ក្រៅការប្រដាល់​​ផង ទើប​សម្រេច​ចិត្ត​​បន្ថែមអាជីព​ជាអ្នក​​​​រកម៉ូយ​ដាក់​​រថយន្តតាក់ស៊ី និងជាព្រូតាក់ស៊ី។ ​​​​​មុខរបរនៅក្នុងពេលនោះ លោកថា មិន​​មែន​ចង់ធ្វើ​ដើម្បី​បញ្ចប់អាជីពការប្រដាល់នោះទេ ប៉ុន្តែ​ដោយសារតែ​​ការ​​ធ្វើ​ជាព្រូរថយន្ត​​​​​អត់មានម៉ោង​កំណត់ ​​ហើយត្រូវចុះឡើងតាមខេត្តរហូត​​មិន​អាចឲ្យលោក​​ហ្វឹកហាត់​​​បង្កើនសមត្ថភាព​បាន ទើប​លោកសម្រេចចិត្ត​​ឈប់ទទួល​ឡើងរេញតែម្ដង។

កីឡាករ កៀ ធារ៉ា បានបន្តថា លោកទើបតែសម្រេចចិត្ត​ត្រលប់មកកាន់​​ការប្រកួតជាថ្មី​​​ដោយសារតែលោកទើបតែ​រកការងារបានធ្វើជាអ្នកលើកដាក់​​ឥវ៉ាន់ និង​យាម​​ឃ្លាំង​​មួយនៅ​​​​ម្ដុំបឹងទំពុនដែលអាចឲ្យលោកមានពេលហ្វឹកហាត់​​ខុសពី​ពេលធ្វើ​​ព្រូឡាន​មុននេះ​ប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «​​​​​បាត់មុខ​​​៣ឆ្នាំហ្នឹង​ ខ្ញុំទៅ​ធ្វើព្រូឡាន​ តែឡូវខ្ញុំ​បាន​ការងារ​ធ្វើ​​នៅក្នុង​ឃ្លាំង​មួយហើយ ទើប​ខ្ញុំ​​​​​​ត្រលប់មកវិញ ព្រោះ​​​​រំពឹងថា ​​​​​​​​​ធ្វើការនៅនោះ​​​គ្រាន់ៗ​ទប់ទៅ ដល់ពេល​​​ប្រដាល់ ​គឺ​យើង​បានសល់លុយ!»។

បើទោះជាការបង្ហាញខ្លួនជាថ្មីនៅ ​​​បានធ្វើអោយ​​លោក​​បរាជ័យ​​​​ក្នុងទឹកទី​​២ ក្រោមដៃកីឡាករ​​បង្គោលខៀវ ​ឆោម ប៊ុនឡុង តែលោកប្រកាសថា មិន​​​មែនជា​រឿងត្រូវបាក់ទឹកចិត្ត​​នោះទេ​។ លោកថា ឆោម ប៊ុនឡុង ​មិនត្រឹមតែជាកីឡាករ​​​ដែលមានសន្ទុះ​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាគ្រូបង្វឹក​មួយរូ​បប្រចាំក្លិប​មួយនៅខេត្តសៀមរាប ដែលជាក្លិប​គេជ្រកកោននោះផង។

កីឡាករ កៀ ធារ៉ា បានលើកឡើងថា ​ការប្រកួត​​កាលពី​ថ្ងៃទី​​២ ខែកុម្ភៈ នៅ​ប៉ុស្ដិ៍លេខ​​៥ លោកកាន់តែរុល ​​​​​​កីឡាករ​ជាគូប្រកួតកាន់តែ​វាយសម្រុក អញ្ចឹងហើយ ទើប​លោក​​ត្រូវ​សន្លប់​​ក្នុងពេល​​​​​​​​ប្រថុយ​វាយ​ខ្លាំង ដោយត្រូវគូប្រកួត​​​វាយ​ចំ​​​​​គោលដៅបណ្ដាលឲ្យ​​​ចុកឆ្អល់​​ក្រោកលែងរួច។ ​លោកនៅតែ​ប្រកាសថា ​​មិនបាក់ទឹកចិត្ត​​នឹងលទ្ធផលដែលបាន​ស្ដែងឡើងក្នុងពេលសម្រេចចិត្ត​វិលជាន់សង្វៀន​នេះទេ ដោយលោកបានចាត់ទុក​ថា​នឹង​ផ្ដើម​ពីសូន្យ​ឡើងវិញ ហើយរំពឹងថា ​​​ការប្រកួត​លើកក្រោយៗ​នឹងធ្វើឲ្យលោក​​ទទួលបាន​លទ្ធផលល្អ។

លោក សេង កដិកា បានទទួលស្គាល់ថា ៣ឆ្នាំមុនកីឡាករ កៀន ធារ៉ា គឺជាកីឡាករល្អម្នាក់​​នៅលើសង្វៀន តែ​ដោយសារតែ​​​​គេ​មិនបានប្រកួត និងមិនបានហ្វឹកហាត់​​ច្រើនឆ្នាំ ទើបធ្វើឲ្យដៃជើងស្ទក់​ៗ ហើយ​​បើនិយាយពី​សាច់ដុំ​​វិញ គឺ​អាច​មិន​ទាន់ឲ្យ​​​​​វាយរស់រវើកបាន។ ​លោកថា​​ លទ្ធផលសន្លប់ក្នុងទឹកទី២ ក្រោមដៃគូប្រកួតមិនមែនជារឿងភ្ញាក់​​ផ្អើលទេ ​​ជាពិសេសសម្រាប់​កីឡាករ​ដែលមិនបាន​​​ឡើងសង្វៀន​យូរ ហើយមកត្រូវប្រកួតជាមួយកីឡាករ​​​​​​​​​ឡើងស្ទុះ​ដែលល្អម្នាក់​​ដូចជាកីឡាករ ឆោម ប៊ុនឡុង។

លោក សេង កដិកា បានបន្ថែមថា កីឡាករ កៀន ធារ៉ា ត្រូវការការប្រកួត​​​​​​​មិនលើសពី​​៥ទៅដប់​ប្រកួតទៀតទេ នឹង​រស់រវើកសាច់ដុំ​​ឡើងវិញ ហើយស្រួលមិនស្រួល​អាចនឹងល្អជាងមុនផង បើគេពិតជាមានការតាំងចិត្តខ្ពស់​​ក្នុងការហ្វឹកហាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ