មេធាវីលោក រ៉ាត់ រត្នមុនី គ្រោង​ប្តឹងសារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ

លោក រ៉ាត់ រត្នមុនី និងភរិយា អ្នកស្រី ឡុង គីមហ៊ាង។ រូបភាព៖ ហ្វេសប៊ុក Long Kimleang

មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​ដាក់​បណ្ដឹង​សារ​ទុក្ខ​ទៅតុលាការកំពូលនៅថ្ងៃស្អែក​នេះ ដើម្បី​បន្ត​ទាម​ទារ​ឲ្យ​កូន​ក្ដី​របស់​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​តុលាការ​ថ្នាក់​ក្រោម​បាន​បដិសេធ។

​លោក សំ ទិត្យសីហា ដែល​ជា​មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា កូន​ក្ដី​របស់​លោកបាន​សម្រេច​ឲ្យ​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ជា​បន្ត​បន្ទាប់។

មេធាវីរូបនេះ បាន​ប្រាប់​ថា ​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ទាំង​ពីរ​ថ្នាក់ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​គ្រួសារ សិទ្ធិ​សេរីភាព និង​សុខភាព​របស់​កូន​ក្ដី​លោក។

លោក សំ ទិត្យសីហា មាន​ប្រសាសន៍ថា៖ «គិតថា អ្វីដែលគាត់ធ្វើហ្នឹង គាត់មិនមានព្យុសនកម្ម ហើយគាត់មានសិទ្ធិងក្នុងការសុំនៅក្រៅឃុំ ដើម្បីឱ្យគាត់ជួបជុំក្រុមគ្រួសារ ឬក៏គាត់ធ្វើអ្វីមួយសម្រាប់ក្រុមគ្រួសារគាត់ហ្នឹង ហើយមួយទៀតដែរ ខ្ញុំគិតថា ទាក់ទងបញ្ហាបទល្មើសហ្នឹង វាគ្មានអ្វី គាត់ហ្នឹងវាគ្មានអំណាចអី ឬក៏គ្មានឥទ្ធិពលអីទៅរាំងស្ទះទៅដល់ដំណើរការនីតិវិធី»

ប្រធាន​សហព័ន្ធ​សហជីព​​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បានស្នើ​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ សំណើ​របស់​លោក​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ បដិសេធ​ជា​បន្ត​បន្ទាប់។

មេដឹកនាំ​សហជីព​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​សារព័ត៌មាន​រុស្ស៊ី RT។

យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា លោក ​រត្ន​មុនី ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី ១ ទៅ ៣​ឆ្នាំ ប្រសិន​បើ​​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​កំហុស​មែន​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ