រដ្ឋាភិបាល​ប្រកាស​បញ្ចុះ​ថ្លៃ​ពិនិត្យ​កុងតឺន័រ​នាំ​ចេញ​នាំ​ចូល​សំលៀក​បំពាក់

កិច្ចប្រជុំលើកទី ៧ នៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​បញ្ចុះ​ថ្លៃ​ពិនិត្យទូរ​​កុងតឺន័រ​នាំ​ចេញ និង​នាំ​ចូល​​ផលិត​ផល​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង ដើម្បី​ពង្រឹង​ការ​ប្រកួត​ប្រជែង​​​របស់​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣០ ខែមករា ដែល ​VOD ទើប​ទទួល​បាន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុន្នីរ័ត្ន បាន​ប្រកាស​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ រដ្ឋាភិបាល​នឹង​លុប​ចោល​នូវ​ការ​ចេញ​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ប្រភព​ដើម ​(CO) សម្រាប់​ប្រទេស​ដែល​មិន​ត្រូវ​ការ ហើយ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​នាំ​ចេញ​និង​នាំចូល​ឲ្យ​ដល់​កម្រិត​ទាប​បំផុត​នោះ​ នា​ខែ​មេសា​ខាង​មុខ ​ក្រសួង​ក៏​នឹង​បញ្ចុះ​ថ្លៃ​ពិនិត្យ​កុងតឺន័រ​ឲ្យ​ដូច​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​ផង​ដែរ​។

ក្នុង​សេចក្ដីប្រកាស​នោះ​សរសេរ​ថា៖ « គឺ​១០​ដុល្លារ​សម្រាប់​កុងតឺន័រ ២០ហ្វិត(៦ម៉ែត្រ) និង​១៦​ដុល្លារ​សម្រាប់​កុងតឺន័រ ៤០ហ្វិត(១២ម៉ែត្រ) ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មេសា ​ឆ្នាំ​២០១៩ » ។

បើ​តាម​សេចក្ដីប្រកាស​នោះ​ ការ​លុប​ចោល​និង​បញ្ចុះ​តម្លៃ​ពិនិត្យ​កុងតឺន័រ​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ចំណេញ​ទឹក​ប្រាក់​ជិត​១០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ លោក ខេន លូ គាំទ្រ​ចំពោះ​ការ​សម្រេច​នេះ​ជា​រឿង​ល្អ​មួយ ​ដើម្បី​ជំរុញ​ដល់​អ្នក​នាំ​ចេញ​នាំ​ចូល​ផលិតផល​សំលៀក​បំពាក់។

លោក​ថា៖ « ខ្ញុំ​គិត​ថា​ ឥឡូវ​រដ្ឋាភិបាល​បាន​ព្យាយាម​ហើយ! តែ​យើង​មិន​អាច​និយាយ​បាន​ថា​មក​ពី​អា​ហ្នឹង​អាច​នាំ​ឲ្យ​ការ​នាំ​ចូល​នាំ​ចេញ​កើន​ឡើង​ទេ តែ​យ៉ាង​ហោច​ណាស់​ក៏​វា​បាន​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​យើង​ដែរ មាន​ន័យ​ថា​ជួយ​ដល់​ក្រុម​ហ៊ុន​នាំ​ចេញ​នាំ​ចូល​ដែរ » ។ 

ចាប់​ពី​ដើម​ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ពី​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា​ដែល​មាន​ជា​បន្តបន្ទាប់ ​​ដូច​ជា​ ការ​ដក​កាំកុងត្រូល​ចេញ​ពី​ព្រំ​ដែន និង​តំបន់​សេដ្ឋកិច្ច ការ​លុប​ចោល​អង្គភាព​នាវាចរ​កាំ​សាប បង្រួម​ការិយាល័យ​រដ្ឋបាល​ថ្នាក់​ស្រុក​ និង​ឈប់​យក​ពន្ធ​លើ​ប្រាក់​ចំណូល​លើ​សហគ្រាស​កសិកម្ម​ចំនួន​៥​ឆ្នាំ​ជា​ដើម។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែមករា បាន​លើក​ឡើង​ថា ​វិធានការ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ធុរជន​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្ថែម​ទៀត។

លោក​ថា៖ « គេ​នឹង​នរ​ចិត្ត​ គេ​ដឹង​ថា​ បើ​សិន​ជា​មាន​បញ្ហា​ស្អី​កើត​ឡើង គឺ​គេ​នៅ​តែ​មាន​លទ្ធភាព​មាន​ប្រាក់​ចំណេញ ហើយ​បើ​គ្មាន​អី​កើត​ឡើង​ទេ ​គេ​កាន់​តែ​មាន​ប្រាក់​ចំណេញ។ ហើយ​ប្រាក់​ចំណេញ​នេះ​ មួយ​ផ្នែក​នឹង​ត្រូវ​បាន​ក្លាយ​ជា​ប្រាក់​រង្វាន់​ឬ​ក៏​ដំឡើង​បៀវត្ស​ឲ្យ​កម្មករ​របស់​យើង ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​របៀបវារៈ​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​អាណត្តិ​នេះ » ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ យល់ស្រប​ទៅ​នឹង​វិធាន​ការ​នេះ​ តែ​ថា​ការ​បង្កើន​ទំនុក​ចិត្ត​អ្នក​វិនិយោគ​គឺ​មិន​អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ។

លោក​ថា៖ «វា​អាស្រ័យ​លើ​វិធានការ​ជាក់​ស្ដែង​ក្នុង​ការ​ចាត់​ឲ្យ​មាន​ប្រសិទ្ធភាព ​អញ្ចឹង​ចាំ​មើល​ទៅ​មុខ​ទៀត ​ប្រសិន​ជា​កើត​ដូច​ជា​អ្វី​ដែល​ថ្នាក់​ដឹកនាំ​មាន​ប្រសាសន៍​មែន​រឿង​ហ្នឹង វា​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ហើយ​ ធម្មតា​ការ​កសាង​ទំនុក​ចិត្ត ​វា​មិន​អាច​កសាង​បាន​ក្នុង​រយៈពេល​ខ្លី​ទេ​វា​ត្រូវ​ការ​រយៈពេល​ច្រើន​ » ។

រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា បាន​ប្រកាស​ឈប់​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​ចំពោះ​សហគ្រាស​ដាំ​ដុះ​ ផលិត និង​ផ្គត់​ផ្គង​ក្នុង​ស្រុក​ ឬ​នាំ​ចេញ​ផលិតផល​កសិកម្ម​ដែល​មាន​ដូចជា​ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់​ស្វាយ​ចន្ទី ដំឡូង​មី និង​កៅស៊ូ​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា ​ដោយ​ថា ​ដើម្បី​​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ