ក្រុមហ៊ុន​កាណាដា​មួយ ​គ្រោង​ស្វែង​រក​ប្រេង​​នៅ​​កម្ពុជា

ការខួងរុករករ៉ែដែលដំណើរការនៅក្រុងបានលុង ខេត្តរតនគិរី នៅភូមិភាគឦសាននៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ Twitter of Angkor Gold Corp.

ក្រុមហ៊ុន​រ៉ែ​របស់​ប្រទេស​កាណាដា ​Angkor Gold ​គ្រោង​ស្វែង​រក​ប្រេង​នៅ​ក្រោម​ដី​នៅប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ចរចា​ជា​មួយ​រដ្ឋាភិបាល​កាល​ពី​ដើម​ខែ​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី០​៦ ខែកុម្ភៈ​ ម្សិលមិញ ​ប្រធាន​ក្រុម​ហ៊ុន​ Angkor Gold Corporation លោក Stephen Burega បាន​ប្រកាស​ថា ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​របស់​លោក​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេង​​កម្ពុជា​ ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​រុករក​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ដី​នៃ​ប្រទេស​​កម្ពុជា ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​សម្លឹង​រក​មើល​ឱកាស​នេះ​ជាង​៥​ឆ្នាំ​មក​ហើយ។

បន្ថែម​ពី​នេះ​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​នេះ ​លោក Mike Weeks ក៏​ត្រូវ​បាន​ដកស្រង់​សំដី​ក្នុង​សេចក្ដី​ប្រកាស​នោះ​ផង​ដែរ​ថា ផ្នែក​ខ្លះនៃ​ប្រទេស​កម្ពុជា​គឺ​មាន​លំហូរ​ប្រេង​ក្រោម​ដី និង​អាច​ជា​អាង​ស្តុក​ប្រេង​ផង​ដែរ​ តែ​ដោយ​សារ​​​កត្តា​ប្រវត្តិសាស្ត្រ និង​ចំណេះ​ដឹង​ពី​សណ្ឋាន​ដី ជា​មួយ​នឹង​ទំនាក់ទំនង​នៃ​អ៊ីដ្រូកាបូន ទើ​ប​នៅ​​មិនទាន់មាន​ប្រព័ន្ធ​នៃ​រុក​រក​​ប្រភព​ប្រេង​នេះ​នៅ​ឡើយ​ទេ។

សេចក្ដីប្រកាស​នោះ​បាន​ដកស្រង់​ថា៖ « យើង​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ការ​ប្រមូល​ប្រេងកាត​នៅ​កម្ពុជា ​ដោយសារ​លំហូរ​នៃ​ប្រេង​ធម្មជាតិ និង​វត្តមាន​នៃ​ល្បាយ​ថ្ម ជា​មួយ​នឹង​រចនា​សម្ព័ន្ធ​ភូមិសាស្ត្រ ដែល​អាច​ចាប់​នឹង​រក្សា​ប្រេង និង​ឧស្ម័ន។ ហើយ​វា​​ស្រដៀង​គ្នា​ទៅ​នឹង​តំបន់​ដែល​ជា​ទី​កន្លែង​ដែល​ប្រេង និង​ឧស្ម័ន​ត្រូវ​បាន​រក​ឃើញ​និង​ផលិត » ។

ទោះ​ជា​យ៉ាង​ណា​ ក្រុម​ហ៊ុន​មិន​ទាន់​បាន​បង្ហាញ​ថា ​កន្លែង​ណា​នៃ​កម្ពុជា​មាន​លំហូរ​ប្រេង​ឆ្លង​កាត់​នៅ​ឡើយ​ទេ។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ​លោក ជៀប សួរ មាន​ប្រសាសន៍​ថា ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Angkor Gold កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ដាក់​ពាក្យ​សុំ​នៅ​ឡើយ​ ដោយ​មិន​ទាន់​ច្បាស់​ថា​ អាច​នឹង​ពិនិត្យ​អនុញ្ញាត​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ពេល​ណា​នោះ​ទេ។​

លោក​ថា៖ « នៅ​ទេ! គាត់​ទើប​តែ​ស្នើ​សុំ​ពាក្យ​ស្នើសុំ​ដើម្បី​ដាក់ ​(ពាក្យ​) ដំបូង​បំផុត​ គាត់​ទើប​តែ​ស្នើ​សុំ​ទេ! អញ្ចឹង​ នៅ​ពេល​ណា​ដែល​គាត់​បំពេញ​បាន​ហើយ គាត់​យក​មក​ដាក់​យើង​នឹង​ពិនិត្យ​មើល​ពាក្យ​ស្នើ​សុំ​របស់​គាត់​ហ្នឹង​ » ។

លោក​ ជៀប សួរ ​បន្ថែម​ថា​ តាម​នីតិវិធី​ក្រោយ​ពេល​ដែល​ទទួលពាក្យ​សុំ ក្រសួង​នឹង​ពិនិត្យ​ទៅ​លើ​គុណ​សម្បត្តិ​ក្រុម​ហ៊ុន​ដែល​ត្រូវ​ចំណាយ​ពេល​៤៥​ថ្ងៃ​ដើម្បី​សម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត មុន​ពេល​ដែល​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ប្រេង​ ដែល​នៅ​ពេល​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ក្រុម​ហ៊ុន​នោះ​អាច​ទទួល​យក​កិច្ច​ព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល​ដែរ​ឬ​អត់។

ប្រធាន​ចលនា​មាតា​ធម្មជាតិ ​លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ថា​លោក​មិន​សូវ​មាន​ជំនឿ​ថា​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​រុករក​ប្រេង​នៅ​កម្ពុជា​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ លើស​ពី​នេះ​លោក​បារម្ភ​ពី​ការ​បំផ្លាញ​បរិស្ថាន​ និង​ផល​រង​គ្រោះ​របស់​ប្រជាពលរដ្ឋ​ពី​ការ​ស្វែង​រក​ប្រេងកាត​នេះ​ផង​ដែរ។

សកម្មជនអារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥(រួបថតដោយMonica Prieto)

លោក​ថា៖ « វិស័យ​រ៉ែ ឬ​ក៏​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា​ គឺ​អត់​មាន​តម្លាភាព​ អត់​មាន​គណនេយ្យ​ភាព​ពិត​ប្រាកដ​ទេ​! ប្រជាជន​ខ្មែរ​អត់​ដឹង​ទាល់​តែ​សោះ​អំពី​រឿង​ហ្នឹង​! តើ​រដ្ឋាភិបាល​បាន​ចំណូល​ប៉ុន្មាន? ក្រុមហ៊ុន​ហ្នឹង​បង់​ពន្ធ​ប៉ុន្មាន​ទេ? អាច​ថា​ដឹង​តែ​១​ភាគរយ​ ឯ៩៩ភាគ​រយ​ទៀត​ គឺ​របប​ផ្ដាច់​ការ​របស់​លោក​ ហ៊ុន សែន គឺ​លួចលាក់​ដោយ​ចេតនា​។ អា​ហ្នឹង ​ខ្ញុំ​បារម្ភ​មែន​ទែន ​ប្រសិន​ជា​ក្រុម​ហ៊ុន​ហ្នឹង​មក​រកស៊ី​នៅ​កម្ពុជា ​ហើយ​រកស៊ី​បែប​លួចលាក់​អត់​ប្រាប់​ប្រជាជន​ខ្មែរ​ មាន​តែ​ឃុបឃិត​គ្នា​ដោយ​អាថ៌កំបាំង​ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ ខ្ញុំ​យល់​ថា​ អាច​នឹង​មិន​សូវ​ចំណេញ​ចំពោះ​ប្រទេស​ជាតិ​ប៉ុន្មាន​ទេ » ។

បច្ចុប្បន្ន​ កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ស្វែង​រក​ប្រេង​កាត​ឈ្មោះ Krisenergy ស្វែង​រក​ប្រេង​ក្នុង​ប្លុក​A នៃ​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​ប្រមាណ​៣ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ជិត​ព្រំ​ប្រទល់​សមុទ្រ​ប្រទេស​ថៃ ដោយ​សង្ឃឹម​ថា ​ក្រុម​ហ៊ុន​នឹង​មាន​លទ្ធភាព​បូម​ប្រេង​ដំបូង​ក្នុង​ឆ្នាំ​នេះ ខណៈ​ក្រុម​ហ៊ុន​ពីរ​ទៀត​ដែល​ស្នើ​សុំ​រក​ប្រេង​ក្នុង​ប្លុក​C និង​D កំពុង​ស្ថិត​ក្នុង​ដំណាក់​នៃ​ការ​ចរចា​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ