មន្ត្រី​កងរាជអាវុធហត្ថម្នាក់ត្រូវបានដាក់ពិន័យ ​ក្រោយរកឃើញពាក់ព័ន្ធអំពើហិង្សាលើពលរដ្ឋនៅខេត្តព្រះសីហនុ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ អះអាងថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ក្រុម​ស៊ើប​អង្កេត សម្រេច​ដក​បញ្ឈរ​ជើង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​នេះ​កាល​ពី​ខែ​មុន។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ក្រោយចុះស៊ើបអង្កេតករណីហិង្សានៅខេត្តព្រះសីហនុ គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថ បាន​រកឃើញ​មន្ត្រីកងរាជអាវុធហត្ថម្នាក់ ជាប់​ពាក់ព័ន្ធការប្រើប្រាស់ហិង្សាលើពលរដ្ឋ​។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រីប៉េអឹម​រូបនោះ ក៏ត្រូវបានបញ្ជាការកងរាជអាវុធហត្ថខេត្ត ដក​បញ្ឈរជើង និង​ស្ថិតក្រោមការត្រួតពិនិត្យផងដែរ។

​មន្ត្រី​ប៉េអឹម​រូប​នោះ លោក អេង ហ៊ី បាន​បញ្ជាក់បន្ថែម​ថា នឹងមានការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត ទៅ​លើ​ករណី​​បាញ់បោះដែលបង្កឱ្យមានពលរដ្ឋរបួសផងដែរ ដោយលោកថា ឱ្យតែមានការជាប់ពាក់ព័ន្ធ ​គឺត្រូវអនុវត្តតាមច្បាប់ទាំងអស់។

លោកបន្តថា៖ «អញ្ចឹង ជំហានដំបូង យើងព្យួរការងារគាត់ ហើយយកមកត្រួតពិនិត្យហ្នឹង។ អាហ្នឹង ជាវិន័យរបស់កងទ័ពហើយ ហើយបើសិនមានកំហុសលើសហ្នឹងទៀត អាហ្នឹងយើងអនុវត្តទៅតាមច្បាប់។ យើងកំពុងធ្វើកោសល្យវិច័យ​អាវុធដែលប្រើប្រាស់នៅពេលនោះ គឺ ៦​​ដើម​ហ្នឹង។ យើងប្រើប្រាស់ពាក់ព័ន្ធជាមួយហ្នឹងក្បាលគ្រាប់ តើគ្រាប់កាំភ្លើងដែលពួកគាត់ប្រើហ្នឹង មានបាញ់ចេញអត់ ហើយមួយទៀត ខាងចំពោះកិច្ចក៏បាន​ទៅធ្វើលិខិតស្នើសុំទៅខាងមន្ទីរពេទ្យ ដើម្បីឱ្យក្បាលគ្រាប់ហ្នឹងមកដើម្បីយើងធ្វើកោសល្យវិច័យ»

អ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើរកឃើញថា អំពើប្រព្រឹត្តរបស់មន្ត្រីកងរាជអាវុធហត្ថរូបនោះ ជាបទល្មើសព្រហ្មទណ្ឌ ដោ​យបង្កឱ្យមានពលរដ្ឋរបួសស្នាម ឬ ស្លាប់ ​ក្រៅពីពិន័យរដ្ឋបាល គឺត្រូវមានទោសទណ្ឌ ផ្នែករដ្ឋប្បវេណី និងជាប់ពន្ធនាគារទៀតផង។

លោកបន្តថា៖ «ពីព្រោះអាហ្នឹងយើងមើលទៀត ថាតើការប្រើកម្លាំងហ្នឹងវាសមស្របឬអត់? ប្រសិនបើវាមិនមែនជាការការពារខ្លួនទេ វាទៅជាការប្រើអំពើហិង្សាឬ អំពើហិង្សាទៅលើប្រជាជន ហ្នឹងវាត្រូវមានទោសប្រើអំពើហិង្សាហើយ។ ប្រសិនមានរបួសអាហ្នឹងវាមានទោសពីបទបង្ករបួសស្នាម ហើយបើសិនជារហូតដល់ស្លាប់ឬពិការ អាហ្នឹងវាមានស្ថានទម្ងន់ថែមទៀត »។ 

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូល វាស់វែងដីឲ្យអ្នកស្រី ហុង សួន ដែលជាភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ គឺពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង និងពលរដ្ឋ៦នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់​ថ្ងៃដដែល​។

ដោយឡែក​វីដេអូ ដែលថតក្នុងហេតុការណ៍នោះដែរ បានបង្ហាញពីពលរដ្ឋម្នាក់ជាប់ខ្នោះដៃព័ទ្ធទៅក្រោយ ហើយត្រូវបានទាហានម្នាក់វាយនឹងកាំភ្លើងវែង ហើយពលរដ្ឋដដែលក៏ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់មកជាន់ពីលើ ខណៈលោកជាប់ខ្នោះដៃ ព័ទ្ធមកក្រោយ និងកំពុងដេកផ្អាប់មុខទៅលើដីហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ